សុខភាពសាធារណៈជារឿងដែលត្រូវទទួលស្គាល់ និយាយចំៗ និងបង្ហាញដំណោះស្រាយ
  • ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៩ នាទី ល្ងាច
សុខភាពសាធារណៈជារឿងដែលត្រូវទទួលស្គាល់ និយាយចំៗ និងបង្ហាញដំណោះស្រាយ
ផ្សែងអ័ព្ទគ្របដណ្តប់ទីក្រុងភ្នំពេញកាលពីថ្ងៃ ២៣ ខែ មករា ដោយគុណភាពខ្យល់ធ្លាក់ចុះខ្លាំង។ រូបភាព៖ AFP

ភ្នំពេញ៖ «ប្រុសប្រកែក ស្រីប្រកាន់»។ មិនចង់ឮពាក្យនេះឡើយ ចំពោះបញ្ហា ដែល ទាក់ ទងនឹងសុខភាពសាធារណៈ។ ផ្អែកតាមទិន្នន័យ របស់ស្ថាប័នអន្តរជាតិ IQAir ពលរដ្ឋ មាន ក្តី កង្វល់យ៉ាង ខ្លាំង ចំពោះកម្រិតបំពុលខ្យល់ ខ្ពស់នៅ កម្ពុជា ហើយពួកគាត់ពិតជាចង់ បានការពន្យល់ណែនាំ និងបកស្រាយចំៗពីស្ថាប័នជំនាញ ជាពិសេសក្រសួងបរិស្ថាន។ ការឆ្លើយ តបយឺតយ៉ាវ ឬចម្លើយមិនចំបញ្ហានឹងបង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាពសាធារណៈ។
TTN-Free-Banner-In-Article-PC
 
នារយៈពេល ប៉ុន្មាន ថ្ងៃចុងក្រោយនេះ ពលរដ្ឋនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននៅកម្ពុជា សង្កេតឃើញស្ថានភាពចុះអ័ព្ទខុសប្រក្រតី។ ស្ថានភាពចុះអ័ព្ទនេះ ត្រូវបានជូនដំណឹងដោយ ក្រសួងធនធានទឹកកាលពីថ្ងៃ២២ ខែមករា ដោយមានការបញ្ជាក់ពីផលរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។ ប៉ុន្តែ មិនមានទេការជូនដំណឹង ឬពន្យល់ពីមូលហេតុឬ ផលប៉ះពាល់ដល់សុខភាពពីស្ថាប័នជំនាញ។
 
ក្រសួងបរិស្ថានដែលជាស្ថាប័នទទួលបន្ទុកឃ្លាំមើលគុណភាពខ្យល់នៅតែបញ្ជាក់ម្តងហើយម្តងទៀតថា កម្រិតខ្យល់ពុលកើនឡើង ប៉ុន្តែគុណភាពខ្យល់នៅតែល្អ និងមិនស្ថិតក្នុងកម្រិតគ្រោះថ្នាក់រហូតត្រូវជូនដំណឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នឡើយ។ ការបកស្រាយបែបនេះ ទោះជាទិន្នន័យស្ថាប័នតាមដានគុណភាពខ្យល់ដូចជា IQAir ដែលជាដៃគូសហការរបស់អង្គការកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បង្ហាញពីការធ្លាក់ចុះកម្រិតគុណភាពខ្យល់ដែលត្រូវប្រុងប្រយ័ត្ននៅភ្នំពេញ និងខេត្តផ្សេងទៀតក៏ដោយ។
 
ខណៈដែលកម្ពុជានៅចាត់ទុកកម្រិតគុណភាពខ្យល់នៅល្អ ប្រទេសថៃបានប្រកាសណែនាំឱ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពក្នុងអំឡុងពេលខ្យល់ពុលកើនឡើង។ 
 
ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលដែលមានមតិរិះគន់ជាមួយ នឹងការ ភ្ជាប់ អំណះអំណាង ផ្សេងៗពីកម្រិត បំពុល ខ្យល់ គ្រោះថ្នាក់នៅក្នុងតំបន់ ក្រសួង បរិស្ថាន ក៏បា នចេញសេចក្តី ប្រកាសព័ត៌មានជាបន្ត បន្ទាប់អំពីស្ថាន ភាពខ្យល់ នៅកម្ពុជា តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។ ក្រសួងក៏បានណែនាំ ឱ្យពលរដ្ឋ តាម ដាន សន្ទស្សន៍គុណភាពខ្យល់ (AQI) នេះ នៅ លើ កម្មវិធីទូរសព្ទដៃ GGS SPA ផងដែរ។
 
 
នៅ ថ្ងៃ ២៤ ខែមករា ក្រសួងបរិស្ថាន បង្ហាញ ថា កម្រិតបំពុលក្នុងខ្យល់នៅភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន កើនលើសកម្រិតដែលកំណត់ដោយស្តង់ដាសុវត្ថិភាព។  ថ្ងៃទី ២៥ ក្រសួងសុខាភិបាលសម្រេចចេញសេចក្តីណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងចៀងវាងសកម្មភាពខ្លះនៅខាងក្រៅ ក៏ដូចពាក់ម៉ាស់ដើម្បីការពារខ្យល់គុណភាពមិនល្អ។ ក្រសួងអប់រំក៏ចេញសារប្រហាក់ប្រហែលគ្នាណែនាំដល់សិស្សានុសិស្ស និងអាណាព្យាបាល ប្រុងប្រយ័ត្ន។ 
 
សំណួរជាច្រើនលេចចេញមក ហេតុអ្វីវាទាមទារពេលវេលាជាច្រើនថ្ងៃមុននឹងក្រសួងសាមីដូចជាក្រសួងបរិស្ថានទទួលស្គាល់ពីបញ្ហាថយចុះនៃគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាជាពិសេសនៅនៅរាជធានី និងបណ្តាខេត្ត? 
 
យឺតយ៉ាវមិនមែនជារឿង ថ្មីនោះឡើយ ប៉ុន្តែអ្វី ដែលគួរឱ្យយកចិត្តទុកដាក់នោះ គឺ បញ្ហានេះជាចំណុចដែលពាក់ព័ន្ធនឹងបញ្ហាសុខុមាលភាពសាធារណៈ។ ភាពយឺតយ៉ាងក្នុងការផ្តល់ព័ត៌មាន និងការណែនាំឱ្យ ពលរដ្ឋប្រុងប្រយ័ត្ន មានន័យថា ស្ថាប័នសាធារណៈបណ្តោយឱ្យសុខុមាលភាពសាធារណៈរងហានិភ័យខ្ពស់ព្រោះពលរដ្ឋមិនបានប្រុងប្រយ័ត្ន។  
 
ខណៈដែលការបំពុលបរិយាកាសនឹងក្លាយជាបញ្ហាប្រឈមធំក្នុងចំណោមបញ្ហាបរិស្ថានផ្សេងទៀតនៅពេលខាងមុខ ករណីដែលកំពុងកើតឡើងពេលនេះគួរតែជាចំណុចដែលក្រសួងស្ថាប័នមានសមត្ថកិច្ចយកមកពិចារណា និងបញ្ចៀសបញ្ហាដដែលៗកុំឱ្យកើតឡើងជាថ្មីទៀត។
 
និយាយឱ្យយុត្តិធម៌ ការបំពុលបរិស្ថានជាពិសេសការបំពុលបរិយាកាសជារឿងចៀសមិនផុតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ប្រជាជននៅតាមទីក្រុងធំៗ  ធំជួបប្រទះបញ្ហានេះជាញឹកញយ ដ្បិតការវិវត្តនៃសង្គម និងសេដ្ឋកិច្ច រួមចំណែកបង្កើនប្រភពនៃការបំពុល។ ចំណែក ទីក្រុងធំៗនៅ អាស៊ីអាគ្នេយ៍ជួបប្រឈមបញ្ហាស្រដៀងគ្នាដែរ។ 
 
បើតាមកម្មវិធីបរិស្ថាន UNEP មនុស្សស្ទើគ្រប់គ្នាដែលរស់នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ស្រូបយកផ្សែងពុលពីបរិយាកាសរាល់ឆ្នាំ ហើយប្រទេស ៩ រួមទាំងកម្ពុជាផងស្ថិតក្នុងចំណោមប្រទេសមានការបំពុលបរិយាកាសខ្លាំងជាងគេចំនួន ៤០។ 
 
ប្រាកដណាស់ ប្រភពនៃការបំពុលមានច្រើនតាំងពី កំណើននៃនគរូបនីយកម្ម ទៅដល់កំណើនប្រជាជន សកម្មភាពសេដ្ឋកិច្ច និងភាពមរមាញឹកក្នុងវិស័យដឹកជញ្ជុននិងកសិកម្ម ជាដើម។ ចំណែក ការខ្វះខាតឆន្ទៈនយោបាយ ភាពទន់ខ្សោយនៃការគ្រប់គ្រងអនុវត្តច្បាប់ រួមជាមួយកង្វះខាតធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ។
 
ដូច្នេះហើយ នៅកម្ពុជា ហេតុអ្វីស្ថាប័នពាក់ព័ន្ធចាំបាច់បដិសេធបញ្ហាបំពុលខ្យល់ បើសិនវាជាបញ្ហាប្រឈមរួម សម្រាប់ប្រទេសនានាក្នុងតំបន់ទៅហើយ។
 
បញ្ហាចំពោះមុខត្រូវតែទទួលស្គាល់...
 
សំណេរនេះ ក្រៅពីខ្ញុំចង់ទាញចំណាប់អារម្មណ៍អ្នកអានឱ្យគិតពីបញ្ហាផ្សែងពុលជាពិសេសចូលរួមដោះស្រាយក្នុងកម្រិតបុគ្គល ខ្ញុំក៏ចង់ជំរុញឱ្យអ្នកបង្កើតគោលនយោបាយ និងស្ថាប័នជំនាញកែប្រែឥរិយាបថដូចគ្នា។
 
កន្លងមក ការបដិសេធទទួលស្គាល់បញ្ហាប្រហែលទំនងជាបានក្លាយទម្លាប់របស់មន្ត្រីមួយចំនួន ដែលអាចឆ្លើយដើម្បីរួចខ្លួន ប៉ុន្តែ វាមិនមែនជាគោលការណ៍របស់រដ្ឋាភិបាល។
 
ដូចមនុស្សម្នាក់ៗដែរ ការទទួលស្គាល់ពីបញ្ហា ឬចំណុចខ្វះចន្លោះណាមួយ មិនមែនឆ្លុះបញ្ចាំងថា យើងអន់ ឬខ្សោយទេ។ ប៉ុន្តែ វាបង្ហាញពីភាពខ្លាំងក្នុងការប្រឈមនឹងបញ្ហា និងបង្ហាញពីទំនួលខុសត្រូវរបស់បុគ្គល ឬសា្ថប័នមួយ។ ការទទួលស្គាល់បញ្ហានេះ វារឹតតែមានសារសំខាន់ថែមទៀតសម្រាប់ស្ថាប័នសាធារណៈដែលមានសមត្ថកិច្ច និងតួនាទីគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមសាធារណៈនានា។ 
 
 
ការទទួលស្គាល់នេះជំរុញឱ្យយើងស្វះស្វែងរកដំណោះស្រាយសមស្រប និងបានឆាប់រហ័សដូចគ្នា។ បើសិនជាវាពាក់ព័ន្ធនឹងបញ្ហាសុខុមាលភាពសាធារណៈដូចជា កំណើនកម្រិតខ្យល់ពុលនេះ វាទាមទារឱ្យស្ថាប័នពាក់ព័ន្ធធ្វើការកាន់តែលឿន ដើម្បីណែនាំ និងជូនដំណឹងដល់ពលរដ្ឋដែលជួយបញ្ចៀសវិបត្តិសុខុមាលភាពសាធារណៈ។ ការផ្តល់ដំណឹងទាន់ពេល ឬមុនពេលមានបញ្ហាជួយឱ្យប្រជាពលរដ្ឋត្រៀមខ្លួន និងកាត់បន្ថយហានិភ័យសុខភាពបានច្រើន។ 
 
ផលប៉ះពាល់ដែលកើតចេញពីការស្រូបខ្យល់ពុលឬខ្យល់មានគុណភាពមិនល្អមានច្រើន។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ហើយថា ការបំពុលខ្យល់បង្កឱ្យមានជំងឺផ្លូវដង្ហើម ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីកសួត និងជំងឺមិនឆ្លងជាច្រើនផ្សេងទៀត។ ក្នុងឆ្នាំ ២០១៩ ការបំពុលបរិយាកាសសម្លាប់មនុស្សរហូតដល់ ៦.៧ លាននាក់ឯណោះ។  
 
វាជារឿងចាំបាច់ដែលត្រូវយល់ថា ការដោះស្រាយបញ្ហាបំពុលខ្យល់មិនត្រឹមតែសង្គ្រោះជីវិត និងកាត់បន្ថយការចំណាយប៉ុណ្ណោះទេ។ វាក៏រួមចំណែកសំខាន់ក្នុងការដោះស្រាយស្រាយបញ្ហាវិបត្តិអាកាសធាតុដែរ។ 
 
យ៉ាងណាមិញ ភាពអសកម្ម និងយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាបំពុលខ្យល់បង្ហាញពីបញ្ហាច្រើនដែលកំពុងកើនមានក្នុងប្រទេសអភិវឌ្ឍតិចតួចដូចជាកម្ពុជា។ វាច្បាស់ណាស់ថា យើងកំពុងកំណត់យកអាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ចជាជាងផ្តោតលើបញ្ហាសុខុមាលភាពបរិស្ថាន និងធានាសុខុមាលភាពសាធារណៈ។ 
 
រឿងដែលមិនអាចប្រកែកបាន គឺការខ្វះខាតធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងការតាមដាន ឃ្លាំមើល និងទប់ស្កាត់ការប្រភពនៃការបំពុលជាបញ្ហាចម្បងរបស់ប្រទេសអភិវឌ្ឍតិចតួចដូចជាកម្ពុជា។
 
យ៉ាងណាមិញ ឆន្ទៈនយោបាយ និងការអនុវត្តការងារបានឆាប់រហ័សជាចំណុចស្នូលក្នុងការកាត់បន្ថយហានិភ័យ។ ការហ៊ានទទួលស្គាល់បញ្ហា បើកចិត្តទទួលយកចំណុចរិះគន់ និងកែលំអរ ដោយមិនប្រកាន់គំនិតអស្មិមានៈតែម្យ៉ាងជួយឱ្យយើងអាចអភិវឌ្ឍសង្គមរួមគ្នាបានប្រសើរ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យើងគប្បីទទួលស្គាល់ថា បញ្ហាប្រឈមដែលយើងកំពុងជួបមានច្រើន។ ច្រើនលើសសមត្ថភាពដែលយើងដោះស្រាយបានក្នុងពេលតែមួយ។ ម្យ៉ាងទៀត កម្រិតនៃចំណេះដឹងប្រជាពលរដ្ឋក៏មានចំណែកសំខាន់ផងដែរក្នុងការចូលរួមបន្ថយបញ្ហាប្រឈម រួមទាំងការដោះស្រាយការបំពុលបរិយាកាសនាពេលបច្ចុប្បន្នដូចគ្នា។ 
 
ដូចដែលយើងទាំងគ្នាដឹងហើយ ការដុតសំរាមដោយចំហរនៅតាមផ្ទះ ក៏ដូចជាការដុតព្រៃ ដុតកញ្ជ្រាំង ដើម្បីធ្វើកសិកម្មដែលជាទម្លាប់របស់ប្រជាជនក៏រួមចំណែកសំខាន់ក្នុងការរបំពុលបរិយាកាស។ នៅទីក្រុងដូចជាភ្នំពេញឯណោះវិញ ផ្សេងចេញពីវិស័យសំណង់ និងវិស័យដឹកជញ្ជូនជាពិសេសចេញពីឡាន និងម៉ូតូរបស់ប្រជាជន ជាប្រភពបំពុលចម្បង។ 
 
ដើម្បីអាចដោះស្រាយបញ្ហានេះបាន វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នាជាពិសេសការបញ្ជ្រៀបចំណេះដឹង និងជំរុញការផ្លាស់ប្តូរឥរិយាបថក្នុងចំណោមប្រជាពលរដ្ឋយើង។ វាជួយឱ្យពួកគាត់អាចពិចារណា បញ្ឈប់ការបន្តដុតសំណល់ដោយចំហរ ចេះគ្រប់គ្រងសំណល់ ចៀសវាងការដុតព្រៃ ឬបន្តរបៀបធ្វើកសិកម្មព្រៃដុតជាដើម ហើយងាកមកកាត់បន្ថយការបញ្ចេញឧស្ម័នពុលតាមរយៈការងាកទៅជិះកង់ ជិះរថយន្តក្រុង និងរថយន្តអគ្គិសនីជាដើម។ 
 
ខណៈពេលដែលការកាត់បន្ថយប្រភពបំពុលត្រូវការពេលវេលាយូរ ការទទួលស្គាល់បញ្ហាពីសំណាក់ស្ថាប័នដែលមានសមត្ថកិច្ច និងចាត់វិធានការណែនាំដល់ពលរដ្ឋដើម្បីធានាសុខុមាលភាពសាធារណៈជា កិច្ចការចាំបាច់ ពេលបញ្ហាប្រឈមកើតឡើង។ វាជារឿងចាំបាច់ដែលត្រូវចាំទុកថា ការទទួលស្គាល់បញ្ហា មិនបង្ហាញថា យើងខ្សោយទេ ប៉ុន្តែវាបង្ហាញពីទំនួលខុសត្រូវ និងជួយគាំពារសុខុមាលភាពសាធារណៈ៕ 
                         

អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com

សៅ ផលនិស្ស័យ