ហាងកាហ្វេ​មួយ នៅភ្នំពេញ ​មាន​ឧបករណ៍​សោតទស្ស​ន៍ចាស់ៗជាច្រើនគ្រឿងដូច​ផលិតកម្ម​
  • ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៥៩ នាទី យប់
ហាងកាហ្វេ​មួយ នៅភ្នំពេញ ​មាន​ឧបករណ៍​សោតទស្ស​ន៍ចាស់ៗជាច្រើនគ្រឿងដូច​ផលិតកម្ម​

ភ្នំពេញ ៖ ក្រៅ​ពី​ក្បាល​ចាក់ថាស ម៉ាញេ វិទ្យុ និង​ទូរទស្សន៍ នៅ​ជាន់ក្រោម​សាខា​ហាង​កាហ្វេ TEMPLE នៃ​វិថី​ឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់​បឹង​កេងកង ខណ្ឌ​បឹងកេងកង រាជ​ធានី​ភ្នំពេញ គេ​ដាក់​តាំង​លម្អឧបករណ៍​សោតទស្សន៍ចាស់ៗ ៩គ្រឿង​។ មាន​ទាំងម៉ាស៊ីន​កាត់​តវីដេអូ ទាំងម៉ាស៊ីន​កាត់​ត​ហ្វ៊ីល ទាំងម៉ាស៊ីន​កាត់​តសំឡេង ទាំងម៉ាស៊ីន​បញ្ចាំង​កុន ទាំង​ម៉ាស៊ីន​កែ​វីដេអូ ទាំងអំព្លី​ មាន​អាយុកាល​ពី៣០ ទៅ​៥០​ឆ្នាំ។ ឧបករណ៍​​ទាំង​អស់​នោះ​ប្រើ​បច្ចេកទេសអាណាឡូហ្ស៊ិក ខណៈ​សម័យ​ឥឡូវនេះ ​គេ​បែរ​ទៅ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​វិញ។
TTN-Free-Banner-In-Article-PC


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
តើការថត ​និង​ផ្សាយសំឡេង​​​មាន​ប្រវត្តិ​អ្វី? ​តាំងពីដើមមក មាន​មនុស្ស​ដែល​លេងភ្លេង​​។ កា​ល​ពី​បុរាណ​កាល គេ​ប្រើ​សំឡេង​ខ្លួនឯង គេ​ទាក់ដៃ គោះថ្ម ឬ​ឈើ។ ឆ្នាំ១៨៥៧ នៅ​ប្រទេស​បារាំង លោក SCOTT DE MARTINVILLE Édouard-Léon បង្កើតម៉ាស៊ីនថតសំឡេងមុនគេ​បង្អស់។ 
 
ឆ្នាំ១៨៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់​សំឡេង​មុនគេទាំងអស់។ ឆ្នាំ១៨៩៦ នៅប្រទេស​អ៊ីតាលី លោក MARCONI Guglielmo បង្កើត​ប្រដាប់​មួយ សម្រាប់​ទទួល​សំឡេង​ នៃ​វិទ្យុ​គម​នាគមន៍។ ដើម្បី​ផ្ទុក​សំឡេង រហូត​ដល់​សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅ​ប្រើ​ប្រព័ន្ធថាសតូចជាង : ៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍១៩៨០។
 
ឆ្នាំ​១៩៦៣ ក្រុមហ៊ុន​អឺរ៉ុប PHILIPS បង្កើត​កាស៊ែត។ កាលពី​ដំបូង មិនទាន់​មាន​ម៉ាញេ ដើម្បី​​ថត​សំឡេងក្នុង​កាស៊ែត​ទេ មាន​តែ​ម៉ាញេដើម្បី​ស្ដាប់​ប៉ុណ្ណោះ។ បង្កើត​ម៉ាញេហើយ គេ​ផ្គុំ​​ម៉ាញេ និង​វិទ្យុ​ជា​មួយ​គ្នា ធ្វើជាវត្ថុ​តែ​មួយ។
 
នៅ​ប្រទេស​ខ្មែរ នៅ​តែ​មាន​លោក​អាចារ្យ​វ័យ​ចំណាស់​មួយ​ចំនួន ដែល​បន្ត​ប្រើ​កាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន​ PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែល​ជា​អ្នក​បង្កើត ត្រឹម​ឆ្នាំ​១៩៧៩ ​ទើបមនុស្ស​ជាតិ​ចូល​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល។ វា​ពេញ​និយម ​នា​ទសវត្សរ៍​ឆ្នាំ១៩៩០ និងឆ្នាំ២០០០។ នា​ពេល​បច្ចុប្បន្ន​ គេ​បែរ​ទៅលែង​​ប្រើ​វត្ថុផ្ទុក​សំឡេង​តែ​ម្ដង វា​ក្លាយ​​ទៅ​ជា​ទិន្នន័យ​សុទ្ធ។
 
​​​​តើការថត ​និង​ផ្សាយរូបភាព ​​មាន​ប្រវត្តិ​អ្វី? ឆ្នាំ១៨៣៩ នៅប្រទេសបារាំង លោក NIEPCE Nicéphore ​បង្កើត​ម៉ាស៊ីនថត​រូបមុនគេបង្អស់។ ការ​ថត និង​បញ្ចាំង​កុន​ត្រូវ​បាន​បង្កើត​នា​ឆ្នាំ​១៨៩៤ នៅ​ប្រទេស​បារាំង ដោយ​បងប្អូន​បង្កើត​២​រូប : LUMIÈRE Auguste និង Louis។ ដោយ​​ចៃដន្យ ពាក្យ​បារាំង lumière មាន​ន័យថា​ ពន្លឺ ហើយគ្រឿង​ផ្សំ​សំខាន់ជាគេ ​ដើម្បី​ថត និង​បញ្ចាំងភាពយន្ដ គឺ​ពន្លឺ​នោះហើយ ! ឆ្នាំ១៩២៤ គេ​​បង្កើត​ភាពយន្ដ​ដែល​មានសំឡេង​ជាប់ជាមួយ។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៣០ នៅទ្វីប​អឺរ៉ុប គេបង្កើត​​​ប្រព័ន្ធ​ទូរទស្សន៍។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៥០ គេបង្កើត​​ប្រព័ន្ធ​វីដេអូ​ សខ្មៅ។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ គេបង្កើត​​ប្រព័ន្ធ​​វីដេអូ​​ពណ៌។ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ គេបង្កើត​​ប្រព័ន្ធ​វីដេអូឌីជីថល ដែល​នៅ​តែ​ប្រើ​រហូត​ដល់​បច្ចុប្បន្ន។
 
ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជាមួយ​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រាសាទ។ ពី​ដំបូង​ត្រូវ​បាន​បង្កើត​យីហោ​នេះ ​នៅ​ក្រុង​សៀមរាប ពីព្រោះវត្ថុ​បុរាណ​សម​នឹង​ប្រាសាទ​បុរាណ ដែល​មាន​ចំនួន​២០០ នៅ​ឯ​អង្គរ។ ហើយ​តាំង​ពី​ជំងឺ​កូវីដ​បាន​ផ្ទុះ​ឡើង ក៏​មាន​ហាង TEMPLE នៅ​រាជធានី​ភ្នំ​ពេញ​ផង​ដែរ​​៕
 
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

នាយយ៉ាន