យុវជនខ្លះ កំពុងបំផ្លាញអក្សរសាស្រ្តខ្មែរ ដោយមិនដឹងខ្លួន?
  • ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៥:០៥ នាទី ល្ងាច
យុវជនខ្លះ កំពុងបំផ្លាញអក្សរសាស្រ្តខ្មែរ ដោយមិនដឹងខ្លួន?

ភ្នំពេញ៖ «ខ្ញុំ» មិនមែនសរសេរ«ញុម ឬ ញុំ» ទេ។ «ធ្វើ» ក៏មិនមែន« ធើ ឬ ថ្វើ» នោះដែរ។ យុវជនខ្លះ កំពុងបំផ្លាញអក្សរសាស្រ្តខ្មែរ ដោយមិនដឹងខ្លួន ដែលនាំឱ្យប៉ះពាល់ដល់តម្លៃអក្សរសាស្រ្តជាតិ។
TTN-Free-Banner-In-Article-PC

«​អក្សរសាស្ត្រ​រស់ ជាតិរស់​»​ ។ អក្សរសាស្រ្ត គឺជាវិជ្ជាអក្សរ ឬក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរឱ្យបានត្រឹមត្រូវក្នុងភាសាណាមួយ ។ ជាពិសេសបង្ហាញមនោសញ្ចេតនា ទស្សនៈនិងកត់ត្រាទុកជាប្រវត្តិ ដោយរៀបចំតែងពាក្យពេចន៍ឱ្យបានពិរោះ ធ្វើឱ្យអ្នកអានជក់ចិត្ត ។ អក្សរសាស្រ្ត គឺជាមែងធាងនៃវប្បធម៌ជាតិ។ អក្សរសាស្រ្ត អាចឱ្យយើងមើលឃើញការរស់នៅរបស់មនុស្សនៅក្នុងសង្គមណាមួយ។ អក្សរសាស្រ្ត គឺជាអត្តសញ្ញាណជាតិដ៏ផូរផង់។
 
ប៉ុន្តែបច្ចុប្បន្ននេះ យុវជនមួយចំនួន កំពុងបំផ្លាញអក្សរសាស្រ្តខ្មែរ ដោយមិនដឹងខ្លួន តាមរយៈការប្រើប្រាស់ភាសានិយាយមិនច្បាស់លាស់ យកមកសរសេរលាយឡំគ្នា។ យុវជនខ្លះ ចូលចិត្តនិយាយពាក្យ«ញុម ឬញុំ» ជំនួសឱ្យពាក្យថា «ខ្ញុំ» ឬពាក្យថា « ធើ» ជំនួសឱ្យពាក្យថា«ធ្វើ»ជាដើម ។ ពួកគេតែងតែសរសេរចេញមកបែបនេះ នៅលើបណ្ដាញសង្គម។
 
ចំណែកយុវជនខ្លះទៀត ចូលចិត្តសរសេរអក្សរឡាតាំង ជំនួសឱ្យពាក្យខ្មែរណាស់ ដូចជាពាក្យ ស្រលាញ់ ទៅជា «Srolanh ឬ Slanh» , ដើរលេង ទៅជា «Derleng» , ចូលចិត្ត ទៅជា «Jol Jit» ជាដើម។ បើសរសេរពាក្យឡាតាំងនេះ សម្រាប់សម្គាល់ឈ្មោះទីតាំង ហាងលក់ទំនិញ ព្រឹត្តិការណ៍ ឬកម្មវិធីសម្ដែងណាមួយ នោះវាមិនមែនជាបញ្ហាចោទទេ ។ ប៉ុន្តែបើយកមកប្រើប្រាស់សម្រាប់សរសេរ ឬទំនាក់ទំនងគ្នា ក្រោមរូបភាពណាមួយនោះ វានឹងជះផលអាក្រក់ដល់សង្គម ជាពិសេសប៉ះពាល់ដល់តម្លៃអក្សរសាស្រ្តជាតិ។ 
 
ទាំងនេះ មិនទាន់រាប់បញ្ចូលការសរសេរខុសអក្ខរាវិរុទ្ធជាច្រើនទៀត ដូចជាពាក្យថា «រសជាតិ» បែរសរសេរទៅជា «រស់ជាតិ», ពាក្យ «ចរិត» បែរសរសេរទៅជា «ចរិក» , ពាក្យ រង់ចាំ បែរជាសរសេរ«រងចាំ»ទៅវិញ។

ត្រង់ចំណុចនេះ ប្រាកដជាមានមតិលើកឡើងថា ពាក្យខ្មែរច្រើនអនេក តើធ្វើដូចម្ដេចអាចសរសេរបានត្រឹមត្រូវទាំងអស់? វាប្រាកដជាគ្មាននរណាម្នាក់សរសេរពាក្យខ្មែរ ត្រឹមត្រូវទាំងអស់នោះទេ ប៉ុន្តែវាទាមទារឱ្យយើង ចូលរួមការពារ និងប្រុងប្រយ័ត្នក្នុងការសរសេរទាំងអស់គ្នា តាមរយៈការត្រួតពិនិត្យពាក្យពេចន៍ និងអក្សរខ្មែរ។ ការត្រួតពិនិត្យពាក្យពេចន៍នេះ គឺយើងម្នាក់ៗ ត្រូវប្រើប្រាស់វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ធ្វើជាគោលរួម ជាពិសេសសម័យបច្ចេកវិទ្យានេះ គឺយើងអាចទាញ(Download) យកមកប្រើក្នុងទូរសព្ទដៃ។ ដូច្នេះមុនពេលសរសេរពាក្យណាមួយ ដែលយើងគិតថា មិនចេះច្បាស់នោះ ត្រូវបើកវចនានុក្រម ស្វែងរកពាក្យនោះភ្លាម ដោយមិនត្រូវសរសេរពាក្យណាមួយ យោងតាមភាសានិយាយក្នុងតំបន់មូលដ្ឋាន ឬតាមការនឹកឃើញរបស់ខ្លួនឡើយ។ បន្ថែមពីនេះ យើងម្នាក់ៗ ត្រូវអាន និងសរសេរផ្ទាល់ដៃឱ្យបានច្រើន ដើម្បីជាជំនួយដល់សំណេរផង និងការស្គាល់ យល់ដឹងពីពាក្យខ្មែរកាន់តែច្រើនផង ។
 

ចំណែកក្រុមប្រឹក្សាជាតិភាសាខ្មែរ​នៃរាជបណ្ឌិត្យសភា ក៏បានខិតខំរៀបចំបង្កើត និងរៀបចំពាក្យថ្មីៗ ជាពិសេសភាសាបច្ចេកទេសនៅក្នុងច្បាប់ សេដ្ឋកិច្ច នយោបាយ វប្បធម៌ ការទូត ទេសចរណ៍ និងសង្គម ដែលវិវត្តន៍តាមស្ថានភាពសម័យកាល និងកាលៈទេសៈជាក់ស្ដែង នៅក្នុងបរិបទសង្គម។ ទាំងអស់នេះ សុទ្ធសឹងជាមូលដ្ឋានគ្រឹះសម្រាប់ពលរដ្ឋគ្រប់រូប អាចយកពង្រឹងសំណេរ និងពាក្យពេចន៍ ក៏ដូចជាអក្ខរាវិរុទ្ធ កុំឱ្យមានកំហុសធ្ងន់ធ្ងរ ដែលនាំឱ្យបាត់បង់តម្លៃអក្សរសាស្រ្តជាតិ។
 
សរុបមកពលរដ្ឋគ្រប់រូប ជាពិសេសយុវជន ត្រូវការពារ និងលើកស្ទួយអក្សរសាស្រ្តជាតិយើង តាមរយៈការពង្រឹងសមត្ថភាពយល់ដឹងរបស់ខ្លួន ព្រោះបុព្វបុរស ដូនតាយើង បានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារ និងថែរក្សាអក្សរសាស្ត្រជាតិនេះ សម្រាប់មនុស្សជំនាន់ក្រោយ។ ជាក់ស្ដែង នាសម័យក្រោមអាណាព្យាបាលបារាំង ពលរដ្ឋខ្មែរគ្រប់រូប ត្រូវបានគេបង្ខំឱ្យបោះបង់ចោលអក្សរសាស្រ្តជាតិខ្លួន ហើយសិក្សាស្វែងយល់ពីអក្សរបារាំង និងក្រេបជញ្ជក់វប្បធម៌របស់ពួកគេ។ ប៉ុន្តែដូនតាខ្មែរជំនាន់នោះ សុខចិត្តតតាំងប្រឆាំងនឹងទង្វើរបស់ពួកអាណាព្យាបាលបារាំងទាំងនោះ ដើម្បីការពារ និងថែរក្សាតម្លៃអក្សរសាស្រ្តខ្មែរ មិនឱ្យបាត់បង់ រហូតមកដល់សព្វថ្ងៃនេះ។
 
ម្យ៉ាងទៀត ដើម្បីពង្រឹងអក្សរសាស្រ្តជាតិខ្មែរនោះ ក្រុមអ្នកស្រលាញ់អក្សរសាស្រ្តខ្មែរ ដោយមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំការប្រកួតសរសេរតាមអាន «សំណេរអង្គរ» ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ កម្មវិធីសំណេរអង្គរ លើកទី២នេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយមានបេក្ខជនចូលរួមប្រកួតសរសេរតាមអានជាង១​ ២០០នាក់ ចាប់ពីអាយុ៦ឆ្នាំ​ ដល់៨១ឆ្នាំ រួមទាំងព្រះសង្ឃផងដែរ។ «សំណេរអង្គរ» លើកទី១ បានរៀបចំនៅខែមករា ឆ្នាំ២០២៤។
 
ដូច្នេះបើយុវជន ដែលជាទំពាំងស្នងឫស្សី មិនត្រូវបន្តសរសេរពាក្យខ្មែរ ទៅជាអក្សរឡាតាំងទៀតនោះទេ ព្រោះវានឹងធ្វើឱ្យជាតិសាសន៍ដទៃយល់ច្រឡំ ដែលនាំឱ្យបាត់បង់អត្តសញ្ញាណនៃអក្សរសាស្ត្រជាតិខ្មែរឡើយ។ យុវជនគួរតែបញ្ឈប់សកម្មភាពបែបនេះ៕
 
 

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា