វិស័យអប់រំ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់«ប្រាក់រៀល»
  • ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ ​​ ម៉ោង ៧:០០ នាទី ល្ងាច
វិស័យអប់រំ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់«ប្រាក់រៀល»

ភ្នំពេញ៖ រួមគ្នាប្រើប្រាស់ «ប្រាក់រៀល» ឱ្យបានទូលំទូលាយ មិនត្រឹមតែផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែថែមទាំងបង្ហាញអំពីមោទនភាពជាតិខ្មែរ និងខ្លួនឯងចំពោះរូបិយវត្ថុ។ នេះការលើកឡើងរបស់លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមើលឃើញថា វិស័យអប់រំ គឺរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់«ប្រាក់រៀល»ឱ្យបានទូលំទូលាយក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។
TTN-Free-Banner-In-Article-PC
 
ដើម្បីឈ្វេងយល់ពីប្រធានបទនេះកាន់តែច្បាស់សូមលោក-អ្នក ទស្សនាការចាក់ផ្សាយវីដេអូសម្ភាសរវាង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាមួយ កញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានសេដ្ឋកិច្ច នៃសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នៅក្នុងកម្មវិធី«ឈ្វេងយល់ពីប្រាក់រៀល» ដូចតទៅ៖
 
 
គុណតម្លៃប្រាក់រៀល​
 
ប្រើប្រាស់«ប្រាក់រៀល» លើកតម្កើងជាតិ និងលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀល កសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។ ក្នុងន័យសេដ្ឋកិច្ច ការចរាចរប្រាក់រៀលកាន់តែច្រើននឹងធ្វើឱ្យធនាគារជាតិ នៃកម្ពុជា មានលទ្ធភាពកាន់តែពេញលេញក្នុងការជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
 
២ទសវត្សរ៍ចុងក្រោយ ទំហំនៃការចរាចរប្រាក់រៀលក្នុងទីផ្សារកម្ពុជា មានកំណើនជាលំដាប់ជាមធ្យម ១៥ភាគរយក្នុងមួយឆ្នាំ។ ការណ៍នេះ បានបង្ហាញឱ្យឃើញពីរឹងមាំ​របស់ប្រាក់រៀល ដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវបន្តរួមគ្នាជំរុញការប្រើប្រាស់លុយជាតិឱ្យបានកាន់តែទូលំទូលាយ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ជាពិសេសជាមួយធនាគារជាតិ ក្នុងការនាំកម្ពុជាចាកចេញពីប្រទេសដុល្លារូបនីយកម្ម។ 
 
បើតាមលោក គង់ សំនៀង នៅពេលដែលពលរដ្ឋរួមគ្នាប្រើប្រាស់ប្រាក់រៀលបានទូលំទូលាយ គឺមិនត្រឹមតែផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែថែមទាំងបង្ហាញអំពីមោទនភាពជាតិខ្មែរ និងខ្លួនឯងចំពោះរូបិយវត្ថុ។ ក្នុងកម្មវិធី«ឈ្វេងយល់ពីប្រាក់រៀល» ប្រធានសហព័ន្ធសេវាអប់រំ​បានបញ្ជាក់យ៉ាងដូច្នេះ ៖ « នៅពេលយើងប្រើប្រាស់ប្រាក់រៀល គឺយើងបានបង្ហាញអំពីមោទនភាពជាតិខ្មែរ  យើងបង្ហាញអំពីមោទនភាពទៅលើខ្លួនឯង​...។ ដូច្នេះ យើងដែលជាកោសិការបស់ប្រទេសជាតិ ត្រូវធ្វើយ៉ាងណាស្វែងយល់ពីប្រាក់រៀល ហើយជួយជំរុញលុយជាតិឱ្យកាន់តែមានតម្លៃ»។ 
 
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា 

ក្នុងនាមជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង នឹងព្យាយាមរៀបចំសិក្ខសាលាសម្រាប់សមាជិកទាំង១២០សាលារៀន ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃប្រាក់រៀល និងផលប្រយោជន៍ដ៏សម្បូរបែបនៅពេលដែលយើងប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន។  
 
ប្តូរទម្លាប់ពីការចាយដុល្លារ មកចាយលុយជាតិវិញ 
 
នៅតាមសាលារៀនឯកជន ជាពិសេសសាលារៀននៅរាជធានីភ្នំពេញ ភាគច្រើនគឺទូទាត់ថ្លៃសិក្សា​ និងបៀវត្សបុគ្គល រួមទាំងការចំណាយនានាផ្នែករដ្ឋបាល គឺប្រើប្រាស់ជាប្រាក់ដុល្លារ។ ប៉ុន្តែបច្ចុប្បន្ន មានសាលារៀនមួយចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់លុយបរទេស ងាកមកប្រើលុយវិញផងដែរ។
 
សាលាសហគមន៍២១​​ ដែលជាសមាជិក​សហព័ន្ធសេវាអប់រំនៅកម្ពុជា កំពុងដើរតួនាទីជាគម្រូយ៉ាងល្អក្នុងការលើកកម្ពស់ការប្រើប្រាស់លុយជាតិ។ បើតាមលោក គង់ សំនៀង​ សព្វថ្ងៃថ្លៃសិក្សានៅសាលារៀនសហគមន៍២១ ទាំង៩សាខានៅរាជធានីភ្នំពេញ-ខេត្តមួយចំនួន គឺផ្តោតលើការប្រើប្រាស់ប្រាក់រៀលជាគោល។ 
 
សម្រាប់សាលារៀន វ៉េស្ទឡាញន៍ (Westline) ក៏មានគម្រោងជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសាលារៀនខ្លួនឯងផងដែរ។ លោក គង់ សំនៀង​ ដែលជាអគ្គនាយករង នៃ Westline Education Group បានបញ្ជាក់ថា៖ « សាលារៀន វ៉េស្ទឡាញន៍ កំពុងសិក្សាលទ្ធភាពពីការប្រើប្រាស់ប្រាក់រៀលនេះ។ យើង នឹងរុញបៀវត្សរបស់បុគ្គលិកទាំងអស់ ទៅជាលុយរៀល ក៏ដូចថ្លៃសិក្សា យើងទទួលយកវិញក៏ជាលុយរៀលដែរ។​​ យើងមានផែនការបែបនេះ នាថ្ងៃអនាគត»។ 
 
ដោយឡែក សាលារៀនឯកជនប្រមាណ១២០ទៀត ដែលជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា​ លោកគង់ សំនៀង នឹងជជែកពិភាក្សាក៏ដូចជំរុញសាលារៀនទាំងនោះឱ្យចូលរួមលើកកម្ពស់លុយជាតិ​ ដោយលោកជឿជាក់ថា នៅពេលមានប្រាក់រៀលមានតម្លៃ វានាំឱ្យការផលិតក្នុងស្រុកមានតម្លៃ នឹងបន្តនាំឱ្យសេដ្ឋកិច្ចក្នុងស្រុកកាន់តែរីកចម្រើនល្អប្រសើរ។ នៅពេលសេដ្ឋកិច្ចក្នុងស្រុករីកចម្រើន នឹងធ្វើឱ្យជីវភាពពលរដ្ឋ​កាន់តែល្អ ហើយពួកគាត់មានលទ្ធភាពបង់ថ្លៃសិក្សាឱ្យកូននៅតាមសាលារៀនឯកជននានា។ 
 
សម្រាប់លោកប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា គឺមើលមិនឃើញពីបញ្ហាប្រឈមក្នុងវិស័យអប់រំលើការជំរុញការប្រើប្រាស់ប្រាក់រៀលឡើយ។ ប៉ុន្តែ វាទាមទារឱ្យស្ថាប័ននីមួយៗចាប់ផ្តើមប្តូរទម្លាប់ពីការប្រើប្រាស់លុយដុល្លារ  មកប្រើលុយជាតិវិញ។ « តាមពិត វាចាប់ផ្តើមពីស្ថាប័នទាំងមូល តើស្ថាប័ននោះ ផ្លាស់ប្តូរទម្លាប់យ៉ាងម៉េច​? បើឥឡូវ ១កាស ១សេន គាត់គិតជាដុល្លារ គឺគាត់គិតជាដុល្លារហើយ ទម្លាប់គាត់គិតជាដុល្លារវាស្រួល។ អ៊ីចឹង! វាចាប់ផ្តើមពីផែនការរៀបចំហិរញ្ញវត្ថុប្រចាំឆ្នាំ​ ហើយបើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ យើងគិតជាដុល្លារៗហើយ វាស្រួល។ ប៉ុន្តែ ទៅមុនទៅ យើងចាប់ផ្តើមប្តូរទម្លាប់បែបហ្នឹ​ង​ ដោយផែនការប្រចាំរបស់ឆ្នាំរបស់យើង នឹងប្តូរទៅជាលុយរៀល»។ នេះជាការរៀបរាប់របស់លោក គង់ សំនៀង ដែលបានអះអាងថា ៖ « បើតម្លៃសិក្សាជាលុយរៀលហើយ នោះយើងអាចចេញតម្លៃចំណូល-ចំណាយផ្សេងៗជាលុយរៀលដែរ។ អ៊ីចឹង! យើងប្តូរទម្លាប់ពីបែបនេះទៅវិញ ដោយប្តូរពីទម្លាប់មកប្រើប្រាស់ប្រាក់រៀលយើងវិញ ត្បិតពិបាកវាបន្តិចមែន ប៉ុន្តែការពិបាកនេះ វាធ្វើឱ្យកើនមោទនភាពជាតិ កើនភាពឯករាជ្យម្ចាស់ការសម្រាប់ប្រទេសកម្ពុជាយើងដែលមានរូបិយវត្ថុដែលមានតម្លៃ​»៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន