ទេពកោសល្យ និងការប្រឹងប្រែង បើកផ្លូវកីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី ទៅលីគកំពូលថៃ
- ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:០០ នាទី រសៀល

រូបភាព៖ Nagaworld FC Women
កីឡាការនីបាល់ទាត់ យ៉ុន យ៉ើន និង ហុក សៅឌី ក្លាយជាកីឡាការិនីកម្ពុជាដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានទៅប្រកបអាជីពនៅលីគកីឡាបាល់ទាត់នារីកំពូលថៃ។ លោក ម៉ី សុជាតិ គ្រូបង្វឹកក្រុមនារីណាហ្គាវើលដ៍ មានមោទកភាពចំពោះវត្តមានកីឡាការិនីទាំងពីរនៅទឹកដីថៃ និងអះអាងថាអ្វីទាំងអស់នេះកើតចេញពីទេពកោសល្យ និងការខិតខំប្រឹងប្រែង។

យ៉ុន យ៉ើន និង ហុក សៅឌី ដែលជាកីឡាការនីឆ្នើមរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានទៅចូលរួមក្រុម Bangkok Women's FC ក្រោមលក្ខខណ្ឌខ្ចីជើងពីណាហ្គាវើលដ៍រយៈពេល៦ខែ។ តាមរយៈការបង្ហោះរបស់ក្លិបណាហ្គាវើលដ៍ នៅថ្ងៃទី៤ ខែមករា កីឡាការិនីទាំងពីរបានចូលជំរំហ្វឹកហាត់លើកដំបូងជាមួយមិត្តក្រុមនៅកីឡដ្ឋាន 72nd Anniversary ស្ថិតក្នុងក្រុងបាងកក ដើម្បីត្រៀមខ្លួនប្រកួតលីគកំពូលថៃ ឆ្នាំ ២០២៥។
ជុំវិញការទទួលបានឱកាសទៅចូលរួមក្រុមនៅក្រៅប្រទេស លោក ម៉ី សុជាតិ គ្រូបង្វឹកក្រុមនារីណាហ្គាវើលដ៍ អះអាងថាកើតឡើងដោយសារកីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី មានទេពកោស្យ និងស្រឡាញ់កីឡាបាល់ទាត់តាំងពីក្មេង។

វកីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី ក្នុងជំរំហ្វឹកហាត់ជាមួយក្រុម Bangkok Women's FC។ រូបភាព៖ Nagaworld FC Women
«គាត់ទាំងពីរល្អតាំងពីតូច។ ខ្ញុំឃើញគាត់ល្អទើបខ្ញុំហៅគាត់ចូលហាត់ នៅពេលគាត់រៀនថ្នាក់ទី៣ ហើយបន្តហាត់រហូតចប់ថ្នាក់ទី១២។ ពួកគាត់មានទេពកាសល្យហើយ ថែមទាំងព្យាយាមហ្វឹកហាត់ថែមទៀត»។ លោក ម៉ី សុជាតិ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ មុនបន្ថែមថា យ៉ុន យ៉ើន និង ហុក សៅឌី មិនដែលបាត់មុខពីកន្លែងហ្វឹកហាត់នោះទេ ពោលក្នុងរយៈពេល១ឆ្នាំ ពួកគេអវត្តមានម្តង ទៅពីរដងប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់លោកគ្រូសុជាតិ នៅអាយុប្រមាណ៩ឆ្នាំ កីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី ចូលរួមហ្វឹកហាត់កីឡាបាល់ទាត់រួមគ្នា ក្រោមការគ្រប់គ្រងរបស់ខ្លួន ក្នុងឆ្នាំ ២០០៨ នៅសាលាបឋមសិក្សាត្រពាំងត្រោក ស្ថិតក្នុងភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ អំឡុងពេលលោក សុជាតិ ជាគ្រូបង្រៀន។ អ្នកទាំងពី មានទេពកោសល្យ និងប្រឹងប្រែងហ្វឹកហាត់ទៀងទាត់ រហូតមានឱកាអភិវឌ្ឍន៍ខ្លួន ពីការប្រកួតកម្រិតសិស្សថ្នាក់ខេត្ត រហូតដល់ថ្នាក់ជាតិ មុនក្លាយជាកីឡាការិនីក្លិបណាហ្គាវើលដ៍ឆ្នាំ ២០១៩ និងជម្រើសជាតិនារីកម្ពុជា ឆ្នាំ ២០២២។

រូបភាព៖ FFC
បើទោះស្ថិតក្រោមការមើលការខុសត្រូវរបស់ខ្លួនតាំងពីយុវជនថ្នាលមកក៏ដោយ ប៉ុន្តែឱកាសរបស់កីឡាការិនីដែលមានទីកំណើតនៅខេត្តកំពង់ស្ពឺទាំងពីរ ទៅកាន់ទឹកដីថៃ ក៏កើតចេញពីការមើលឃើញរបស់នាយកបច្ចេកទេសក្លិបបាល់ទាត់ណាហ្គាវើលដ៍លោក Therdsak Chaiman ផងដែរ។
នាយករងសាលាបឋមសិក្សាត្រពាំងត្រោករូបនេះ បន្តថា៖«លោក Therdsak Chaiman ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិថៃ ជាអ្នកចង្អុលបង្ហាញឱ្យមានការនាំយកកីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី ទៅកាន់ក្លិប Bangkok Women's FC»។

រូបភាព៖ FFC
ការផ្ទេរកីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី បានក្លាយជាប្រវត្តិសាស្ត្រលើកដំបូងដែលមានកីឡាការិនីបាល់ទាត់កម្ពុជាទៅប្រកបអាជីពនៅលីគបាល់ទាត់កំពូលនារីថៃ។ ក្នុងចំណោមកីឡាការិនីទាំងពីរ យ៉ុន យ៉ើន ក៏ធ្លាប់ទៅប្រកបអាជីពនៅលីគបាល់ទាត់កំពូលរបស់ឡាវផងដែរក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Young Elephants FC កាលពីឆ្នាំ ២០២៤។
អំឡុងព្រឹត្តិការណ៍ AFF Women’s Cup ឆ្នាំ២០២៤ នៅឡាវ កីឡាការិនីទាំងពីរបានបង្ហាញភាពលេចធ្លោក្នុងការជ្រោមជ្រែងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាឈានដល់វគ្គផ្តាច់ព្រ័ត្រ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹក ម៉ី សុជាតិ ក្រុមនារីណាហ្គាវើលដ៍ ឡើងដល់វគ្គផ្តាច់ព្រ័ត្រជម្រើសជើងឯកខេមបូឌានលីគនារី ឆ្នាំ ២០២៤-២៥។ ក្រុមនារីណាហ្គាវើលដ៍ ចាញ់វិសាខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបាល់កាត់ក្តីប៉េណាល់ទី បន្ទាប់ពីស្មើ ០-០ នៅ៩០នាទី៕

លោក ម៉ី សុជាតិ គ្រូបង្វឹកក្រុមនារីណាហ្គាវើលដ៏។ រូបភាព៖ Nagaworld FC Women

អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: