CMA និង CGCC រួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
  • ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៤:២៩ នាទី រសៀល
CMA និង CGCC រួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង CMA និង CGCC ដើម្បីលើកជំរុញបរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ការប្រកាសពីភាពជាដៃគូនេះ ធ្វើឡើង នៅក្នុងក្នុង សន្និបាតស្តីពី«ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង» កាលពីថ្ងៃទី២៤ ខែមករា។
TTN-Free-Banner-In-Article-PC
 
យោងតាមសេចក្តីប្រកាសព័ត័មានរួម របស់ CMA និង CGCC កិច្ចសហប្រតិបត្តិការនេះ មានរយៈពេល៣ឆ្នាំ និងមានគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs) និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
 
តាមរយៈ  MOUនេះ ស្ថាប័នទាំងពីរ ប្តេជ្ញាដូច្នេះ៖  «CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព MSMEs BFIs និងភាគីពាក់ព័ន្ធនានា ដោយរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញសេវា ហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា។»។
 
ស្ថាប័នទាំងពីរប្តេជ្ញាចិត្ត ប្រើប្រាស់ធនធានដែល ខ្លួនមាន ដើម្បីធានាឱ្យបាន នូវការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើម ផ្សេងៗក្នុងគោលបំណងជំរុញការរួមចំណែក របស់វិស័យហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
 
លោក ហួត អៀងតុង តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «កិច្ចសហ ប្រតិបត្តិការនេះ គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
 
លោក ហួត អៀងតុង បន្តថា៖«តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ យើងអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់ នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនៅ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។»។
 
ក្នុងពិធីនោះដែរ លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថាអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា របស់ CGCC និង CMA ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា។
 
លោក ណូ លីដា បន្ថែមថា៖ «CGCC មានសេចក្តីសោមនស្សក្នុងការ សហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញ វត្ថុកាន់តែប្រសើរឡើង។ CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធ ភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ »៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

គង់ អារុណពុទ្ធីរិទ្ធ