សេដ្ឋកិច្ចកម្ពុជា បានចំណូលពីទេសចរអន្តរជាតិជាង ៣ ៦០០ លានដុល្លារ ក្នុងឆ្នាំ២០២៤​
  • ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
សេដ្ឋកិច្ចកម្ពុជា បានចំណូលពីទេសចរអន្តរជាតិជាង ៣ ៦០០ លានដុល្លារ ក្នុងឆ្នាំ២០២៤​
រូបតំណាង៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្រើនកុះករ បានមករង់ចាំទស្សនា ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាថ្ងៃសមរាត្រី នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤​

ពេញមួយឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៧០០ ១២៥ នាក់ កើន ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះ បាននាំមកនូវចំណូលចំនួន ៣​ ៦៣៧  លានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលស្មើនឹង ៩,៤ ភាគរយ នៃផលិផលក្នុងស្រុកសរុប(GDP)ប្រចាំ ឆ្នាំ។ ​នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទើបចេញផ្សាយនាថ្ងៃទី៣១ ខែមករា។​
TTN-Free-Banner-In-Article-PC
 
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងជាង ៦,៧ លាននាក់​ ដែលមកកម្ពុជាក្នុងឆ្នាំ២០២៤ គឺមាន ២ ៣៩៦ ៩៣៧ នាក់ បានធ្វើដំណើរតាមផ្លូវអាកាសទាំង៣កន្លែងរបស់កម្ពុជា នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ រីឯ ទេសចរអន្តរជាតិ​ ៤ ៣០៣ ១៨៨ នាក់ បានធ្វើដំណើរតាមផ្លូវគោក ខណៈទេសចរដែលចូលកម្ពុជាតាមផ្លូវទឹកមានត្រឹម ៨៤ ៣៧៧ នាក់ប៉ុណ្ណោះ។
 
ភ្ញៀវទេសចរមកពីប្រទេសថៃបានមកកម្ពុជាច្រើនជាងគេក្នុងចំនួន ២ ១៤៦ ៦៧៤នាក់ ស្មើនឹង៣២ភាគ រយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤។ បន្ទាប់មក គឺទេសចរជនជាតិវៀតណាម មាន ចំនួន១ ៣៤០ ៥៨៧នាក់ ទេសចរជនជាតិចិនមានចំនួន៨៤៨ ៩៥២នាក់។​
 
តាមពីក្រោយដោយទេសចរជនជាតិឡាវក្នុងចំនួន ៣៣៤ ៤៤៨ នាក់ សហរដ្ឋអាម៉េរិកមាន ២១៤ ៥២៩ នាក់ កូរ៉េខាងត្បូងមាន ១៩២ ៣០៥ នាក់ ឥណ្ឌូណេស៊ីមាន ១៦៦ ៧៩៥ នាក់ បារាំងមាន ១៣១ ៧៣៨ នាក់។ ទេសចរមកពីប្រទេសអង់គ្លេសមានចំនួន ១១៥ ១៤៨ នាក់ និងទេសចរមកពីជប៉ុនមានចំនួន ១១២ ៧១៨ នាក់ ដែលមានមកលេងកម្ពុជា ក្នុងឆ្នាំ២០២៤។
 
មុនផ្ទុះឡើងនូវជំងឺកូវីដ-១៩  ពោលគឺនៅឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាទទួលបានចំណូលជិត ៥ ០០០ លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិជាង ៦,៦ លាននាក់។ ប៉ុន្តែចំណូលពីវិស័យនេះ បានធ្លាក់នៅត្រឹម ជាង ១ ០០០ លានដុល្លារ ក្នុងឆ្នាំ២០២០ ហើយធ្លាក់ខ្លាំងបំផុតនៅត្រឹម ១៨៤ លានដុល្លារ ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំផ្ទុះខ្លាំងនៃជំងឺកូវីដ-១៩នៅកម្ពុជា ក៏ដូចពិភពលោកទាំងមូល។​
 
រហូតដល់ឆ្នាំ២០២២​ វិស័យទេសចរណ៍កម្ពុជាចាប់ងើបឡើងវិញ ដោយទទួលចំណូលជាង ១ ៤០០ លានដុល្លារ ពីទេសចរអន្តរជាតិប្រមាណ ២,២ លាននាក់  និងជាង ៣ ០០០ លានដុល្លារ ពីទេសចរ អន្តរជាតិជាង ៥,៤ លាននាក់ក្នុងឆ្នាំ២០២៣ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ​នៅតាមឆ្នាំនីមួយៗ។ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា ទទួលបានចំណូលវិស័យនេះជាង ៣ ៦០០ លានដុល្លារ​ បើ ធៀបនឹងឆ្នាំ២០១៩ គឺសេដ្ឋកិច្ចកម្ពុជា បានបាត់ចំណូលពីវិស័យនេះជាង ១ ២០០ លានដុល្លារ។
 
តែយ៉ាងណាមិញ រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បន្តជំរុញ និងផ្តល់គោលការណ៍លើកទឹកចិត្តនានាដល់វិស័យឯកជន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្តែងការបញ្ចុះតម្លៃវីសា (e-Visa)របស់កម្ពុជា ​បា​នចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥មកម្ល៉េះ។ ដោយ វីសាប្រភេទ (T) ត្រូវបានបញ្ចុះ ពី ៣៦ ដុល្លារមកនៅត្រឹម៣០ដុល្លារ, វីសាប្រភេទ (E) visa បញ្ចុះតម្លៃ ពី ៤២ ដុល្លារ មកនៅ ៣៥ដុល្លារ។
 
ជាមួយនេះ ក្រសួងទេសចរណ៍​បានជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ និងពិភពលោក ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។ ក្នុងឆ្នាំ២០២៥  រដ្ឋបានត្រៀមកញ្ចប់ថវិកាជិត២លានដុល្លារ សម្រាប់ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក ក្រៅប្រទេស​ និងគ្រប់គ្រងកិ្តតិនាមទេសចរណ៍កម្ពុជា​ ដើម្បីទាក់ទាញទេសអន្តរជាតិអន្តរជាតិមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន