សមត្ថកិច្ច ឃាត់ជនសង្ស័យ៥នាក់ ដែលក្លែងខ្លួនជាសមត្ថកិច្ច ជំរិតទារប្រាក់
- ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:០៦ នាទី រសៀល

ជនសង្ស័យក្លែងខ្លួនជាសមត្ថកិច្ច។ រូបពី ហ្វេសប៊ុកលោក អេង ហ៊ី
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៥រូប ដែលស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាម លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវអត្តសញ្ញាណ ហើយកំណត់បានមុខសញ្ញាច្បាស់លាស់ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ៥នាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧មករា ។
ការស៊ើបអង្កេតខាងលើធ្វើឡើងក្រោយសមត្ថកិច្ច ទទួលដំណឹងថា មានមន្ត្រីកងរាជអាវុធហត្ថ៥នាក់ បានឆែកឆេររថយន្ត និងបានចោទជនរងគ្រោះថា ដឹកទំនិញខុសច្បាប់ ដោយក្នុងនោះ មានម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញជាដើម ។ ជនសង្ស័យទាំងនោះ បានគំរាមទារប្រាក់ពីជនរងគ្រោះ៣០០០ដុល្លារ។
ករណីជងរងគ្រោះ មិនឱ្យប្រាក់ទៅជនសង្ស័យដែលក្លែងខ្លួនជាសមត្ថកិច្ចទេនោះ ពួកគេនឹងចាប់ខ្លួនជនរងគ្រោះ ហើយរឹបអូសរថយន្ត និងម៉ាស៊ីនផ្សព្វផ្សាយល្បែង ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ជនរងគ្រោះ ក៏ប្រគល់លុយ៣០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យ។
លោក អេង ហ៊ី បានបញ្ជាក់ថា៖ «លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្របសម្រួលនីតិវិធី ហើយសមត្ថកិច្ចក៏ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន»។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យហើយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
កន្លងមក ក្រុមរបស់ជនសង្ស័យខាងលើនេះ ក៏ធ្លាប់បានគំរាមយកប្រាក់ពីជនរងគ្រោះ ជាជនជាតិចិន និងជនជាតិខ្មែរ ប្រមាណ១ម៉ឺនដុល្លារផងដែរ នៅទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់ លោក អេង ហ៊ី។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពាវនាវដល់មហាជនឱ្យរាយការណ៍ទៅសមត្ថកិច្ច ក្នុងករណីសង្ស័យ មានការក្លែងខ្លួនជាសមត្ថកិច្ចដូចករណីខាងលើ ដើម្បីឱ្យសមត្ថកិច្ចទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសទាន់ពេលវេលា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: