លោក ហ៊ុន ម៉ានី៖ បើមិនទទួលស្គាល់ការលះបង់របស់ឪពុកខ្ញុំ ក៏ត្រូវទទួលស្គាល់ភាពចាស់ទុំរបស់គាត់ដែរ
- ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:១៤ នាទី ល្ងាច

ភ្នំពេញ៖ វាពិតជាពិបាកទទួលយកណាស់ សម្រាប់លោក ហ៊ុន ម៉ានី នៅពេលដែលឮពាក្យសម្តីប្រមាថកាតទានមកលើក្រុមគ្រួសារខ្លួន ជាពិសេសអ្នកមានគុណ ជាទីគោរពស្រលាញ់។ មិនមែនតែលោក ហ៊ុន ម៉ានី ទេ មនុស្សគ្រប់រូប ក៏មានអារម្មណ៍បែបនេះដែរ។

អារម្មណ៍សោកសង្រេងរបស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរំលេចលើហ្វេសប៊ុកជាថ្មីម្ដងទៀត ទំនងជាឆ្លើយតបទៅនឹងយុវជនមួយរូប កំពុងរស់នៅក្រៅប្រទេស ដែលបានប្រើពាក្យពេចន៍អសុរោះ ប្រមាថដល់ការដឹកនាំរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំ។ សម្រាប់ការប្រើប្រាស់ពាក្យរិះគន់ ដោយសារការមិនពេញចិត្តនោះ ទំនងជាលោក ហ៊ុន ម៉ានី អាចទទួលយកបានខ្លះ។ ប៉ុន្តែបើជាការប្រមាថវិញ ច្បាស់ណាស់គឺរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈរូបនេះ ពិតជាមិនអាចទទួលយកបានឡើយ។
តាមរយៈសំណេរលើហ្វេសប៊ុក នៅថ្ងៃទី៤ កុម្ភៈ អមជាមួយរូបថតអនុស្សាវរីយ៍របស់លោកឪពុកខ្លួន គឺសម្ដេច ហ៊ុន សែន ក្នុងគ្រាជានាយករដ្ឋមន្ត្រី និងរូបថតបងប្រុសខ្លួន សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាល នាបច្ចុប្បន្ននេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា៖«ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរោះ ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។
ម្ដងហើយ ម្ដងទៀត លោក ហ៊ុន ម៉ានី តែងតែចេញសារឱ្យមហាជន ជាពិសេសយុវជន ដែលចេញមុខរិះគន់លើរដ្ឋាភិបាល ឬក្រុមគ្រួសារខ្លួន ដោយប្រើប្រាស់ពាក្យពេចន៍សមគួរ ក្នុងនាមជាពលរដ្ឋខ្មែរ ដែលមានវប្បធម៌ ប្រពៃណី និងអរិយធម៌រុងរឿង ជាជាងប្រើពាក្យប្រមាថ។
យុវជនមួយរូប ដែលប្រើឈ្មោះគណនីសង្គមថា «អាចារ្យហ្វី» តែងតែចេញមករិះគន់លើរដ្ឋាភិបាល ជាពិសេសក្រុមគ្រួសារសម្ដេច ហ៊ុន សែន ជាបន្តបន្ទាប់។ កាលពីថ្ងៃទី៣ កុម្ភៈ យុវជន ដែលកំពុងរស់នៅប្រទេសកូរ៉េរូបនេះ បានបង្ហោះវីដេអូលើបណ្ដាញសង្គមតិកតុក រិះគន់ចំពោះក្របសៀវភៅមេរៀនប្រវត្តិវិទ្យា ថ្នាក់ទី៦ ដែលមានរូបសិស្សសាលា និងរូបសំណាកវិមានឈ្នះ-ឈ្នះ។ ក្នុងវីដេអូរិះគន់នេះ ក៏មានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដោយប្រមាថលើការដឹកនាំរបស់សម្ដេច ហ៊ុន សែន កន្លងមក។
មិនត្រឹមតែលោក ហ៊ុន ម៉ានី ទេ ដែលមិនពេញចិត្តចំពោះទង្វើរបស់យុវជនរូបនេះ សូម្បីតែមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ក៏ទទួលយកមិនបានដែរ។ ឆ្លើយតបនឹងពាក្យប្រមាថរបស់យុវជនរស់នៅប្រទេសកូរ៉េនេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងពីការលះបង់របស់សម្តេច ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ដូចបច្ចុប្បន្ន។
«បច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញអំពីអត្តចរឹតរបស់ « ក្មេងពាល » មួយដែលបានធ្វើការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀត មកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈជនមានគុណបំណាច់យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ ឱកាសដែលក្មេងពាលនោះទទួលបានបច្ចុប្បន្នគឺជាស្នាដៃនៃការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី។ ក្មេងពាលនោះប្រៀបបានទៅនឹងក្រពើដែលវង្វេងបឹង»។ នេះជាការលើកឡើងរបស់លោក ផារ័ត្ន។
អភិបាលខេត្តកំពង់ធំរូបនេះ បានប្រកាសជំហរយ៉ាងមោះមុតក្នុងការចេញមុខតតាំង និងការពារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈ ប្រឆាំងតបទៅនឹងទង្វើអសីលធម៌ គ្មានការទទួលខុសត្រូវរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច ដែលបម្រើមហិច្ឆតាមនោគមវិជ្ជានយោបាយរបស់បរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសប្រឆាំងនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: