លោក គីម កុក៖ ពួកគាត់ផ្តល់កិត្តិយស និងរុញខ្ញុំឱ្យចូលទី១០០គីឡូម៉ែត្រមុន
- ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:៥៣ នាទី រសៀល

លោក សំអឿន និងលោក កាណែល កាន់ទង់ជាតិ រត់តាមពីក្រោយ កុង គីម ពេលទៅដល់ទីដែលលើសពី១០០គីឡូម៉ែត្រ។ រូបថត Bibpix
«ការពិតនៅតែជាការពិត។ ពួកគាត់ផ្តល់កិត្តិយស និងរុញខ្ញុំឱ្យចូលទីមុន»។ នេះជាការបញ្ជាក់របស់លោក គឹម សារឿន ហៅ គីម កុក ដែលបានទទួលជ័យលាភីលេខ១ក្នុងចំណោមអត្តពលិកកម្ពុជា លើវិញ្ញាសារត់ចម្ងាយ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail កាលពីថ្ងៃទី១៨ ខែមករា។ សមត្ថភាពគឺជារឿងមួយ ប៉ុន្តែអ្វីដែលអ្នករត់ដ៏ល្បីល្បាញ វ័យជាង៥០ឆ្នាំរូបនេះ បានលើកឡើងនោះ គឺការផ្តល់កិត្តិយសពីសំណាក់ដៃគូររត់ពីរនាក់ទៀត។


ចេញពីទីលានជល់ដំរី ឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ តាមព្រៃធម្មជាតិនៃបរិវេណរមណីយដ្ឋានអង្គរ បណ្តាប្រាង្គប្រាសាទ ភ្នំបូក វាលស្រែ និងផ្ទះពលរដ្ឋ ហើយបន្តវិលទៅកាន់ទីតាំងដើមវិញ លោក គឹម សារឿន, លោក ជុំ សំអឿន និងលោក ណុច កាណែល ស្ថិតក្នុងដំណើររួមគ្នាក្នុងរយៈពេលជាង១៣ម៉ោង។
នៅតាមផ្លូវ អ្នករត់ Ultra-Trail ទាំងបីរូប បានសន្យាថា រត់ឆ្លងចូលទីជាមួយគ្នា។ លោក គីម កុក ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «សំអឿន បានទៅកៀកទីតាំងបញ្ចប់ទីមុន ប៉ុន្តែគាត់បានឈរចាំខ្ញុំ។ ខ្ញុំស្ថិតនៅលេងរៀងទីពីរ ដោយមាន កាណែល តាមពីក្រោយ។ ក្រោយមកពួកគាត់ក៏បានរុញខ្ញុំឱ្យចូលទីមុន»។

តាមលទ្ធផលដែលផ្តល់ភ្លាមៗដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ Angkor Ultra-Trail (UTA) លោក គឹម សារឿន បានប្រើថិរវេលា ១៣:១២:៥៧ ដោយលោក ជុំ សំអឿន តាមពីក្រោយ២វិនាទី។ លោក ណុច កាណែល ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ សម្រាប់កីឡាករក្នុងស្រុក ជាមួយនឹងថិរវេលា១៣:១៣:០១។
«ពួកគាត់ក្មេងៗ បានផ្តល់កិត្តិយសដល់ខ្ញុំជាមនុស្សចាស់ ចូលទីបានមុន»។ នេះជាការបញ្ជាក់របស់កីឡាករដែលគេនិយមហៅថា «កុង គីម» ចំពោះសន្តានចិត្តរបស់កីឡាករ សំអឿន និងកាណែល ក្នុងព្រឹត្តិការណ៍កីឡារួមគ្នាដើម្បីសកម្មភាពសប្បុរសធម៌។

សម្រាប់លោក កុង គីម ចំណាត់ថ្នាក់ មិនមែនជារឿងចម្បងនោះឡើយ សំខាន់គឺការរត់រួមគ្នាដោយសប្បាយចិត្ត និងការពង្រឹងចំណងមិត្តភាព។ នៅលើហ្វេសប៊ុករបស់ខ្លួន លោក សំអឿន ក៏បានលើកឡើងផងដែរពីស្មារតីរួមគ្នារវាងអ្នករត់ ភាពជាបងប្អូន ការគោរពស្រឡាញ់ និងការរួបរួមដើម្បីកម្ពុជា។
លទ្ធផលនេះ បាននាំឱ្យ លោក គីម កុក ស្ថិតក្នុងចំណោម Top10 ហើយបន្តក្លាយជាកីឡាករក្នុងស្រុកដែលបានបញ្ចប់ទី១០០គីឡូម៉ែត្រមុនគេរយៈពេល២ឆ្នាំជាប់គ្នាក្នុងព្រឹត្តិការណ៍ Angkor Ultra-Trail។

សម្រាប់ជ័យលាភីរួមនាឆ្នាំ២០២៥ន កីឡាកររុស្ស៊ី Bloshenko Evgeny បានចំណាត់ថ្នាក់លេខ១ជាមួយនឹងថិរវេលា ៩:២៣:៣៦ តាមពីក្រោយដោយកីឡាករបារាំង Bondue Maxime (៩:៥០:៣៧) និងកីឡាករសិង្ហបុរី Feng Wei (១០:៤២:១៤)។
ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ នៅថ្ងៃទី១៨ ខែមក នៅតំបន់អង្គរ មានអ្នកចូលរួមសរុប ១៧២០នាក់ មកពី ៥០ប្រទេស។ ក្នុងនោះចំណោមអ្នករត់ទាំងនោះ កម្ពុជា និងបារាំង មានចំនួនអ្នកចូលរួមច្រើនជាងគេ។ ព្រឹត្តិការណ៍នេះ មានវិញ្ញាសារត់ដូចជា ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ៕
ប្រភពរូបថតទាំងអស់ https://bibpix.net/angkor2025

អ្នកសរសេរអត្ថបទ
លោក អ៊ឹង ចំរើន (Ung Chamroeun) មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: