រដ្ឋមន្ត្រីមហាផ្ទៃ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ក្រោយនិយាយប៉ះពាល់ព្រះពុទ្ធសាសនា
- ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៥:៥៤ នាទី ល្ងាច

លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) មកជួបមន្ត្រីជំនាញក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជុំវិញករណីរិះគន់ ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា នៅក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៩ មករា ២០២៥។រូបពីហ្វេសប៊ុកក្រសួងធម្មការ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ តាមបញ្ញត្ដិមាត្រា ៣០ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះនៅថ្ងៃទី៤ កុម្ភៈ ។

ការសម្រេចរបស់លោក ស សុខា ពេលនេះ ធ្វើឡើងក្រោយពីមានប្រតិកម្មពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ទៅលើបុគ្គលឈ្មោះ ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ដែលជាប្រធានសមាគមទេវ សក្ខី ភគវន្ត ជុំវិញការបកស្រាយ និងរិះគន់ចំពោះព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា។
កាលពីថ្ងៃទី២៩ មករា រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន ក៏បានអញ្ជើញលោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) មកជួបមន្ត្រីជំនាញក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជុំវិញករណីរិះគន់ ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនានេះដែរ។ ក្រោយជំនួបនេះ ក្រសួងធម្មការ ក៏បានបង្ហាញវីដេអូរបស់លោក ប៊ុនថេង ប្រធានសមាគមទេវ សក្ខី ភគវន្ត សារភាពទទួលស្គាល់កំហុសខ្លួន ចំពោះការបកស្រាយ និងទង្វើរិះគន់របស់ខ្លួននេះ។ ប្រធានសមាគមទេវ សក្ខី ភគវន្តរូបនេះ បានធានាថា ឈប់ធ្វើសកម្មភាពប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
តាមរយៈវីដេអូសុំទោសជាសាធារណៈ លោក ប៊ុនថេង សង្កត់ធ្ងន់បែបនេះ៖ «ចំពោះការឆ្គាំឆ្គងលើសលស់ ដោយពាក្យសម្ដី ដែលបានលើកឡើងថា ព្រះត្រៃបិដកមិនគ្រប់ទឹក អ្នកបួសជាទម្ងន់ដល់អ្នកស្រុក ឈប់ប្រើសំពត់ពានា សម្រេចឈប់វីដេអូណាដែលប៉ះពាល់ដល់ទឹកចិត្ត ពុទ្ធបរិស័ទ និងព្រះសង្ឃ។ ខ្ញុំព្រះករុណា ទូលព្រះបង្គំ សូមតាំងចិត្តថា នឹងមិនពោល ឬធ្វើអ្វីដែលប៉ះពាល់ដល់តម្លៃ ព្រះពុទ្ធសាសនារបស់រដ្ឋ ច្បាប់រដ្ឋ និងសង្គមជាតិចាប់ពីពេលនេះ តទៅ»។
បញ្ហាសាសនាខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣មករា ដោយសារប្រធានសមាគមទេវ សក្ខី ភគវន្ត បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត និងបាននិយាយបកស្រាយប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃថា ជាបុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម។ ការលើកឡើងនេះ ទទួលបានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃ និងសមាគមនានា កាន់ព្រះពុទ្ធសាសនា ក៏ដូចជាលេខាធិការដ្ឋានគណៈសង្ឃនាយក និងពុទ្ធមណ្ឌលវិបស្សនាធុរៈជាដើម។
Relate
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: