ចាន់ វឌ្ឍនាកា ដាច់សរសៃ ACL ជើងឆ្វេង បន្ទាប់ពីដាច់សរសៃជើងស្តាំ កាលពីឆ្នាំ ២០២២
  • ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៥:៣៦ នាទី ល្ងាច
ចាន់ វឌ្ឍនាកា ដាច់សរសៃ ACL ជើងឆ្វេង បន្ទាប់ពីដាច់សរសៃជើងស្តាំ កាលពីឆ្នាំ ២០២២

សោកស្តាយ! ចាន់ វឌ្ឍនាកា រងបញ្ហារបួសដាច់សរសៃពួរជង្គង់ ACL ខាងឆ្វេង រួមទាំងបែក ទ្រនាប់ឆ្អឹងខ្ចីជង្គង់។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបបឹងកេត នៅថ្ងៃទី១៦ ខែមករា បន្ទាប់ពី អតីតកីឡាឆ្នើមក្រុមជម្រើសជាតិកម្ពុជារូបនេះ ទទួលការស្គែន MRI រួច។
TTN-Free-Banner-In-Article-PC
 
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមគោព្រៃកម្ពុជា ភ្លាត់ជង្គង់ និងត្រូវប្តូរចេញភ្លាមៗ អំឡុងការប្រកួតរវាងបឹងកេត ទល់កំពង់ចាម ពានរង្វាន់សម្តេចហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមករា។ 
 
ចាន់ វឌ្ឍនាកា ធ្លាប់រងរបួស ACL ម្តងរួចមកហើយ កាលពីឆ្នាំ ២០២២ ប៉ុន្តែនៅជើងខាងស្តាំ ក្រោយប៉ះទង្គិចជាមួយកីឡាករវិសាខា ក្នុងជំនួបបឹងកេត-វិសាខា នៃពានរង្វាន់ Prince Beer Pre-season Cup។
 
ក្រោយចេញលទ្ធផលស្គែន MRI ម្ចាស់អាវលេខ១១ ប្រចាំក្រុមបឹងកេត បានសរសេរលើផេកហ៊េសប៊ុករបស់ខ្លួនថា៖ «ជម្រាប ពុកម៉ែ អុំពូមីង យាយតា បងប្អូនទាំងអស់គ្នា គ្រប់យ៉ាងគឺត្រូវតែទទួលយកទោះជាលទ្ធផលបែបណាក៏ដោយ ខ្ញុំត្រូវទទួលបាននៅលទ្ធផលដល់អាក្រក់មួយគឺរងការដាច់សសៃពួរជង្គង់ខាងឆ្វេង (ACL) និង ដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus)។ អរគុណគ្រប់គ្នានូវការបារម្ភ និង ជូនពរមកកាន់ខ្ញុំ គ្រប់យ៉ាងគឺរង់ចាំការប្រជុំដើម្បីសម្រេចធ្វើតាមក្រុមគ្រូពេទ្យជំនាញ»៕

អ្នកសរសេរអត្ថបទ

មុំ ពិទូរ្យ ការីនិពន្ធព័ត៌មាន​កីឡា​។​ ​ ​​​

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

មុំ ពិទូរ្យ