TDSO និង AEA មានបំណងឱ្យសាលាបឋមនៅទូទាំងប្រទេស មានការបង្រៀនពេញម៉ោង
- ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

លោក សុន ណាត ប្រធានអង្គការអភិវឌ្ឍន៍វបង្រៀន TDSO (ខាងឆ្វេង) និងលោក វន សំភាស់ ប្រធានអង្គការ AEA។
សៀមរាប៖ អង្គការ អេដ អេ អាកស្យុង (AEA) មានគោលដៅឱ្យសាលាបឋមសិក្សាទាំងអស់ អាចបើកបង្រៀនពេញម៉ោង ដើម្បីលើកកម្ពស់គុណភាពអប់រំ ពិសេសកាត់បន្ថយការបោះបង់ការសិក្សា។ ក្នុងទៅដៅតែមួយ អង្គការអភិវឌ្ឍន៍វបង្រៀន (TDSO) នឹងបណ្ដុះបណ្ដាលគ្រូឱ្យបាន៩៥ភាគរយ នៅតាមសាលាបឋមសិក្សាទូទាំងខេត្តសៀមរាប ដើម្បីមានសមត្ថកិច្ចភាពបង្រៀនភាសាលអង់គ្លេស និងឈានទៅបើកថ្នាក់បង្រៀនពេញម៉ោង។

អង្គការ AEA ប្រចាំកម្ពុជា ជួយវិស័យអប់រំ ដោយផ្ដោយលើកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ គម្រោងនៃរបស់អង្គការភាគច្រើន ជួយលើកុមារក្រីក្រជួបការលំបាក ជួយផ្នែកបំណិនជីវិត គាំទ្រថវិកាដល់គ្រូបង្រៀន និងកំណែទម្រង់សាលាឱ្យមានគុណភាព និងសមធម៌ក្នុងវិស័យអប់រំ។
អំឡុងពេលទស្សនកិច្ចនៅសាលាបឋមសិក្សាប្រាសាទ ក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលជាសាលាមួយស្ថិតក្នុងគម្រោងគាំទ្ររបស់ អង្គការទាំងពីរខាងលើ រួមទាំងដៃគូសហការផ្សេងទៀត កាលពីថ្ងៃទី២១មករា លោក វន សំភាស់ ប្រធានអង្គការ AEA ចាត់ទុកការបង្រៀនពេញម៉ោង បានជួយលើកគុណភាពអប់រំ ពិសេសកាត់បន្ថយចំនួននៃការបោះបង់ការសិក្សា និងការបង្រៀនគួរ។

កិច្ចសម្ភាសជាមួយប្រធានអង្គការ TDSO និង AEA។
ក្រោយសាលាបឋមសិក្សាប្រាសាទ ដំណើរការកម្មវិធីសិក្សាពេញម៉ោង លោក សំភាស់ សង្កេតឃើញលទ្ធផលសិក្សារបស់សិស្សមានការកើនឡើង ចំនួនសិស្សបោះបង់ការសិក្សាថយចុះ អត្រារៀនត្រួតថ្នាក់ក៏ត្រូវបានកាត់បន្ថយ។ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ប្រធាន AEA បានសង្កត់ធ្ងន់បែបនេះ៖ «កុមារបានរៀនពេញម៉ោង មិនត្រឹមតែចេះកម្មវិធីទូទៅរបស់ក្រសួងអប់រំទេ ថែមទាំងចេះបំណិនផ្នែកភាសាអង់គ្លេស កុំព្យូទ័រ ហើយសីលធម៌ អនាម័យក៏បានប្រសើរ។ កម្មវិធីពេលម៉ោងនេះ ក៏មានដំណើរការសួនបំណិនជីវិត ឱ្យសិក្សរៀនចេះកសិកម្មដាំបន្លែ»។
លោក សំភាស់ បង្ហាញពីកម្មវិធីនេះ សិស្សទទួលបានជំនាញកសិកម្ម សាលាទទួលបានចំណូលបន្ថែមពីការដាំដុះបន្លែ និងគាំទ្រពីអង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋសហគម៍។ ប្រធាន AEA វាយតម្លៃបន្ថែមលើកម្មវិធីសិក្សាពេញម៉ោងយ៉ាងដូច្នេះ៖ «លោកគ្រូអ្នកគ្រូមិនប្រមូលលុយដើម្បបង្រៀនគួរឡើយ មានតែបំពេញបន្ថែម ដល់សិស្សឱ្យរៀនបានកាន់តែប្រសើរ។ អ៊ីចឹង ទាំងអស់គ្នាគោរពស្រលាញអ្នកគ្រូលោកគ្រូ ចាត់ទុកជាឪពុកម្ដាយទីពីរ ជួយទាំងជំនាញនិងចំណេះ»។

សិស្សសាលាបឋមសិក្សាប្រាសាទ។
លោក សំភាស់ មានបំណងចង់ឱ្យ សាធារណជន អាណាព្យាបាលសិស្សគ្រប់រាជធានី ខេត្ត និងក្រុង ស្រុក ប្រឹងប្រែងចូលរួមចំណែកជាមួយសាលារៀន ទាំងទឹកចិត្ត ធនធាន និងការរួមចំណែកផ្សេងៗទៀត ដើម្បីឱ្យសាលានៅកម្ពុជាអាចក្លាយជាសាលាពេញម៉ោង ផ្ដល់នូវការអប់រំប្រកបដោយគុណភាព និងលើកកម្ពស់សេចក្ដីថ្លៃថ្នូរដល់គ្រូបង្រៀន។
ជាមួយគ្នាដែរ លោក សុន ណាត ប្រធានអង្គការអភិវឌ្ឍន៍វបង្រៀន (TDSO) បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានតែសាលាសិក្សាប្រាសាទ និងសាសាបឋមសិក្សាព្រៃជ្រូកប៉ុណ្ណោះ ដែលមានកម្មវិធីបង្រៀនពេញម៉ោង ខណៈនៅខេត្តសៀមរាបមានបឋមសិក្សា៥២៥សាលា។ ក្នុងនាមជា អង្គការ TDSO បណ្ដុះបណ្ដាលគ្រូ លើជំនាញភាសាអង់គ្លេសចាប់តាំងពីឆ្នាំ២០១៧ លោក ណាត ឃើញក្រសួងមានកម្មវិធីបង្រៀនភាសាអង់គ្លេសដល់សិស្ស ប៉ុន្តែពុំទាន់មានកម្មវិធីបង្រៀនជំនាញ វិធីសាស្រ្តបង្រៀននេះដល់គ្រូៗតាមសាលាបឋមសិក្សឡើយ។ ដូច្នេះ ប្រធាន TDSO វាយតម្លៃគ្រូតាមសាលបឋមខ្វះចំណេះដឹងភាសាអង់គ្លេស និងជំនាញបង្រៀនអង់គ្លេស។
«យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ហើយកន្លងយើងបានបណ្ដុះណ្ដាលបានជាង៥០០គ្រូបង្រៀនហើយ ដែលមកពីជិត១០០សាលា។ យើងប្ដេជ្ញាពីឆ្នាំនេះទៅ រហូតដល់២០៣០ យើងនឹងធ្វើឱ្យគ្រូ៩៥ភាគ ក្នុងខេត្តសៀមរាប ដែលបង្រៀនថ្នាក់បឋមសិក្សា ទទួលបានការបណ្ដុះបណ្ដាលពីយើង»។ នេះជាការលើកឡើងរបស់ លោក ណាត ហើយលោកក៏បានឱ្យដឹងដែរថា ក្រសួងអប់រំតែងតែ គាំទ្រឱ្យមានការបង្រៀនពេញម៉ោងនភតាមសាលា ប៉ុន្តែបញ្ហាប្រឈម ក្រសួងតម្រូវឱ្យមាន ការបង្រៀនភាសាអង់គ្លេស កុំព្យូទ័រ ភាសាខ្មែរ គណិតវិទ្យា បំណិនជីវិតជាដើម៕

សិស្សសាលាបឋមសិក្សាប្រាសាទ នៅស្រុកពួក ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់អង្គការ TDSO និង AEA កាលពីថ្ងៃទី២១មករាឆ្នាំ២០២៤។
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: