ពលរដ្ឋចង់ឱ្យ ប.ស.ស បញ្ចូល «សេវាប្រឹក្សាយោបល់ផ្លូវចិត្ត» នៅក្នុងកញ្ចប់
  • ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ២:០៩ នាទី រសៀល
ពលរដ្ឋចង់ឱ្យ ប.ស.ស បញ្ចូល «សេវាប្រឹក្សាយោបល់ផ្លូវចិត្ត» នៅក្នុងកញ្ចប់

ភ្នំពេញ៖ យុវជន និងអ្នកជំនាញចិត្តសាស្រ្ត ជំរុញឱ្យបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ផ្ដល់សេវាឥតគិតថ្លៃ សម្រាប់អ្នកប្រើប្រាស់ ប័ណ្ណ ប.ស.ស លើផ្នែកប្រឹក្សាយោបល់ផ្លូវចិត្ត ស្របពេលអ្នកមានវិបត្តិផ្លូវចិត្តនៅកម្ពុជា ខ្ពស់ជាងគេនៅតំបន់អាស៊ាន​ ក្នុងរបាយកាណ៍ឆ្នាំ២០២៤។
TTN-Free-Banner-In-Article-PC
 
ការកើនឡើងនៃបញ្ហាសង្គម ដូចជា បញ្ហាចរាចរណ៍ និងគ្រោះថ្នាក់លើដងផ្លូវ, ឃាតកម្ម , ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសម្ពាធការងារ បានក្លាយជាកត្តាចម្បង ធ្វើឱ្យពលរដ្ឋ ប្រឈមនឹងភាពធុញថប់អារម្មណ៍ខ្លាំង នាពេលបច្ចុប្បន្ន។ 
 
កញ្ញា សុវណ្ណ ស្រីពេជ្រ ដែលជាអ្នកសារព័ត៌មាននៅខេមបូចា កំពុងរងនូវអារម្មណ៍ធុញថប់ ចំពោះបញ្ហាចរាចរណ៍ក្នុងទីក្រុង។ កញ្ញា គិតថា យុវជនដទៃទៀត ក៏ប្រហែលជាប្រឈមនឹងបញ្ហាថប់បារម្ភនេះដូចគ្នា ដោយសារជីវិតរស់នៅក្នុងទីក្រុង មានបញ្ហាប្រឈមច្រើន ជាពិសេសចរាចរណ៍កកស្ទះ និងចំណាយខ្ពស់។ 
 
ស្រីពេជ្រ យល់ឃើញថា ស្ថានភាពនេះទាមទារឱ្យមានការពង្រីកការផ្តល់សេវាប្រឹក្សាយោបល់ផ្លូវចិត្ត។ ប៉ុន្តែបញ្ហាចោទនៅត្រង់ថា ការស្វែងរកសេវាផ្លូវចិត្ត តម្រូវឱ្យពលរដ្ឋ ចំណាយខ្ពស់ បើសិនជាមិនមានវិភាគទានខ្លះ ពីភាគីរដ្ឋ ដូចជាកញ្ចប់សេវាសុខភាព ប.ស.ស។ 

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស។ រូបពី ហ្វេសប៊ុក លោក សុផាន់ណារិទ្ធ
 
សេវាប្រឹក្សាយោបល់ផ្លូវចិត្ត តាមរយៈ ប.ស.ស នឹងកាត់បន្ថយអ្នកមានវិបត្តិផ្លូវចិត្ត  
 
ស្រីពេជ្រ ក៏ស្ថិតក្នុងចំណោមអ្នកប្រើប្រាស់បណ្ណ ប.ស.ស និងបង់វិភាគទាន យ៉ាងទៀតទាត់ប្រចាំខែ។ យុវតីរូបនេះ សង្ឃឹមថា ប.ស.ស នឹងពង្រីកវិសាលភាពគ្របដណ្ដប់លើសេវាប្រឹក្សាយោបល់ផ្លូវចិត្តមួយទៀត នៅពេលខាងមុខ ដើម្បីឱ្យសមាជិក ប.ស.ស ទទួលបានផលប្រយោជន៍ និងកាត់បន្ថយការចំណាយលើសេវាពិគ្រោះយោបល់។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កញ្ញា សុវណ្ណ ស្រីពេជ្រ លើកឡើងបែបនេះ៖ «ប.ស.ស គួរតែបើកបញ្ចូលសេវាប្រឹក្សាយោបល់ផ្លូវចិត្តមួយទៀត វាជារឿងចំណេញ ព្រោះពលរដ្ឋ នឹងកាន់តែមានជឿទុកចិត្ត ចូលជាសមាជិក»។
 
ស្រីពេជ្រ បន្ថែមថា៖ «ពលរដ្ឋកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកសេវាប្រឹក្សាយោបល់ផ្លូវចិត្តតាមរយៈ ប.ស.ស ដោយប្រជាជនភាគច្រើន រួមទាំងអ្នកធ្វើការរដ្ឋ ឯកជន កម្មករ​រោងចក្រ សុទ្ធតែមាន ប.ស.ស»។ 
 
ទាក់ទិននឹងការស្វែងរកសេវាប្រឹក្សាយោបល់ផ្លូវចិត្តនៅកម្ពុជា អ្នកសារព័ត៌មានរូបនេះ សង្កេតឃើញថា វាមិនទាន់មានភាពទូលំទូលាយឡើយ ខណៈអ្នកមានវិបត្តិខ្លះ នៅតែមានភាពខ្មាសអៀន ហើយមិនចាត់ទុកជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ស្វែងរកសេវាប្រឹក្សាយោបល់។ 
 
រីឯ កញ្ញា តេង យ៉ាលីរ៉ូហ្ស៊ី ក៏យល់ឃើញស្រដៀងគ្នាដែរថា សេវាប្រឹក្សាយោបល់ផ្លូវចិត្តនៅកម្ពុជា មិនសូវទូលំទូលាយឡើយ។ អ្នកសារព័ត៌មានរូបនេះ យល់ថា ការផ្តល់សេវាប្រឹក្សានៅមានកម្រិត ដោយសារកត្តាផ្សព្វផ្សាយនៅតូចចង្អៀត។ បើតាមយុវតីរូបនេះ បច្ចុប្បន្នមានតែអង្គការមួយចំនួនតូចប៉ុណ្ណោះ ដែលបានផ្សព្វផ្សាយពីបញ្ហាប្រឹក្សាយោបល់ផ្លូវចិត្ត នៅតាមបណ្ដាញសង្គម។ 
 
កញ្ញា យ៉ាលីរ៉ូហ្ស៊ី ក៏ចង់ឃើញការដាក់បញ្ចូលសេវាប្រឹក្សាផ្លូវចិត្ត ក្រោមកញ្ចប់សុខភាព ប.ស.ស ដើម្បីជួយដោះស្រាយបញ្ហាផ្លូវចិត្តពលរដ្ឋ និងកាត់បន្ថយការចំណាយរបស់ពួកគេផង​ដែរ។ «ប.ស.ស ពុំគួរពន្យារទៀតទេ ក្នុងការបញ្ចូលសេវាប្រឹក្សាយោបល់ផ្លូវចិត្ត ដើម្បីបង្ការការកើនឡើង នៃអ្នកកើតវិបត្តិផ្លូវចិត្ត។ រដ្ឋត្រូវយកចិត្តទុកបញ្ហានេះ នៅពេលពលរដ្ឋពុំទាន់​ជួបបញ្ហាផ្លូវចិត្តកម្រិតធ្ងន់ ដែលជំរុញឱ្យមានបញ្ហាសង្គម កាន់តែស្មុគស្មាញ»។ យុវតីខាងលើបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។ 
 
កាលពីឆ្នាំ ២០២៤ Our World In Data បានបង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណ ១២ភាគរយ ឬស្មើជាង២លាននាក់ កំពុងមានបញ្ហាវិបត្តិផ្លូវចិត្ត។ ចំនួននេះ គឺខ្ពស់ជាងបណ្តាប្រទេសជា សមាជិកអាស៊ានដទៃទៀត ខណៈឡាវ ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីកម្ពុជា និងទី៣ ប្រទេសម៉ាឡេស៊ី។ 

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា យល់ស្របថា ការដាក់បញ្ចូលសេវាប្រឹក្សាផ្លូវចិត្តក្រោម ប.ស.ស នឹងជួយបន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដែលត្រូវការសេវាចាំបាច់នេះ។ 
 
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា។ 

«ខ្ញុំយល់ថា សេវាប្រឹក្សាយោបល់ផ្លូវចិត្ត ចាំបាច់ណាស់ត្រូវមានការគាំទ្រ។ បើសិនជាមានការបញ្ចូលតាមរយៈបេឡាជាតិសន្តិសុខសង្គមមែន វាជារឿងល្អមួយ» ។ នេះជាការលើកឡើងរបស់លោក សេធុល ដែលបានបន្ថែមថា វានឹងអនុញ្ញាតឱ្យប្រជាជន បុគ្គលិកក្រុមហ៊ុនឯកជន​ ឬមន្ត្រីរាជការក្តី សុទ្ធតែអាចទទួលបានសេវាផ្លូវចិត្តទាំងអស់គ្នា។ 
 
ពាក់ព័ន្ធនឹងការបន្ថយការចំណាយវិញ អ្នកជំនាញរូបនេះ មានប្រសាសន៍ថា កន្លងមកអតិថិជន ដែលស្វែងរកសេវាប្រឹក្សាផ្លូវចិត្ត ក៏បានត្អូញត្អែរខ្លាំងថា សេវាប្រឹក្សាយោបល់ផ្លូវចិត្ត មានតម្លៃខ្ពស់។ 
 
លោក សេធុល បន្ថែមថា ប្រទេសអាស៊ានជាច្រើន បានកំណត់ឱ្យសេវាប្រឹក្សាយោបល់ផ្លូវចិត្ត ស្ថិតក្រោមសេវាគាំពារសង្គមរួចហើយ។ ដូច្នេះហើយ កម្ពុជាគួរធ្វើបែបនេះ ដើម្បីឆ្លើយតប​នឹងតម្រូវការជាក់ស្តែង។ 
 
បើតាមអ្នកជំនាញរូបនេះ អ្នកមករកសេវាផ្លូវចិត្តកើនឡើងជាបន្តបន្ទាប់ ទោះជាសេវានេះមានតម្លៃខ្ពស់ក៏ដោយ។ «នេះគាត់ចាយលុយហោប៉ៅគាត់ផង គាត់នៅមករកសេវាយើង។ ក្រៅ​ពីពលរដ្ឋទូទៅ ខ្ញុំក៏ផ្តល់សេវាដល់សិស្សនៅសាលាច្រើនដែរ ដ្បិតសាលា គេយកចិត្តទុកដាក់ដោយចេញថ្លៃប្រឹក្សា ដើម្បីជួយដល់សិស្សគេ» ។ លោក សេធុល មានប្រសាសន៍ដូច្នេះ។ 
 
ពាក់ព័ន្ធនឹងការពង្រីកវិសាលភាព នៃកញ្ចប់សេវាសុខាភិបាល ដែលមិនទាន់មានក្នុង ប.ស.ស លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស ឆ្លើយតបថា វាចាំបាច់ត្រូវធ្វើឡើងដោយផ្អែកលើលទ្ធផល នៃការវិភាគស្ថានភាពហិរញ្ញវត្ថុជាមុនសិន។ ការធ្វើបែបនេះ ដើម្បីធានាបាននូវនិរន្តរភាព និងស្ថិរភាពមូលនិធិសន្តិសុខសង្គម ឱ្យស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច។ 
 
ទោះជា ប.ស.ស មិនទាន់មានបញ្ចូលសវាប្រឹក្សាផ្លូវចិត្តក៏ដោយ តែមន្ត្រីជំនាញរូបនេះ អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ថា អ្នកដែលមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ អាចទទួល​បានការព្យាបាល ក្រោមការធានារ៉ាប់រងដែរ។
 
«ប.ស.ស មានគ្របដណ្ដប់លើសេវាព្យាបាលជំងឺវិកលចរិត ស្ថិតនៅក្នុងប្រភេទជំងឺរ៉ាំរៃទាំង ១២មុខ ដែល ប.ស.ស. ធានារ៉ាប់រង តាមរយៈការផ្តល់ការព្យាបាលនៅតាមមូលដ្ឋាន សុខា​ភិបាលសាធារណៈ និងប្រើប្រាស់ឱសថសារវន្ត»។ លោក សុផាន់ណារិទ្ធ ពន្យល់ដូច្នេះ។ 
 
ប្រភេទជំងឺរ៉ាំរ៉ៃទាំង១២មុខ មានជំងឺខ្សោយបេះដូង សាច់ដុំបេះដូង រលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ រលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ តម្រងនោមរ៉ាំរ៉ៃ ក្រិនថ្លើម សរសៃឈាមក្រហមបេះដូង វិបត្តិចង្វាក់បេះដូង ក្រិនសរីរាង្គ វិកលចរិក លុយពុស និងតាឡាសសឺមី។ 
 
អគ្គនាយករង ប.ស.ស  បន្ថែមថា ប.ស.ស បន្តបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ដោយបានកំណត់ទិសដៅអាទិភាពមួយចំនួន ដូចជា ការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋាន អភិវឌ្ឍន៍ធនធានមនុស្ស និងបន្តធ្វើទំនើបកម្មស្ថាប័នជាដើម។ 
 
កម្ពុជា គួរមានគោលនយោបាយពាក់ព័ន្ធនឹងការផ្តល់សេវាប្រឹក្សាផ្លូវចិត្ត
 
មិនត្រឹមតែពង្រីកវិសាលភាព ប.ស.ស លើសេវាប្រឹក្សាផ្លូវចិត្តនោះទេ វាក៏ចាំបាច់មានការកំណត់លក្ខខណ្ឌជាក់លាក់ផងដែរ។ ដូច្នេះកម្ពុជា គួរកំណត់គោលនយោបាយពាក់ព័ន្ធនឹងការផ្តល់សេវាប្រឹក្សាផ្លូវចិត្តជាក់លាក់មួយ។ នេះបើតាមលោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា ។
 
អ្នកជំនាញរូបនេះ យល់ឃើញដូច្នេះ៖ «ជារួម យើងគួរតែមានគោលនយោបាយ ឬមានគោលការណ៍ណែនាំសិន។ បើសិនជារបបសន្តិសុខសង្គម យើងគួរមានសេវានេះ យើងអាចជជែកគ្នាថា យើងអាចកំណត់លក្ខខណ្ឌតម្រូវបែបម៉េច» ។ 
 
លោក  ហឿ សេធុល រៀបរាប់ថា ប្រជាជនកម្ពុជាបច្ចុប្បន្ន មិនទាន់មានលទ្ធភាពទទួលសេវានេះឡើយ ដែលវាទាមទារឱ្យមានការកំណត់តម្លៃ និងរយៈពេលនៃការផ្ដល់សេវាកម្មជាក់លាក់។ «ឧទាហរណ៍ សមាជិក ប.ស.ស ម្នាក់ អាចជួបជាមួយខ្ញុំ ជាអ្នកជំនាញត្រឹម ៥ ដង ក្រោមកញ្ចប់មួយ។ ធ្វើបែបនេះ យើងអាចទទួលយកបានទាំងអ្នកផ្តល់សេវា និងទាំងស្ថាប័ន ប.ស.ស ខ្លួនឯង»។ លោក សេធុល សង្កត់ធ្ងន់ដូច្នេះ។
 
លើសពីជួយសម្រាលបន្ទុកហិរញ្ញវត្ថុហើយ អ្នកជំនាញបញ្ហាផ្លូវចិត្តរូបនេះ បានពន្យល់ទៀតថា ការកំណត់គោលនយោបាយជាក់លាក់មួយ ក៏នឹងជួយជំរុញគុណភាពសេវាប្រឹក្សាផ្លូវចិត្តដូចគ្នា។ លោកពន្យល់បន្ថែមបែបនេះ៖ «បញ្ហាប្រឈមមួយដែលយើងឃើញ គឺគុណភាពនៃសេវាប្រឹក្សាផ្លូវចិត្ត ដ្បិតមានអ្នកខ្លះអះអាងថា គាត់ជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្ត ដោយគ្រាន់តែគាត់ធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលខ្លីៗ។ បើសិនជាមានលក្ខខណ្ឌកំណត់ត្រឹមត្រូវ យើងនឹងអាចជំរុញឱ្យសេវានេះ មានគុណភាពល្អ»៕ 

អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី