ជាងគំនូរពិការដៃសងខាងលោក សុខចាន់ ទទួលបានផ្ទះមួយល្វែង ពី សម្ដេច ប៊ុន រ៉ានី
- ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:៣២ នាទី រសៀល

លោក សុខចាន់ ដែលមានពិការភាពដៃទាំងសងខាង ទទួលបានអំណោយ និងជួបជជែកជាមួយ អភិបាលរាជធានីភ្នំពេញ។ រូបពី រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក សល់ សុខចាន់ ដែលមានពិការភាពដៃទាំងគូពីកំណើត ទទួលបានអំណោយផ្ទះមួយល្វែង សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថវិកា៣លានរៀល ពី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោក សល់ សុខចាន់ បានទទួលអំណោយពីថ្នាក់ដឹកនាំនេះ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចុះទៅជួបលោក ដោយផ្ទាល់ នៅថ្ងៃទី១៨ មករានេះ។
លោក សុខចាន់ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)ថា៖ «ខ្ញុំបានទទួលអំណោយផ្ទះមួយល្វែង នៅខណ្ឌព្រែកព្នៅ ពីសម្ដេច និងថវិកា រួមទាំងគ្រឿងបរិភោគ។ អាជ្ញាធរ ក៏ផ្ដល់ទីតាំងមួយគូររូបនៅម្ដុំវត្តភ្នំដែរ ហើយអនុញ្ញាតឱ្យគូររូបនៅកន្លែងចាស់ដដែលបាន»។
កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅម្ដុំសួនច្បារវិមានឯករាជ្យ ហាមមិនឱ្យលោក សុខចាន់ បន្តមុខរបរគូររូបលក់នៅទីតាំងនោះឡើយ។ ទង្វើរបស់អាជ្ញាធរនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង។ តែយ៉ាងណាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានផ្ដល់ទីតាំងសម្រាប់គូររូបមួយកន្លែង ឱ្យយុវជនខាងលើដែរ គឺម្ដុំវត្តភ្នំ។
យុវជនរូបនេះ សម្រេចចិត្តថា លោកគូររូបនៅម្ដុំវត្តភ្នំ នៅពេលព្រឹក និងពេលថ្ងៃរសៀល ហើយដល់ពេលល្ងាច លោកទៅគូររូបនៅសួនច្បារវិមានេករាជ្យ។
បុរសវ័យ២៤ឆ្នាំមកពីខេត្តបាត់ដំបងរូបនេះ បានរៀនពីការគូរគំនូរតាមយូធូប ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ សុខចាន់ អាចអង្គុយគូររូប ២ឆ្នាំមកហើយ។ ការគូរគំនូរនេះ អាចឱ្យលោក សុខចាន់ រកប្រាក់ចំណូលពី ៣ទៅ៤ម៉ឺនរៀល ជារៀងរាល់ថ្ងៃ ។ ចំណូលទាំងនេះ បានជួយដោះទាល់គ្រួសារបានខ្លះៗផងដែរ៕
Relate
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: