សិស្សសាលាបឋមសិក្សាប្រាសាទ ខេត្តសៀមរាប ស្នើសុំអាហារចំនួនពីរពេល ក្នុងកម្មវិធីសិក្សាពេញម៉ោង
  • ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
សិស្សសាលាបឋមសិក្សាប្រាសាទ ខេត្តសៀមរាប ស្នើសុំអាហារចំនួនពីរពេល ក្នុងកម្មវិធីសិក្សាពេញម៉ោង
អ្នករៀបចំអាហារនៅសាលាបឋមសិក្សាប្រាសាទ រៀបចំអាហារសម្រាប់សិស្ស។

សៀមរាប៖ សិស្សសាលាបឋមសិក្សាប្រាសាទ នៅភូមិផ្លាំង ស្រុកពួក ខេត្តសៀមរាប ស្នើសុំឱ្យមានអាហារចំនួនពីរពេលដល់ពួកគេ គឺពេលព្រឹកនិងថ្ងៃត្រង់ ដើម្បីជំរុញទឹកចិត្តពួកគេ ក្នុងការសិក្សា។ សាលាបឋមសិក្សាប្រាសាទ កំពុងអនុវត្តគម្រោងសិក្សាពេញម៉ោង ដើម្បីបង្កើនគុណភាពអប់រំ ដល់កុមារ។
TTN-Free-Banner-In-Article-PC
 

កុមារី ឈូយ ដាលី ជាសិស្សនៃសាលាបឋមសិក្សាប្រាសាទ រីករាយនឹងកម្មវិធីសិក្សាពេញម៉ោង ព្រោះជួយឱ្យរូបនាង អាចចេះដាំដុះបន្លែ ដើម្បីបរិភោគ និងលក់ដូរបន្លែដាំដុះនេះ ជាពិសេសការទទួលបានអាហារថ្ងៃត្រង់ នៅសាលារៀនជារៀងរាល់ថ្ងៃ។ ចំណែក កុមារី ម៉ៅ មិថុនា រៀនថ្នាក់ទី៥ ក៏ពេញចិត្តនឹងកម្មវិធីបំណិនជីវិត ផ្នែកកសិកម្មដែរ ព្រោះបន្លែដាំដុះទាំងនោះ ពុំប្រើប្រាស់ជីគីមី ។ កុមារីរូបនេះ ចង់ឱ្យបន្តគម្រោងនេះទៀត នៅក្នុងសាលារៀន។ 
 
ការផ្ដល់អាហារតាមសាលារៀន ជាកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់សិស្សជួបការលំបាក ក្នុងគោលបំណងជំរុញឱ្យសិស្សខិតខំរៀនសូត្រ។ កុមារី ដា នី តែងតែនៅបរិភោគអាហារថ្ងៃត្រង់នៅសាលាជាប្រចាំ។ ហេតុនេះ ទើបសិស្សថ្នាក់ទី៣រូបនេះ ចង់ឱ្យមានអាហារសម្រាប់សិស្សចំនួនពីរពេល។ កុមារី ដា នី ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា៖ «ចង់ស្នើសុំឱ្យមានអាហារពេលព្រឹក ។ ចង់ឱ្យយើងមានអាហារញ៉ាំពេញមួយថ្ងៃ ដើម្បីមានកម្លាំងរៀនកាន់តែច្រើន»។ 
 
ជាសិស្សថ្នាក់ទី៥ កុមារី អ៊ី ស្រីនី ក៏ពេញចិត្តនឹងកម្មវិធីផ្ដល់អាហារនេះដែរ។ កុមារីនេះ ចង់បានម្ហូបអាហារដែលមានសុវត្ថិភាព គ្មានជាតិគីមី។ 
 
នាយកសាលាបឋមសិក្សាប្រាសាទ លោក យី ខប បានកត់សម្គាល់ថា ចាប់តាំងពីអនុវត្តគម្រោងផ្ដល់អាហារដល់សិស្សមក ពួកគេអាចទទួលបានឱកាសសិក្សាច្រើនជាងមុន ជាពិសេសជួយសម្រួលបន្ទុកអាណាព្យាបាលសិស្សទៀតផង។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏បានជួយកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សាទាំងវ័យក្មេងផងដែរ។
បើតាមលោក យី ខប ក្នុងឆ្នាំ២០២៥នេះ សាលាទទួលបានថវិកា១៥០លានរៀល ដើម្បីអនុវគម្រោងផ្ដល់អាហារដល់សិស្ស។
 
សាលាបឋមសិក្សាប្រាសាទជាសាលាគំរូមួយ ដែលស្ថិតនៅក្នុងគម្រោងរបស់អង្គការអេដ អេ អាកស្យុង (AEA) និងអង្គការអភិវឌ្ឍន៍បង្រៀន (TDSO) រួមទាំងអង្គការដៃគូសហការផ្សេងទៀត ។ ស្ថាប័នអង្គការទាំងនេះ ក៏បានជួយគាំទ្រលើផ្នែកបំណិនជីវិត កសិកម្ម ការបង្រៀនភាសាអង់គ្លេស ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការផ្ដល់អាហារដល់សិស្សជាដើម៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី