គ្រួសារមួយ សង់ផ្ទះពីរុក្ខជាតិនៅគិរីរម្យ
- ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ម៉ោង ៦:៣០ នាទី ល្ងាច

កំពង់ស្ពឺ៖ នាយ យ៉ាន បានធ្វើដំណើរទៅលើភ្នំគិរីរម្យ ជាលើកទី៧។ នាយយ៉ាន បានជួបអ្នកស្រី ហេង ឌី ដែលលក់កម្រងផ្កាសម្រាប់អ្នកទេសចរស្ត្រីនៅលើរមណីយដ្ឋានភ្នំគិរីរម្យ។ អ្នកស្រីប្រាប់ នាយ យ៉ាន ថា អ្នកស្រីមិនបានរៀនសូត្រទេ ហើយមកលក់កម្រងផ្កានេះតាំងពីនាងនៅតូចម្លេះ។

អ្នកស្រី ហេង ឌី មិនបានទៅកាចផ្កាព្រៃ ដើម្បីក្រងឡើយ ប៉ុន្តែអ្នកស្រីយកផ្កាព្រៃដែលទើបជ្រុះធ្លាក់ពីមែកមកក្រងលក់តែប៉ុណ្ណោះ។ ទោះបីមិនបានយល់ដឹងអ្វីច្រើនពីការថែរក្សា ឬអភិរក្សក៏ដោយ ប៉ុន្តែអ្នកស្រី ឌី មិនបានកាត់ ឬកាប់រុក្ខជាតិ ដែលស្ថិតនៅក្នុងឧទ្យានជាតិសុរាម្រឹតកុសមៈគិរីរម្យ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ របរលក់កម្រងផ្កា ក៏មិនសូវមានដំណើរការល្អប៉ុន្មានដែរបច្ចុប្បន្ននេះ។ កម្រងផ្កាមួយតម្លៃពី ៥០០០រៀល ទៅ៨០០០រៀល។

រូបភាព នាយយ៉ាន
គ្រួសាររបស់អ្នកស្រី រស់នៅក្បែររង្វង់មូលនាគព័ន្ធ ដែលមានកូនៗពីរនាក់ ក្នុងផ្ទះមួយដ៏ចំលែក។ ស្វាមីរបស់អ្នកស្រី ឈ្មោះ យិន ប៊ុនធឿន ដែលបានសាងសង់ផ្ទះអំពីរុក្ខជាតិ។
លោក ប៊ុនធឿន មិនមែនជាមនុស្សព្រៃទេ។ គាត់ជាប្រជាការពារ។ យ៉ាងណា គាត់បានកសាងផ្ទះមួយខ្នង អំពីរុក្ខជាតិក្នុងព្រៃ។ គាត់អះអាងបានច្បាស់ថា ៖ «ផ្ទះនេះ ខ្ញុំធ្វើពីឈើបែកបាក់ ឈើងាប់ឃើញក្នុងព្រៃ។»
ប៊ុនធឿន មិនទៅកាប់ឈើទេ។ ការធ្វើរបៀបនេះជួយសម្អាតព្រៃ និងបង្ការកុំឱ្យអគ្គិភ័យឆេះ។ មើលទៅផ្ទះដែលទាក់ទាញភ្ញៀវទេសចរណ៍នេះ មានរាងមិនច្បាស់លាស់ ពីព្រោះសុទ្ធតែផ្កា ផ្សិត និងដើមផ្កា មិនថាលើជញ្ជាំង លើដំបូល លើរបងជំវិញ ឬលើខ្លោងទ្វារ ដែលធ្វើឱ្យពិបាកយល់ថា ជញ្ជាំង របង និងដំបូលនៅផ្នែកណា។
ដំបូងឡើយ លោក ប៊ុនធឿន រស់នៅភូមិដំរីផុង ក្នុងទីប្រជុំជន នៅលើភ្នំគិរីរម្យ។ យូរៗទៅ លោក ប៊ុនធឿន មានគំនិតកសាងផ្ទះមួយធ្វើពីរុក្ខជាតិឃើញក្នុងព្រៃឈើ។ ពេលដំបូង លោកប្រមូលឈើខ្លះៗនៅក្បែររង្វង់មូលនាគព័ន្ធ។ បន្ទាប់មក លោកឈូសឈើមួយចំនួន ដែលសល់ពីឈើគេបានបញ្ឆេះ និងសាងសង់ខ្ទមមួយ។ ថ្ងៃមួយ គាត់ចេញពីភូមិ មកនៅកន្លែងលក់ផ្កានេះជាមួយគ្រួសារ។ ផ្ទះនោះមាន៣បន្ទប់ ក៏ប៉ុន្តែលោក ប៊ុនធឿន មិនបញ្ឈប់ការសាងសង់ទេ។ គាត់បាន ពង្រីកផ្ទះ និងតុបតែងវា ដោយបន្ថែមរុក្ខជាតិគ្រប់មុខ គ្រប់ពណ៌ គ្រប់រាង លើផ្ទៃខាងក្រៅ ជាប្រចាំ។

រូបភាព នាយយ៉ាន
ថ្ងៃសំរាក ភ្ញៀវទេសចរ ច្រើនកុះករទៅថតរូបមុខផ្ទះផ្លែកៗនេះ ទាំងពាក់កម្រងផ្កាព្រៃ។ ទូទាំងពិភពលោកមានផ្ទះថ្មរ ដែលដាំស្មៅ ឬរុក្ខជាតិផ្សេងៗពីលើ ហើយក៏មានផ្ទះឈើ និងខ្ទមធ្វើពីធាតុធម្មជាតិ ក៏ប៉ុន្តែមិនសូវមានផ្ទះរស់នៅធ្វើពីរុក្ខជាតិដែលខ្លះនៅរស់។
ដើម្បីចូលក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ប្រជាពលរដ្ឋបរទេសត្រូវបង់ប្រាក់ ២០ ០០០ ៛។ សួនគិរីរម្យស្ថិតនៅឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ២៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៤៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: