បេក្ខជន៧រូប ត្រូវប្រជែងតំណែងប្រធាន IOC ពីលោក Thomas Bach
- ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:៥៩ នាទី ព្រឹក

បេក្ខជន ៧រូប នឹងត្រូវប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីលោក Thomas Bach។ ក្នុងសន្និសីទសារព័ត៌មានមួយនៅចំពោះមុខសមាជិក IOC ដែលធ្វើឡើងក្នុងក្រុង Lausanne ប្រទេសស្វីស សប្តាហ៍មមុន បេក្ខជនទាំង៧ បានលើកយកបញ្ហាប្រឈមសំខាន់ៗដូចជាការបញ្ចូលអត្តពលិករុស្ស៊ី និងបេឡារុស ចូលអូឡាំពិក មកជជែកដេញដោលយ៉ាក្តៅគគុក។ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក៏ជាប្រធានបទមួយដែលបេក្ខជនត្រូវតែពិចារណា នៅពេលបានតំណែងប្រធានអូឡាំពិក។

លោក Thomas Bach នឹងបញ្ចប់អណត្តិទីពីររយៈពេល១២ឆ្នាំ របស់ខ្លួន (៨ឆ្នាំ + ៤ឆ្នាំ) នៅក្នុងឆ្នាំ២០២៥។ កាលពីខែសីហា បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ៧១ឆ្នាំ ដែលកាន់តួនាទីជាប្រធាន IOC តាំងពីឆ្នាំ ២០១៣ បានប្រកាសក្នុងកិច្ចប្រជុំមួយស្ថិតក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ដ៏គួរភ្ញាក់ផ្អើល ថាលោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តក៏ដោយ។
ការបោះឆ្នោតរើសប្រធាន IOC ថ្មី នឹងធ្វើឡើងនៅក្នុងសម័យប្រជុំ IOC លើកទី ១៤៣ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុងអូឡាំពិកបុរាណ ប្រទេសក្រិក។ ក្បាលម៉ាស៊ីនអូឡាំពិកថ្មី នឹងត្រូវចូលកាន់តំណែងនៅក្នុងខែមិថុនា ក្នុងឆ្នាំដដែល។
បេក្ខជន៧រូប ក្នុងនោះមានស្ត្រី១រូប ដែលត្រូវចូលរួមបោះឆ្នោតប្រជែងតំណែងប្រធាន IOC សុទ្ធសឹងជាបុគ្គលល្បីៗ និងមានបទពិសោធន៍ក្រាស់ក្រែលក្នុងការគ្រប់គ្រងចលនាអូឡាំពិក។
មុនឈានដល់បោះឆ្នោត បេក្ខជន៧រូប បានលើកយករបៀបវារៈមួយចំនួន ដែលនឹងត្រូវដោះស្រាយក្រោយពេលឡើងកាន់តំណែងជាប្រធាន IOC អាណត្តិថ្មី។ បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និង ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា សុទ្ធសឹងជាប្រធានបទក្តៅដែលត្រូវជជែកវែកញែក។ ការបញ្ចូលអត្តពលិករុស្ស៊ី និងបេឡារុស ចូលអូឡាពិករដូវក្តៅ ឆ្នាំ ២០២៨ នៅ Los Angeles ក៏ត្រូវសួរនាំបេក្ខជនទាំង៧ផងដែរ។
ខាងក្រោមនេះ ជាសមាសភាពបេក្ខភាពទាំង៧រូប ដែលនឹងត្រូវចូលរួមឈរឈ្មោះបោះឆ្នោត ប្រជែងតំណែងប្រធាន IOC ជំនួសលោក Bach៖
១. ព្រះអង្គម្ចាស់ Feisal bin Al Hussein នៃប្រទេសហ្ស៊កដានី ដែលសព្វថ្ងៃជាប្រធានគណៈកម្មាធិការអូឡាំពិកហ្ស៊កដានី (JOC)។ ព្រះអង្គម្ចាស់ Feisal ជាស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាលឈានមុខគេមួយរបស់ពិភពលោកដែលផ្តោតលើការកសាងសន្តិភាពតាមរយៈកីឡា (Generations For Peace) និងបានតស៊ូមតិជាយូរមកហើយនូវឥទ្ធិពលកីឡាលើទំនាក់ទំនងភូមិសាស្ត្រនយោបាយ និងសមត្ថភាពរបស់ខ្លួនក្នុងការជំរុញការដោះស្រាយជម្លោះ។

២. លោក David Lappartient សញ្ជាតិបារាំង ប្រធានសហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ (UCI) និងប្រធានគណៈកម្មាធិការអូឡាំពិក និងកីឡាជាតិបារាំង (CNOSF)។

៣. លោក Johan Eliasch ជាសហគ្រិនមហាសេដ្ឋីស៊ុយអែត-អង់គ្លេស និងជាប្រធានសហព័ន្ធជិះស្គីអន្តរជាតិ (FIS)។

៤. លោក Juan Antonio Samaranch Jr. កូនប្រុសរបស់អតីតប្រធាន IOC លោក Juan Antonio Samaranch Jr.។ Samaranch សព្វថ្ងៃជានាយកប្រតិបត្តិកីឡា និងជាអ្នកវិភាគហិរញ្ញវត្ថុអេស្ប៉ាញ និងជាអនុប្រធាន IOC។

៥. អ្នកស្រី Kirsty Coventry ជាម្ចាស់មេដាយមាសអូឡាំពិក ដែលសព្វថ្ងៃជារដ្ឋមន្ត្រី យុវជន កីឡា សិល្បៈ និងកម្សាន្ត ស៊ីមបាវ៉េ។

៦. លោក Sebastian Coe ប្រធានអត្តពលិកពិភពលោក និងជាអ្នកគ្រប់គ្រងកីឡាអង់គ្លេស និងជាប្រធានសមាគមអូឡាំពិកអង់គ្លេស។

៧. លោក Morinari Watanabe សញ្ជាតិជប៉ុន ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ (IFG)៕

អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: