រដ្ឋមន្ត្រី៣រូប នឹងបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
រដ្ឋមន្ត្រី៣រូប នឹងបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលដាក់ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឱ្យរដ្ឋមន្ត្រីមុខងារសាធារណៈ រដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីកិច្ចការនារី អនុវត្តផែនការ។
TTN-Free-Banner-In-Article-PC
 
ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨ ជាផែនការ ដែលមានចក្ខុវិស័យលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបញ្ហានិងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ ប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ នេះបើតាមប្រកាសអន្តរក្រសួងស្ដីពីផែនការខាងលើ ដែលដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៦ធ្នូ ឆ្នាំ២០២៤ ហើយរដ្ឋាភិបាលទើបបង្ហាញលិខិតនេះនាពេលថ្មីៗនេះ ក្នុងឆ្នាំ២០២៥។ 
 
នៅក្នុងផែនការយុទ្ធសាស្រ្តបង្កើនចំនួនស្ត្រីនៅថ្នាក់ក្រោមជាតិ មានរដ្ឋមន្រ្តីចំនួន៣រូប ក្នុងនោះមាន លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ, លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជាអ្នកអនុវត្ត។ 
 
ការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការបង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ ព្រមទាំងអនុវត្តតួនាទី ភារកិច្ច និងសក្តានុពលរបស់ខ្លួនឈានទៅពង្រឹង ការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ។ នេះបើតាមការពន្យល់របស់ លោក ទូច សុឃៈ អ្នកនាពាក្យក្រសួងមហាផ្ទៃ ។
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា យុទ្ធសាស្ត្រ៤ចំណុចធំៗ ដើម្បីសម្រេចគោលដៅបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានទី១ ការរៀបចំ និងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញនិងលើកទឹកចិត្តដល់ស្រ្តី។ យុទ្ធសាស្រ្តទី២ ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាស្ត្រី នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ យុទ្ធសាស្រ្តទី៣ ការបង្កើនបរិយាកាស មេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងបំពេញការងារ និងយុទ្ធសាស្រ្តទី៤ ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 
 
សូមជម្រាថា កាលពីឆ្នាំ ២០១៧-២០១៩ រដ្ឋក៏មានផែនការបង្កើនចំនួនស្ត្រីនៅថ្នាក់ក្រោមជាតិដែរ ដោយបានបន្តមកដល់ឆ្នាំ២០២២។ ជាលទ្ធផល ស្ត្រីត្រូវបានតែងតាំងនៅក្នុងរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងជួរគណៈអភិបាលយ៉ាងតិច១រូប។ 
 
គិតចាប់ពីឆ្នាំ២០១៦ ដល់២០២២ ស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី-ខេត្ត មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងនាយកទីចាត់ការ កើនឡើង២៨រូប (ឆ្នាំ ២០១៦ មានស្ត្រី៤៨រូប ដល់ឆ្នាំ២០២២ មានចំនួន ៧៦រូប)។ ចំណែក ស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងប្រធានការិយាល័យ ដោយកើនឡើងពី៣៩០រូប ពោលក្នុងឆ្នាំ២០១៦ មាន៣៧៦រូប ហើយកើនដល់
៧៦៦រូប នៅឆ្នាំ២០២២ ៕ 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី