មេក្រូចាស់ៗ ដែលធ្លាប់ប្រើនៅតាម​វត្ត ឬពិធីបុណ្យនានា ក្លាយជាវត្ថុតាំង​លម្អ
  • ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ព្រឹក
មេក្រូចាស់ៗ ដែលធ្លាប់ប្រើនៅតាម​វត្ត ឬពិធីបុណ្យនានា ក្លាយជាវត្ថុតាំង​លម្អ

​កំពង់ស្ពឺ៖ អាហារដ្ឋានសីហ នៅ​ខេត្ត​កំពង់ស្ពឺ ជា​ហាងតុបតែង​ដោយ​វត្ថុបុរាណ​ច្រើន​មុខ។ មាន​​ ភាជន៍​ចាស់ៗ យាន​ជំនិះចាស់ៗ និងឧបករណ៍សោតទស្សន៍ចាស់ៗ។ ក្នុង​នោះមាន​មេក្រូ​បុរាណ ១គ្រឿង ដែលគេបានប្រើប្រាស់តាំងពីអំឡុងសតវត្ស​ទី២០មក។ វា​​​​ធ្វើ​អំពី​លោហធាតុ ពណ៌​ប្រផេះ​ក្រើមៗ។ វា​មាន​អង្កត់ផ្ចិត​ប្រហែល​កន្លះ​ម៉ែត្រ និង​ប្រវែង​កន្លះម៉ែត្រ​ដូចគ្នា។ គេ​ដាក់​វា​តាំង​នៅ​មុខ​ហាង លើ​ធ្នើរ​មួយ​ដ៏​ធំ ដែល​ស្ថិត​នៅខាង​​ក្រៅ។
TTN-Free-Banner-In-Article-PC


សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 



តើការថត ​និង​ផ្សាយសំឡេង​​​មាន​ប្រវត្តិ​អ្វី? ​តាំងពីដើមមក មាន​មនុស្ស​ដែល​លេងភ្លេង​​។ កាល​ពី​បុរាណ​កាល គេ​ប្រើ​សំឡេង​ខ្លួនឯង គេ​ទាក់ដៃ គោះថ្ម ឬ​ឈើ។ ឆ្នាំ១៨៥៧ នៅ​ប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បង្កើតម៉ាស៊ីនថត​សំឡេង​មុនគេបង្អស់។ ឆ្នាំ១៨៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើត​ម៉ាស៊ីនថត និងចាក់សំឡេងមុនគេទាំងអស់។

ឆ្នាំ​ដូចគ្នា ខែ​ធ្នូ នៅប្រទេស​អាល្លឺម៉ង់ លោក SIEMENS Werner បង្កើតអូប៉ាល័រ​មុន​គេ​បង្អស់។ អូប៉ាល័ររាង​ផ្កា​ត្រកួន ដែល​គេ​ហៅ​​មេក្រូ ត្រូវបាន​បង្កើត​តាម​ក្រោយ។​ ឆ្នាំ១៨៩៦ នៅប្រទេស​អ៊ីតាលី លោក MARCONI Guglielmo បង្កើត​ប្រដាប់​មួយ សម្រាប់​ទទួល​សំ​ឡេង​ នៃ​វិទ្យុ​គម​នាគមន៍។ ដើម្បី​ផ្ទុក​សំឡេង រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស​៧៨ជុំ។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធថាសតូចជាង : ៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍១៩៨០។

ឆ្នាំ​១៩៦៣ ក្រុមហ៊ុន​អឺរ៉ុប PHILIPS បង្កើត​កាស៊ែត។ កាលពី​ដំបូង មិនទាន់​មាន​ម៉ាញេ ដើម្បី​​ថត​សំឡេងក្នុង​កាស៊ែត​ទេ មាន​តែ​ម៉ាញេដើម្បី​ស្ដាប់​ប៉ុណ្ណោះ។ បង្កើត​ម៉ាញេហើយ គេ​ផ្គុំ​ម៉ាញេ និង​វិទ្យុ​ជា​មួយ​គ្នា ធ្វើជាវត្ថុ​តែ​មួយ។ នៅ​ប្រទេស​ខ្មែរ នៅ​តែ​មាន​លោក​អាចារ្យ​វ័យ​ចំណាស់​មួយ​ចំនួន ដែល​បន្ត​ប្រើ​កាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន​ PHILIPS រួមជាមួយ​ក្រុម​ហ៊ុនជប៉ុន SONY ដែល​ជា​អ្នក​បង្កើត ត្រឹម​ឆ្នាំ​១៩៧៩ ​ទើបមនុស្ស​ជាតិ​ចូល​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល។ វា​ពេញ​និយម ​នា​ទសវត្សរ៍​១៩៩០ និង២០០០។ នា​ពេល​បច្ចុប្បន្ន​ គេ​បែរ​​ទៅលែង​​ប្រើ​វត្ថុផ្ទុក​សំឡេង​តែ​ម្ដង វា​ក្លាយ​ទៅ​ជា​ទិន្នន័យ​សុទ្ធ។

មេក្រូ​គឺជា​ឧបករណ៍បំពងសំឡេង ដែលមានរាងដូចផ្កាត្រកួន។ គេចាក់​ក្នុងពិធីផ្សេងៗ ជា​ពិសេស​លោក​អាចារ្យ។ មនុស្ស​ជា​ច្រើន​ច្រឡំនឹង​ពាក្យ មីក្រូ។ មេក្រូ​គឺ​សម្រាប់​សំឡេង​ចេញ (ផ្សាយ) ខណៈមីក្រូ​គឺ​សម្រាប់​សំឡេង​ចូល (ថត)។

ភោជនីយដ្ឋាន​សីហ ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ៤៣ ផ្លូវ​ជាតិ​លេខ៣ ផ្សារត្រាំខ្នារ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

នាយយ៉ាន