អាជ្ញាធរក្រចេះ ព្រមានចាត់វិធានការលើអាជីវករ ដែលស្ទាក់ឡានភ្ញៀវ នៅរមណីយដ្ឋានទឹកជួរកាំពី​
  • ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៣៩ នាទី ល្ងាច
អាជ្ញាធរក្រចេះ ព្រមានចាត់វិធានការលើអាជីវករ ដែលស្ទាក់ឡានភ្ញៀវ នៅរមណីយដ្ឋានទឹកជួរកាំពី​
អាជ្ញាធរខេត្តក្រចេះ ណែនាំអាជីវករលក់នៅរមណីយដ្ឋានទឹកជួរកាំពី។ រូបពី មន្ទីរទេសចរណ៍

ភ្នំពេញ៖ អាជ្ញាធរខេត្តក្រចេះ ព្រមានចាត់វិធានការលើអាជីវករ ដែលឈរស្ទាក់ឡានភ្ញៀវទេសចរ គ្មានសណ្ដាប់ធ្នាប់ នៅរមណីយដ្ឋានទឹកជួរកាំពី​ ។ ការព្រមាននេះ ធ្វើឡើងក្រោយមានវីដេអូបែកធ្លាយលើបណ្ដាញសង្គម ពីសកម្មភាពអាជីវករជាច្រើនរូប ឈរស្ទាក់ឡានអ្នកដំណើរយ៉ាងអនាធិបតេយ្យ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តក្រចេះ។
TTN-Free-Banner-In-Article-PC
លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និងលោកចាន់ សុគន្ធី ប្រធានមន្ទីរ​ទេសចរណ៍ខេត្ត​ រួមជាមួយអាជ្ញាធរមូលដ្ឋាន ស្រុកចិត្របុរី​ បានជួបប្រជុំ និងណែនាំក្រុមអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ឱ្យឈប់ធ្វើសកម្មភាពឈរស្ទាក់ឡានហៅភ្ញៀវតទៅទៀត។ 
 
ករណីមិនគោរពតាមការណែនាំ​ អាជ្ញាធរបានព្រមានបិទអាជីវកម្មរបស់ពួកគេ។ អាជ្ញាធរខេត្តក្រចេះបានព្រមានបែបនេះថា៖ «ក្រុមអាជីវករណា ដែលមិនគោរពតាមការណែនាំ អាជ្ញាធរខេត្ត នឹងដកឈ្មោះ​ មិនឱ្យប្រកបអាជីវកម្មបន្តឡើយ»។ 
 
ចំណែកគណៈកម្មការ​គ្រប់គ្រងរមណីយដ្ឋាន ក៏បានណែនាំបន្ថែមដល់អាជីវករទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្ម​ និងផលិតផល។ គណៈកម្មការ បានសង្កត់ធ្ងន់ថា អាជីវករ ត្រូវផ្ដោតលើការរៀបចំសេវាកម្ម និងបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសើរ ដោយមិនត្រូវបក់ដៃ​ ឬអូសដៃភ្ញៀវ ចូលកន្លែងអាជីវកម្មខ្លួន ដោយគ្មានសណ្ដាប់ធ្នាប់ឡើយ។ គណៈកម្មការ​គ្រប់គ្រងរមណីយដ្ឋាន ណែនាំឱ្យអ្នកលក់ដូរ ត្រូវតែមានភាពស្មោះត្រង់​ រួសរាយរាក់ទាក់ រក្សាអនាម័យ។ លើសពីនេះ ត្រូវរៀបចំបញ្ជីមុខម្ហូប​ និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ។ 
 
 
ថ្មីៗនេះ ភ្ញៀវទេសចរបានបង្ហោះវីដេអូលើបណ្ដាញសង្គម ពីក្រុមអាជីវករនៅរមណីយដ្ឋានទឹកជួរកាំពី​ ឈរស្ទាក់រថយន្ត តាមដងផ្លូវសាធារណៈ​យ៉ាងអនាធិបតេយ្យ។ ករណីនេះ បង្កការរំខានដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរលើដងផ្លូវ។ លើសពីនេះ ត្រូវបានមហាជនរិះគន់ ក្រុមអាជីវករ ដែលមិនមានសណ្ដាប់ធ្នាប់ ក្នុងការបម្រើសេវាកម្មដល់ភ្ញៀវ ដែលចូលទៅកម្សាន្តនៅតំបន់នោះ៕ 
 
 
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី