ក្បាល​ចាក់​ឌីសបុរាណ និងឌីស​ដែល​​ថត​នៅយុគសម័យ​មាស​នៃតន្ត្រីខ្មែរ មានតាំងលម្អនៅ ហាង​កាហ្វេ TEMPLE
  • ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៨:១៩ នាទី យប់
ក្បាល​ចាក់​ឌីសបុរាណ និងឌីស​ដែល​​ថត​នៅយុគសម័យ​មាស​នៃតន្ត្រីខ្មែរ មានតាំងលម្អនៅ ហាង​កាហ្វេ TEMPLE

ភ្នំពេញ៖ ក្បាល​ចាក់​ថាស​ចាស់១គ្រឿង ជាមួយ​ថាស​៣​គ្រាប់ ត្រូវ​បាន​គេ​ដាក់​តាំង​លម្អ នៅ​ជាន់ក្រោម នៃសាខា​ហាង​កាហ្វេ TEMPLE នៃ​វិថី​ឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់​បឹង​កេងកង ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ។ ក្បាល​ចាក់​ឌីស ​​ត្រូវ​បាន​ផលិត​ក្នុងដើម​​​ទស​វត្សរ៍១៩៨០ ហើយឌីស​ទាំង៣ ​ត្រូវ​បាន​ថត​កាល​ពី​យុគសម័យ​មាស​ នៃ​ចម្រៀង​ខ្មែរ​។
TTN-Free-Banner-In-Article-PC
ក្បាល​ចាក់ថាស ​ជា​ម៉ាក VICTOR ប្រភេទ Solid State។ វាមាន​ពណ៌​ខ្មៅ​ ខណៈ​ស្រោមថាស​សុទ្ធ​តែ​ពណ៌ស្រស់ៗវិញ។ ​​​​​​​​​ឌីសទាំង​៣នេះ ​មាន​ទទឹង​ត្រឹម ​៣០​សង់ទីម៉ែត្រ។ បើ​ចាក់ វា​វិល​៣៣ជុំ ​ក្នុង​មួយនាទី តាម​ស្តង់ដារ​សម័យ​មុន។ ថាសទាំង៣ ​មក​ពី​ផលិតកម្ម DIAMOND records ហើយ​មាន​ចំណងជើង​ថា កម្រងអនុស្សាវរីយ៍​​អតីតកាល។ មាន​ភាគ១ (លេខ​កូដវ៉ុល១ : D-1601) ភាគ២ (លេខកូដវ៉ុល២ : D-1602) និង​ភាគ៤ (លេខកូដវ៉ុល៤ : D-1702)។ មាន​អ្នក​ចម្រៀង​ដូច​ជា លោក ស៊ីន ស៊ីសាមុត កញ្ញា រស់ សេរីសុទ្ធា និងកញ្ញា ប៉ែន រ៉ន។ ក្នុង​នោះបទ​ចម្រៀង​ដែល​ល្បី​ជាងគេ​គឺ រាំ​អាហ្គោហ្គោ។ ពាក្យ​បារាំង à gogo ជា​គ្រាមភាសា មាន​ន័យ​ថា ​ច្រើន​តាម​ចិត្ត។ តាម​ទីផ្សារ​វត្ថុ​បុរាណ​ថាស​ កម្រងអនុស្សាវរីយ៍​​អតីតកាល មួយមាន​តម្លៃ​​ជាង ១០០ ០០០ រៀល។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ ៖
 
 
​តាំងពីដើមមក មាន​មនុស្ស​ដែល​លេងភ្លេង​​។ កាល​ពី​បុរាណ​កាល គេ​ប្រើ​សំឡេង​ខ្លួនឯង គេ​ទាក់ដៃ គោះថ្ម ឬ​ឈើ។ ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បានបង្កើតម៉ាស៊ីនថតសំឡេងមុនគេបង្អស់។ ឆ្នាំ១៨៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់សំឡេងដំបូងគេ​។ នៅក្នុងឆ្នាំ១៨៩៦ នៅប្រទេស​អ៊ីតាលី លោក MARCONI Guglielmo បង្កើត​ប្រដាប់​មួយសម្រាប់​ទទួល​សំឡេង​ នៃ​វិទ្យុ​គម​នាគមន៍ ដើម្បី​ផ្ទុក​សំឡេង។ រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធថាសតូចជាង : ៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍១៩៨០។
 

ឆ្នាំ​១៩៦៣ ក្រុមហ៊ុន​អឺរ៉ុប PHILIPS បង្កើត​កាស៊ត។ កាលពី​ដំបូង មិនទាន់​មាន​ម៉ាញ៉េ ដើម្បី​ថត​សំឡេងក្នុង​កាស៊ែត​ទេ មាន​តែ​ដើម្បី​ស្ដាប់​ប៉ុណ្ណោះ។ បង្កើត​ម៉ាញ៉េ​ហើយ គេ​ផ្គុំ​ម៉ាញ៉េ និង​​វិទ្យុ​ជា​មួយ​គ្នា ធ្វើជាវត្ថុ​តែ​មួយ។ នៅ​ប្រទេស​ខ្មែរ នៅ​តែ​មាន​លោក​អាចារ្យ​វ័យ​ចំណាស់​មួយ​ចំនួន ដែល​បន្ត​ប្រើ​កាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន​ PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែល​ជា​អ្នក​បង្កើត ត្រឹម​ឆ្នាំ​១៩៧៩។ វា​ពេញ​និយម ​នា​ទសវត្សរ៍​១៩៩០ និង២០០០។ នា​ពេល​បច្ចុប្បន្ន​ គេ​បែរ​ទៅលែង​​ប្រើ​វត្ថុផ្ទុក​សំឡេង​តែ​ម្ដង វា​ក្លាយ​ទៅ​ជា​ទិន្នន័យ​សុទ្ធ​។
 


ពាក្យ​ ឌីស ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង (disque) ដែល​មាន​ន័យ​ថា ថាស។
 
ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជាមួយ​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រាសាទ។ ពី​ដំបូង​​យីហោ​នេះ មានតែ​នៅ​ក្រុង​សៀមរាបប៉ុណ្ណោះ ពីព្រោះវត្ថុ​បុរាណ​ សម​នឹង​ប្រាសាទ​បុរាណ ដែល​មាន​ចំនួន​២០០ នៅ​ឯ​អង្គរ។ បន្ទាប់ពី​​ជំងឺ​កូវីដ​បាន​ផ្ទុះ​ឡើង ក៏​មាន​ហាង TEMPLE នៅ​រាជធានី​ភ្នំ​ពេញ​​​​ដែរ ដែលបច្ចុប្បន្នមានដល់ទៅ៣ទីតាំង។
 
Relate: 
 


 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន