ករណីបំពុលខ្យល់៖ អ្នកជំនាញលើកទឹកចិត្តពលរដ្ឋកាត់បន្ថយដុតក្រដាសសែន
  • ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៤៧ នាទី រសៀល
ករណីបំពុលខ្យល់៖ អ្នកជំនាញលើកទឹកចិត្តពលរដ្ឋកាត់បន្ថយដុតក្រដាសសែន
ប្រជាពលរដ្ឋខ្មែសែស្រឡាយចិនដុតធូបទានសែនព្រែននៅវិហារចិននៅខេត្តកណ្តាលឆ្នាំ ២០១៨។ រូបភាព៖ AFP

ភ្នំពេញ៖ អ្នកជំនាញអំពាវនាវឱ្យពលរដ្ឋកាត់បន្ថយ ឬចៀសវាងការដុតក្រដាសសែនឬសម្ភារសែនផ្សេងទៀតដើម្បីបញ្ចៀសការបង្កើនកម្រិតបំពុលខ្យល់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ស្របពេលដែលកម្រិតគុណភាពខ្យល់នៅកម្ពុជានៅមិនទាន់ប្រសើរឡើងនៅឡើយ។
TTN-Free-Banner-In-Article-PC
 
មិនថា ពិធីសែនក្បាលទឹក សែនដកជើងធូប សែនឆេងម៉េង ឬពិធីសែនចូលឆ្នាំចិន គេសង្កេតឃើញប្រជាជនដែលជាប់សែស្រឡាយចិននាំគ្នាដុតក្រដាសសែន ឬក្រដាសតុបតែងដែលមានរូបរាងជាផ្ទះវីឡាធំៗ លុយ ឡាន និងសម្ភារមួយចំនួនទៀត។ ពួកគាត់ជឿថា ការដុតក្នុងពិធីសែននេះអាចបញ្ជូនសំណែនទាំងនេះទៅកាន់សាច់ញាតិដែលចែកឋានទៅ។ 
 
យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញ ការដុតក្រដាសសែន ធូប ទៀន ទ្រង់ទ្រាយធំអាចមានចំណែកក្នុងការធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ ស្របពេលគុណភាពខ្យល់នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅមិនទាន់ប្រសើរឡើងទាំងស្រុងនៅឡើយ។ 
 
អ្នកស្រាវជ្រាវពីការបំពុលខ្យល់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិត អោ ច័ន្ទម៉ូលី បានផ្តល់យោបល់ថា រាល់ការដុតចំហ រួមទាំងការដុតក្រដាសឬធូបទៀនច្រើនប្រភេទបង្កើតជាផ្សែងមានផ្ទុកនៅសារធាតុគីមីដែលអាចបំពុលខ្យល់។
 
«ប្រភពបំពុលមានច្រើន តែការដុតមានចំណែកសំខាន់។ ទោះវាជាការដុតសំរាម ដុតធូប ឬដុតក្រដាសសែននេះសុទ្ធតែមានចំណែក វាសុទ្ធតែអាចធ្វើខ្យល់យើងកខ្វក់ដូចជា ធ្វើឱ្យផង់ល្អិតនិចលក្នុងខ្យល់កើនឡើងដូចគ្នា»។ លោកបណ្ឌិត ច័ន្ទម៉ូលី បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ។  
 
ស្របពេលដែលខ្យល់នៅកម្ពុជាមិនទាន់ឈានទៅរកស្ថានភាពប្រសើរពេញលេញនៅឡើយ លោកបណ្ឌិតរូបនេះសង្កត់ធ្ងន់ថា ការដុតក្រដាសធូបទៀនទ្រង់ទ្រាយធំក្នុងអំឡុងពេលចូលឆ្នាំចិន អាចនឹងជះឥទ្ធិពលបន្ថែមលើការបំពុលខ្យល់នេះទៀត។ 
 
បើតាមអ្នកជំនាញរូបនេះ ការដុតក្រដាស ធូប និងសម្ភារផ្សេងៗច្រើនលើសលុបនឹងបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីត និងឧស្ម័នកាបូនឌីអុកស៊ីតក្នុងផ្សែងដែលអាចបង្កផល់ប៉ះពាល់ខ្លាំងដល់សុខភាព មានចំណែកធ្វើប៉ះពាល់ផែនដី និងដល់ការប្រែប្រួលអាកាសធាតុដែរ។ 
 
«ស្ថានភាពខ្យល់នៅយើងហាក់ប្រសើរតែនៅពេលថ្ងៃ ដោយសារកត្តាអាកាសធាតុអំណោយផល។ ស្ថានភាពអ័ព្ទនេះ វាធូរស្បើយខ្លះ។ វាធ្វើឱ្យកម្រិតផង់ល្អិតនិចលក្នុងខ្យល់ប្រសើរ ហើយធ្លាក់ទាបជាងស្តង់ដា ៥០មីក្រូក្រាមក្នុងមីលីម៉ែត្រគូបខ្យល់។ ប៉ុន្តែនៅមានបញ្ហាពេលយប់ ការបំពុលខ្យល់មិនទាន់ល្អនៅឡើយទេ។ វាមិនទាន់ល្អគ្រប់ជ្រុងជ្រោយទេ»។ លោកបណ្ឌិត ច័ន្ទម៉ូលី កត់សម្គាល់បែបនេះ។ 
 
យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះសង្ឃឹមថា ប្រជាជនដែលបន្តប្រពៃណីដុតក្រដាសសែននឹងយកចិត្តទុកដាក់ពីបញ្ហាចំពោះមុខ ហើយព្យាយាមកាត់បន្ថយឬអាចចៀសវាងការដុត ដើម្បីថែរក្សាគុណភាពខ្យល់ និងសុខុមាលភាពសាធារណៈ។
 
លោកមានប្រសាសន៍ដូច្នេះ៖«ខ្ញុំសង្ឃឹមថា ប្រជាជនយើងគួរតែស្វែងយល់ ហើយចូលរួមទាំងអស់គ្នា។ យើងអាចចូលរួមបាន ហើយវាងាយៗទេ។ វាមិនអាចមិនដុតបានទេ ប៉ុន្តែគួរបន្ថយឱ្យនៅទ្រង់ទ្រាយតូច។ ខ្ញុំយល់ថា ជំនឿគឺជារឿងមួយ ប៉ុន្តែវិទ្យាសាស្ត្រជារឿងមួយទៀត ដ្បិតវាជាបញ្ហាកើតចំពោះមុខ។ បើថា ចៀសមិនបានសោះ សូមដុតឱ្យតិចបំផុតតាមដែលអាចធ្វើបាន»។ 
 
លោកបណ្ឌិត ចាន់ ប៊ុន្នី អនុប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភា យល់ស្របផងដែរថា បងប្អូនប្រជាជនជាប់សែស្រឡាយគួរតែស្វែងយល់បន្ថែមពីផលប៉ះពាល់ដែលអាចកើតចេញការបន្តដុតក្រដាសសែន ឬធូបទៀនទ្រង់ទ្រាយធំ ជាជាងភាន់ច្រឡំថា ការដុតក្រដាសសែននេះបានទៅដល់ដូនតា ឬដើម្បីទទួលពរជ័យពីដូនតា។
 
«ការដុតក្រដាសសែនក្នុងពិធីបុណ្យសាសនារបស់ចិន វាមានរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែមកទល់បច្ចុប្បន្ន គ្មានការស្រាវជ្រាវណាមួយដែលបង្ហាញថា ការដុតក្រដាសសែននេះ ពិតជាទៅដល់ដូនតារបស់ពួកគេ ហើយឱ្យពរត្រឡប់មកវិញឡើយ។ ផ្ទុយទៅវិញ វាពិតជាបំពុលដល់បរិស្ថាន»។ លោកបណ្ឌិត មានប្រសាសន៍បែបនេះប្រាប់មកកាន់សារព័ត៌មានឌីជីថលថ្មីៗតាមបណ្តាញតេឡេក្រាម ។
 
លោកបណ្ឌិត ចាន់ ប៊ុន្នី ក៏កត់សម្គាល់ឃើញផងដែរថា បច្ចុប្បន្នប្រទេសជាច្រើនរួមទាំងប្រទេសចិនផងក៏ព្យាយាមណែនាំឱ្យប្រជាជនខ្លួនកាត់បន្ថយការដុតធូប និងដុតក្រដាសសែនដែរ ដើម្បីការពារកុំឱ្យខ្យល់កើនជាតិពុលប៉ះពាល់ដល់សុខភាព។ ដូច្នេះហើយវាជារឿងចាំបាច់ដែលប្រជាជនកម្ពុជាគួរធ្វើតាមដើម្បីរក្សាបរិស្ថាន និងសុខភាព។
 
«យើងគួរចូលរួមគ្នាកាត់បន្ថយប្រពៃណីណាមួយដែលមិនសមហេតុផល ដើម្បីការរីកចម្រើនស្រុកយើង»។ លោកបណ្ឌិត ចាន់ ប៊ុន្នី រៀបរាប់ដូច្នេះ។
 
ជុំវិញការដុតក្រដាសសែននេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ក៏យល់ស្របដែរថា វាជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយកម្រិតបំពុលក្នុងខ្យល់។ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលមានជំនឿកាត់បន្ថយការដុតក្រដាសដើម្បីថែរក្សាគុណភាពខ្យល់ និងបរិយាកាស ដើម្បីសុខុមាលភាពប្រជាជនទូទៅ។ 
 
លោកមានប្រសាសន៍បែបនេះ៖ «ប្រជាជនយើងមានការយល់ដឹងខ្ពស់ ហើយនឹងមានការទទួលខុសត្រូវថែមទៀតក្នុងការធានាសុខុមាលភាពរបស់ខ្ញុំ។ ខ្ញុំសូមលើកទឹកចិត្តប្រជាពលរដ្ឋយើងកុំដុតឬបញ្ចេញផ្សែងទៅបរិយាកាសដែលអាចបង្កជាតិពុលក្នុងខ្យល់»។ 
 
ក្រៅពីដុតក្រដាស លោក ខ្វៃ អាទិត្យា ក៏អំពាវនាវឱ្យប្រជាជនទូទៅចូលរួមជួយរក្សាសោភ័ណភាពតាមរយៈការឈប់ដុតសំរាម និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ជាពិសេសតាមដានគុណភាពខ្យល់ ក៏ដូចជាចូលរួមរាល់សកម្មភាពនានាដែលអាចកាត់បន្ថយប្រភពបំពុលបាន។
 
«យើងអាចធ្វើបាន បើសិនជាយើងចូលរួមទាំងអស់គ្នា។ ពេលយើងដកដង្ហើមពីខ្យល់ដែលស្អាត ប្រជាពលរដ្ឋយើងមានសុខភាពល្អ»។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះសង្កត់ធ្ងន់ដូច្នេះ។
 
កាលពីសប្តាហ៍មុន កម្រិតបំពុលខ្យល់នៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជាខេត្តសៀមរាប ពោធិ៍សាត់ កោះកុង និងបន្ទាយមានជ័យ ស្ថិតនៅក្នុងបន្ទាត់ក្រហម ដែលជាកម្រិតមានការបំពុលខ្លាំង។ ដោយសារស្ថានភាពគ្រោះថ្នាក់នេះ ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាជនថែរក្សាសុខភាពតាមរយៈការពាក់ម៉ាស់ បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់ពុលខាងក្រៅចូលក្នុងផ្ទះ និងកាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាលដើម។
 
យ៉ាងណាក៏ដោយ តាមរយៈរបាយការណ៍គុណភាពខ្យល់ថ្ងៃទី ២៧ ខែមករា ក្រសួងបរិស្ថាន បានបញ្ជាក់ថា គុណភាពខ្យល់នៅភ្នំពេញ និងតាមបណ្តាខេត្តនានាមានស្ថានភាពប្រសើរ ដោយមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៧. ១៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបធៀបនឹងស្តង់ដា ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប៕ 

អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com

សៅ ផលនិស្ស័យ