ក្រសួងបរិស្ថាន នឹងចាត់វិធានការលើរោងចក្រ ដុតកម្ទេចក្រណាត់និងស្បែកផលិតកាបូប
- ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ម៉ោង ១១:២៩ នាទី ព្រឹក

កម្មកររោងចក្រកាត់ដេរ។
ភ្នំពេញ៖ ក្រសួងបរិស្ថាន ហាមមិនឱ្យក្រុមហ៊ុនរោងចក្រ សហគ្រាស និងសិប្បកម្ម យកសំណល់កម្ទេចក្រណាត់ និងសំណល់ស្បែកសត្វ សល់ពីការផលិតស្បែកជើង កាបូប រួមទាំងសម្ភារផ្សេងៗទៀត ទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធកាត់បន្ថយសារធាតុបំពុលខ្យល់ឡើយ។ នេះបើតាមការជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី១៧មករា។

ការដុតសំណល់ មិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស បានបណ្តាលឱ្យមានការបញ្ចេញសារធាតុបំពុលចូល ទៅក្នុងបរិយាកាស។ ជាពិសេស មិនអនុលោមទៅតាមស្តង់ដារកំណត់ ស្ដីពី ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលនាំឱ្យគុណភាពខ្យល់មានការប្រែប្រួល អាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
ដូច្នេះ ក្រសួងបរិស្ថានឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់ការយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទទៅដុតក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។
ក្រសួងបានព្រមានបែបនេះ៖ «ករណីក្រសួងបរិស្ថានរកឃើញថា មានការបន្តយកកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្ម ទៅដុតនៅក្នុងឡចំហាយ ឡកំដៅ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្រសួងនឹងមានវិធានការ តាមច្បាប់ជាធរមាន ចំពោះម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដោយមិនមានការលើកលែង»។
ជាមួយគ្នាដែរ ក្រសួងណែនាំ ឱ្យរោងចក្រ សហគ្រាស ត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែង ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: