Angkor Ultra-Trail៖ អ្នករត់កម្ពុជាលេចធ្លោខ្លាំងលើចម្ងាយ៤២, ៦៤ និង១០០គីឡូម៉ែត្រ
  • ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៤ នាទី រសៀល
Angkor Ultra-Trail៖ អ្នករត់កម្ពុជាលេចធ្លោខ្លាំងលើចម្ងាយ៤២, ៦៤ និង១០០គីឡូម៉ែត្រ

ស្ត្រី២នាក់ស្ថិតជាប់ជ័យលាភីលើចម្ងាយ១០០គីឡូម៉ែត្រ, បុរស២នាក់ឈ្នះនាំមុខលើចម្ងាយ៦៤គីឡូម៉ែត្រ, ម្ចាស់មេដាយមាសស៊ីហ្គេម ឈន ប៊ុនថន បានលេខ២លើចម្ងាយ៤២គីឡូម៉ែត្រ, ឪពុក និងកូនបានជ័យលាភី រួមទាំងកំណត់ត្រាផ្សេងៗលើចម្ងាយ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។ ទាំងនេះ គឺជាជោគជ័យដែលសម្រេចបានដោយអ្នករត់កម្ពុជា នាព្រឹត្តិការណ៍ Angkor Ultra-Trail (UTA) លើកទី៨ កាលពីថ្ងៃទី១៨ ខែមករា កន្លងមក។
TTN-Free-Banner-In-Article-PC
Ultra-Trail ១០១,១គីឡូម៉ែត្រ
លើវិញ្ញាសា Ultra-Trail ចម្ងាយឆ្ងាយ១០០គីឡូម៉ែត្រ កីឡាការិនី យន់ សោភ័ណ្ឌ និងកីឡាការិនី ណម ចំណាន ទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ផ្នែកនារី ដោយប្រដេញតាមពីក្រោយកីឡាការិនីឆែក Alena Skrkova។ តាមលទ្ធផលដែលផ្តល់ដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ UTA កីឡាការិនីឆែក Alena ប្រើថិរវេលា ១៤:៥១:៣៤ ខណៈកីឡាការិនី យន់ សោភ័ណ្ឌ បញ្ចប់ទីក្នុងថិរវេលា១៦:១១:២៣ ហើយតាមពីក្រោយដោយកីឡាការិនី ណម ចំណាន តែ១វិនាទីប៉ុណ្ណោះ។
 
 

កីឡាការិនី៤រូបទៀត រួមមាន រិន ស្រីប្រាក់ ហៅ ជីហ្គិច, រិទ្ធិ មុនិតា ហៅស្រីនាត, លី សុភ័ក្រ និងឡាយ ស្រីរ័ត្ន សុទ្ធតែបញ្ចប់ទី១០០គីឡូម៉ែត្ររបស់ខ្លួន ដោយជោគជ័យ ខណៈ កីឡាការិនី ហេង ចិន្តា បានប្រឹងប្រែងរត់រហូតដល់៦៤គីឡូម៉ែត្រ បើទោះបីជាមានបញ្ហាសុខភាព មុនប្រកួតក៏ដោយ។
 
សម្រាប់ផ្នែកបុរស កីឡាកររុស្ស៊ី Evgeny Bloshenko, កីឡាករបារាំង Maxime Bondue និងកីឡាករសិង្ហបុរី Feng Wei ជាម្ចាស់ចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣។ អ្នករត់ជើងចាស់ដ៏ឆ្នើមរបស់កម្ពុជា លោក គឹម សារឿន ហៅ គីម កុក ស្ថិតក្នុងចំណាត់ថ្នាក់ Top 10 ដោយទទួលពានជាកីឡាករម្ចាស់ស្រុក រួមជាមួយលោក ជុំ សំអឿន និងណុច កាណែល។
 
 

សម្រាប់វិញ្ញាសា១០០គីឡូម៉ែត្រដែលមានអ្នកចូលរួមជាង១២០នាក់នេះ អ្នករត់កម្ពុជាសរុបរហូតដល់ទៅ២៣នាក់ ស្ថិតក្នុងចំណោមកីឡាករកំពូល៥០នាក់ (Top50) ដែលបានឈានទៅកាន់ទីផ្តាច់ព្រ័ត្រ ក្នុងនោះក៏មានស្ត្រី៣នាក់ផងដែរ គឺសោភ័ណ្ឌ, ចំណាន និងស្រីប្រាក់។

Bayon Trail ៦៤,២គីឡូម៉ែត្រ
ងាកទៅវិញ្ញាសា Bayon Trail ចម្ងាយ៦៤គីឡូម៉ែត្រវិញ ម្ចាស់ចំណាត់ថ្នាក់លេខ១ និងលេខ២ គឺជាកីឡាករកម្ពុជា ដោយកីឡាករ ភេម ផាច ស្ថាបនិកក្រុម S R Angkor Runner Team ដែលជាម្ចាស់ទឹកដីនៃខេត្តសៀមរាបផ្ទាល់ ប្រើថិរវេលា ០៦:៣០:០៣ តាមពីក្រោយដោយកីឡាករ ថាន់ វណ្ណថា ជាមួយនឹងថិរវេលា ០៦:៣១:00។ កីឡាករប៉ូឡូញ Michal Zdunek បានលេខ៣ ដោយចំណាយពេល ០៦:៣២:១៤។
 
 

សម្រាប់នារីវិញ ស្ថាបនិកក្រុមរត់ SheRuns កញ្ញា អេង មុយងីម ទទួលបានចំណាត់ថ្នាក់លេខ២ (០៧:៣៨:០១) បន្ទាប់ពីកីឡាការិនីអាម៉េរិក Fraser Amanda (០៦:៥៨:១១) និងនាំមុខកីឡាការិនីលេខ៣ពីបារាំង Thevenet Claire (០៧:៥០:៥២)។
 
 

ក្នុងវិញ្ញាសា៦៤គីឡូម៉ែត្រ ដែលមានអ្នកចូលរួមប្រមាណ១០០នាក់នេះ អ្នករត់កម្ពុជារហូតដល់ទៅ១៥នាក់ ស្ថិតក្នុងចំណោមអ្នកទៅដល់ទី៣០នាក់ដំបូង។
 
Marathon Trail ៤២,២គីឡូម៉ែត្រ
ចំពោះវិញ្ញាសា Marathon Trail ចម្ងាយ៤២គីឡូម៉ែត្រ ម្ចាស់មេដាយមាសស៊ីហ្គេមចម្ងាយ៨០០ម៉ែត្រ ឆ្នាំ២០២៣ ឈុន ប៊ុនថន ទទួលបានចំណាត់ថ្នាក់លេខ២ ដោយប្រើថិរវេលា ០៣:៥៨:០២។ លេខ១ និងលេខ៣ បានទៅលើកីឡាករពីបារាំង គឺ Stephan Samuel (០៣:៤២:២៤) និង Beal Damien (០៣:៥៩:៤៥)។
 
 

ចំពោះនារី ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ បានទៅលើកីឡាការិនីបារាំងទាំងអស់ គឺ Lindrme Daphne, Touset Carole និង Petit Mathilde។ កីឡាការិនីខ្មែរ ដែលទទួលបានលទ្ធផលល្អជាងគេ គឺ កីឡាការិនី ស្លូត រីដា ដោយប្រើថិរវេលា ០៥:៣៤:៥២។
 
ក្នុងវិញ្ញាសាដែលមានអ្នកចូលរួមប្រមាណ២០០នាក់នេះ អ្នករត់ពីបារាំង ទទួលបានចំណាត់ថ្នាក់ខ្ពស់ៗច្រើនជាងគេ តែទោះបីជាយ៉ាងណាក៏ដោយ អត្តពលិកម្ចាស់ស្រុកជិត៥០នាក់ ក៏បានទៅដល់ផ្តាច់ព្រ័ត្រដោយជោគជ័យផងដែរ។
 
Jungle Trail ៣២,៤គីឡូម៉ែត្រ
ក្នុងវិញ្ញាសា Jungle Trail ៣២គីឡូម៉ែត្រ កីឡាករវៀតណាម Ho Van Binh ជាប់ចំណាត់ថ្នាក់លេខ១ ដោយនាំមុខកីឡាករ២រូបពីរុស្ស៊ី គឺ Strelkov Oleg និង Atakov Alkesandr។ ពៅ ឡៃហ៊ាង ជាកីឡាករ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមកីឡាករកម្ពុជា និងលេខ១១លើចំណាត់ថ្នាក់រួម ជាមួយនឹងថិរវេលា ០៣:០៤:៣០។
 
សម្រាប់នារីវិញ លេខ១ បានលើកីឡាការិនីសិង្ហបុរី Rice April, លេខ២ កីឡាការិនីដាណឺម៉ាក Holm Reimer Kia និងលេខ៣ កីឡាការិនីបារាំង Gilles Daphne។ ជាមួយនឹងថិរវេលា ០៣:១៤:៥៥ កីឡាការិនី ជុំ ប៉ូលីន ធ្វើបានល្អជាងគេក្នុងចំណោមកីឡាការិនីកម្ពុជា និងជាម្ចាស់ចំណាត់ថ្នាក់លេខ៤ ផ្នែកនារី។
 
 

ក្នុងការប្រកួតដែលមានអ្នកចូលរួមប្រមាណ១៥០នាក់ អ្នករត់កម្ពុជាជាង៣០នាក់ បានទៅដល់ទៅដោយជោគជ័យ។ បើជ្រុលគិតទៅដល់មនុស្ស៧០នាក់ដំបូង ស្មេរអត្ថបទនេះផ្ទាល់ (អ៊ឹង ចំរើន) ក៏មានឈ្មោះផងដែរ ដោយប្រើថិរវេលា ០៤:២៣:៥០ រីឯអ្នកកាសែត២រូបទៀតនៃសារព័ត៌មានឌីជីថលថ្មីៗ គឺកញ្ញា អ៊ូ សុខមាន ប្រើពេល ០៤:៤៦:១៥ និងលោក គឹម មករា ដែលមានបញ្ហាសុខភាពចំណាយពេល ០៦:១០:១៨។ កញ្ញា លុយ សិរីរក្សា អតីតអ្នកយកព័ត៌មាន Cambodianess ប្រើថិរវេលា ០៥:៤៩:៥៦។
 
Temple Run ១៨គីឡូម៉ែត្រ
ចំពោះវិញ្ញាសានេះ លទ្ធផលបណ្តោះអាសន្ន បានបង្ហាញពីឈ្មោះ និងលេខសម្គាល់ ដែលមិនឯកភាពគ្នាសម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ហើយសាម៉ីខ្លួនក៏មិនមានវត្តមាននោះដែរនាពិធីទទួលពានរង្វាន់។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករបារាំង Faivre Patrick និងលេខ៣ បានលើកីឡាករហូឡង់ T.Hoen Dennis។ កីឡាករកម្ពុជា តាំង សឹកសាង ដែលបានប្រើថិរវេលា ០១:២៩:១៤ ទទួលបានពានចំណាត់ថ្នាក់លេខ៤។
 
 

រីឯចំណាត់ថ្នាក់នារីវិញ កីឡាការិនីអង់គ្លេស Williams Paisley បានលេខ១ និងមិត្តរួមសញ្ជាតិ Ramsay Catriona បានលេខ២ ហើយជ័យលាភីលេខ៣ គឺកីឡាការិនីបារាំង Boutineau Amandine។ ក្នុងចំណោមអ្នករត់ប្រមាណ៣០០នាក់ កីឡាករ និងកីឡាការិនីកម្ពុជា ប្រមាណ៨០នាក់ សុទ្ធតែបញ្ចប់ទីដោយជោគជ័យផងដែរ។
 
ដើរកាន់ឈើច្រត់ Nordique Walk ១៨គីឡូម៉ែត្រ
វិញ្ញាសាថ្មីនេះ មានអ្នកចូលរួមតែជាង២០នាក់ប៉ុណ្ណោះ។ សម្រាប់ផ្នែកបុរស លេខ១បានទៅលើកីឡាករបារាំង Favret Patrick, លេខ២ កីឡាករថៃ Chaengnoi Somboon និងលេខ៣ កីឡាករបារាំង Maradan Nicolas ដោយមិនមានវត្តមានកីឡាករខ្មែរឡើយ។
 
ផ្នែកនារីវិញ កីឡាការិនីបារាំងទាំង៣រូប គឺជាម្ចាស់ជ័យលាភី ដែលរួមមាន Pollet de Robiillard Celi, Thulliez Mariette និង Madaule Melanie។ រីឯកីឡាការិនីកម្ពុជា ដែលសម្រេចបានថិរវេលាល្អជាងគេ គឺ មាស ច័ន្ទលក្ខិណា ដោយទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមស្ត្រី។
 
Elephant Trail ៨គីឡូម៉ែត្រ
វិញ្ញាសាចម្ងាយខ្លីនេះ មានអ្នកចូលរួមប្រមាណ៣០០នាក់ ដោយចំនួនជាងពាក់កណ្តាលគឺជាពលរដ្ឋខ្មែរ។ កីឡាករអាម៉េរិក Lowe Matt បានលេខ១ ក្នុងថិរវេលា ០០:៣៤:២៨, កីឡាករអាល្លឺម៉ង់ Sonntag Niklas បានលេខ២ ក្នុងថិរវេលា ០០:៣៨:៥២។ កីឡាករវ័យក្មេងកម្ពុជា តាំង ប៊ុនហេង បានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងថិរវេលា ០០:៣៩:២៨។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ប៊ុនហេង គឺជាកូនប្រុសរបស់លោក សឹកសាង ជ័យលាភីលេខ៤វិញ្ញាសា Temple Run។
 
 

សម្រាប់ចំណាត់ថ្នាក់នារីវិញ លេខ១ បានលើកីឡាការិនីហូឡង់ Krau Saskia (០០:៤១:៣៥), លេខ២ បានលើកីឡាការិនីអាហ្សង់ទីន Martinez Agustina (០០:៤៤:២៦) និងលេខ៣ បានលើកីឡាការិនីអៀរឡង់ Lii Sarah (០០:៤៤:៣០)។ កីឡាការិនីកម្ពុជាប្រមាណ៧០នាក់ ក៏បានបញ្ចប់ទីដោយជោគជ័យផងដែរ។
 
 

ផ្តួចផ្តើមឡើងដោយលោក Jean-Claude Le Cornec អ្នកជំនាញរត់ចម្ងាយឆ្ងាយជនជាតិបារាំង និងជាអ្នកស្ថាបនិកអង្គការ SDPO (Sports Development and Performance Organisation) និងក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន Phoenix Voyages ព្រឹត្តិការណ៍ Angkor Ultra Trail បានក្លាយជាកម្មវិធីរត់ចម្ងាយឆ្ងាយប្រចាំឆ្នាំដោយគិតចាប់តាំងពីឆ្នាំ២០១៦មក។ ការចូលរួមរបស់ពលរដ្ឋខ្មែរ មានចំនួនកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រឹត្តិការណ៍លើកទី៨នាឆ្នាំ២០២៥នេះ គឺជាជោគជ័យដ៏ធំធេង ដោយអ្នករត់កម្ពុជា ទទួលបានជ័យលាភី ស្ទើរគ្រប់ប្រភេទវិញ្ញាសា៕
 
ប្រភពរូបថត៖ Bibpix.net

អ្នកសរសេរអត្ថបទ

លោក អ៊ឹង ចំរើន  (Ung Chamroeun) មានកំណើតនៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប  ខ្ញុំចូល​​ប្រឡូក​ក្នុងវិស័យ​សារព័ត៌មាន​ចាប់តាំងពី​ឆ្នាំ​២០០៣មក នៅពេល​ដែល​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤នៅ​វិទ្យាស្ថានភាសាបរទេសផ្នែក​ភាសា​បារាំង នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញ​សារព័ត៌មាន និងទេសចរណ៍។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុឹង ចំរើន