ទឹកប្រាក់ជាង១៤ពាន់លានដុល្លារ កម្ពុជាចំណាយលើការនាំចូលទំនិញពីចិន-វៀតណាម ក្នុងឆ្នាំ២០២៤
  • ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ២:០៦ នាទី រសៀល
ទឹកប្រាក់ជាង១៤ពាន់លានដុល្លារ កម្ពុជាចំណាយលើការនាំចូលទំនិញពីចិន-វៀតណាម ក្នុងឆ្នាំ២០២៤
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកពាណាណិជ្ជកម្មធំជាងគេរបស់កម្ពុជា។ សព្វថ្ងៃ កំពង់ផែនេះអាចស្រូបយកនូវចំណែកទីផ្សារបានជាង​៧០ភាគរយ នៃការចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា ដែលបានបម្រើនូវសេវាកម្មចំនួនបួនប្រភេទ។ រូបថត៖ កំពង់ផែស្វ័យក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ចិន និងវៀតណាម ជាប្រទេសដែលនាំទំនិញចូលច្រើនគេបំផុតសម្រាប់កម្ពុជា។ ពោល ពេញមួយឆ្នាំ២០២៤ ទំហំទឹកប្រាក់នៃថ្លៃទំនិញនានាដែលប្រទេសទាំង២នេះនាំចូលទីផ្សារកម្ពុជា គឺមានរហូតដល់ជាង១៤,៣៩ពាន់លានដុល្លារអាម៉េរិក។​ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​។
TTN-Free-Banner-In-Article-PC
 
សម្រាប់ទីផ្សារកម្ពុជា, ចិន ជាប្រទេសធំឈរនៅលំដាប់ទី១ ដែលបាននាំទំនិញចូលជាច្រើនជាងគេមានក្នុងទំហំទឹកប្រាក់១០,៧៨៦លានដុល្លារ កើន២៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ បន្ទាប់មក គឺវៀតណាម ​បាននាំទំនិញចូលកម្ពុជាដែលមានទំហំជាង ៣,៦១២លានដុល្លារ កើន១៨,២ភាគរយ ខណៈប្រទេសថៃឈរនៅលំដាប់ទី៣ ដែលមានទំហំនាំចូលកម្ពុជា ២,៨៩៥លានដុល្លារ កើន​១៥,៥ភាគរយ។ 
 
ចំពោះ ឥណ្ឌូណេស៊ី ជាប្រទេសឈរនៅលំដាប់ទី៤ ក្នុងការនាំចូលទំនិញផ្គត់ផ្គង់ឱ្យទីផ្សារកម្ពុជា ដែលមានក្នុងទំហំជាង៩៩៤លានដុល្លារ និង សិង្ហបុរី ស្ថិតនៅលំដាប់ទី៥​ ដោយមានទំហំនាំចូល ៨៦៦លានដុល្លារ ​នាឆ្នាំ២០២៤។​
 
ទំនិញ ដែលកម្ពុជានាំចូលពីបរទេសរួមមាន៖  វត្ថុធាតុដើមបម្រើក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ សរសៃអំបោះសិប្បនិម្មិតខ្លីៗ​ កប្បាស វត្ថុធាតុប្លាស្ទិក ស្បែកឆៅ ផលិតផលបានពីការចាក់ដោយម្ជុល។ រ៉ែប្រើ​ជាគ្រឿងចំហះ ប្រេងខនិជ, យាន ក្រៅពីអយស្ម័យយាន​ ឬអយរថអគ្គិសនី ម៉ាស៊ីនថត ...ជាដើម។​
 
ដោយឡែក ប្រទេសដែលជាទីផ្សារធំជាងគេរបស់កម្ពុជាវិញ គឺសហរដ្ឋអាម៉េរិក។ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសមហាអំណាចពិភពលោកមួយនេះសម្រេចបានក្នុងទំហំទឹកប្រាក់ ​៨,៨៩៧លានដុល្លារ កើន​១១,២ភាគរយ ធៀបនឹងឆ្នាំ២០២៣។  តាមពីក្រោយដោយវៀតណាម ដែលមានទំហំចេញរបស់កម្ពុជាទៅប្រទេសជិតខាងមួយនេះ​មាន២,៧៩២លានដុល្លារ កើន១៨,២ភាគរយ។
 
រីឯ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនដែលមិត្តដែកថែបមានក្នុងទំហំទឹកប្រាក់១,៤៧៨លានដុល្លារ កើន២៣,៨ភាគរយ។   ប្រទេសជប៉ុន  ក៏ជាទីផ្សារធំរបស់កម្ពុជាផងដែរ ដោយឈរនៅលំដាប់ទី៤ មានក្នុងទំហំទឹកប្រាក់ ១,១៧៥លានដុល្លារ ខណៈការនាំចេញទៅកាណាដាមាន៨៦៩លានដុល្លារ។ 
 
គួរជម្រាបថា ក្នុងឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា​ ជាមួយប្រទេសដៃគូក្នុងពិភពលោក គឺមានសម្រេចបាន៤៦,៨២៨លានដុល្លារ កើន១៦,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញសម្រេចបាន​២២,៦៤៤លានដុល្លារ កើន១៥,៧ភាគរយ និងនាំចូលមាន២៤,១៨៣លានដុល្លារ កើន១៨ភាគរយ។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំទាំង១០របស់កម្ពុជា គឺ ចិន អាម៉េរិក វៀតណាម ថៃ​ ជប៉ុន កាណាដា ឥណ្ឌូណេស៊ី អាល្លឺម៉ង អេស្ប៉ាញ និងអង់គ្លេស។ នេះបើតាមទិន្នន័យពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន