ម្ចាស់មេដាយមាសអូឡាំពិកដំបូងរបស់ថៃ ជាប់គុក៣ឆ្នាំ ពីបទប៉ុនប៉ងរំលោភក្មេងស្រី១៧ឆ្នាំ
- ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

កីឡាករប្រដាល់ Somluck Kamsing ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិកដំបូងគេរបស់ថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគា ៣ឆ្នាំ ១ខែ និង១០ថ្ងៃ ពីបទចាប់ពង្រត់កុមារ និងប៉ុនប៉ងរំលោភក្មេងស្រី វ័យ១៧ឆ្នាំ។ Somluck នឹងប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោស។ តុលាការខេត្ត Khon Kaen ប្រទេសថៃ យល់ព្រមដោះលែងអតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះឱ្យនៅក្រៅឃុំ ដោយបង់ប្រាក់ ៩ពាន់ដុល្លារ។

Kamsing វ័យ ៥២ឆ្នាំ ត្រូវបានពលរដ្ឋថៃ ចាត់ទុកជាវីរបុរសសម្រាប់ប្រទេសពួកគេ តាមរយៈការដណ្តើមបានមេដាយមាសកីឡាប្រដាល់សកលទម្ងន់ស្រាល ក្នុងព្រឹត្តិការណ៍អូឡាំពិកអាតាឡង់តា សហរដ្ឋអាម៉េរិក ឆ្នាំ ១៩៩៦ និងជាមេដាយមាសអូឡាំពិកដំបូងរបស់ថៃ។
បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៣ ខែមករា តុលាការខេត្ត Khon Kaen បានរកឃើញថា Kamsing មានទោសពីបទចាប់ពង្រត់កុមារយកទៅធ្វើបាប និងប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់។ ជុំវិញបទចោទនេះ តុលាការបានសម្រេចកាត់ទោសអតីតកីឡាករមួយថៃ រូបនេះឱ្យជាប់គុករយៈពេល ៣ឆ្នាំ ១ខែ និង១០ថ្ងៃ។ Kamsing បានបដិសេធការចោទប្រកាន់នេះ។

ករណីនេះបានចាប់ផ្តើមពីពាក្យបណ្តឹងរបស់ក្មេងស្រី អាយុក្រោម ១៨ឆ្នាំ ដែលបានប្តឹងកាលពីខែធ្នូ ឆ្នាំ ២០២៣ ដោយចោទ Kamsing ថាបានរំលោភនាងក្នុងសណ្ឋាគារមួយក្នុងខេត្ត Khon Kaen។ បើតាមសមត្ថកិច្ច ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពី Kamsing និងក្មេងស្រីរងគ្រោះបានជួបគ្នានៅបារមួយកន្លែង ហើយបន្តនៅទីនោះរហូតដល់ម៉ោង៣ទៀបភ្លឺ។
បើតាមការចុះផ្សាយរបស់កាសែត Thai PBS World តុលាការ បានឱ្យម្ចាស់មេដាយមាសអូឡាំពិក បង់ប្រាក់ ៩ពាន់ដុល្លារ ដើម្បីអនុញ្ញាតឱ្យរូបគេនៅក្រៅឃុំ និងបន្តការប្តឹងឧទ្ធរណ៍ និង ៥ពាន់ដុល្លារលើករណីផ្សេងៗទៀត។
ក្រៅពីឈ្នះមេដាយមាសអូឡាំពិក កីឡាករប្រដាល់សកលថៃ Kamsing ក៏បានឈ្នះជើងឯកប្រដាល់សកលនៅកីឡាអាស៊ី (Asian Games) ឆ្នាំ ១៩៩៤ ក្នុងក្រុង Hiroshima ប្រទេសជប៉ុន និង ១៩៩៨ នៅក្រុងបាងកក៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: