
ភ្នំពេញ៖ រដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកសារព័ត៌មាន និងអ្នកបំពេញការងារក្នុងប្រព័ន្ធផ្សព្វផ្សាយត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ប៉ុន្តែអ្នកសារព័ត៌មានតែងរអ៊ូរទាំអំពីការខ្វះខាតកិច្ចសហការពីមន្ត្រីនាំពាក្យភាគច្រើននៅតាមស្ថាប័នរដ្ឋ។

ប៉ុន្មានឃ្លាខាងក្រោមនេះ គឺជាអ្វីដែលអ្នកសារព័ត៌មានបច្ចុប្បន្នបានលឺជារឿយៗ។ «អូហ៍! ឥឡូវនេះ ខ្ញុំកំពុងជាប់ប្រជុំ។ ចាំប្រជុំចប់ ខ្ញុំតបវិញ។», «បន្តិចទៀត ក្រុមការងារយើងនឹងចេញ សេចក្តីប្រកាសព័ត៌មានជុំវិញករណីនេះ។», «ខ្ញុំបានឆ្លើយប្រាប់ទៅស្ថាប័នមួយហើយ។ លោកអាចទៅមើល ហើយយកពីស្ថាប័ននោះទៅប្រើបាន។»។
ការឆ្លើយតបរបស់មន្ត្រីនាំពាក្យខាងលើទាំងអម្បាលមាននេះ មិនត្រឹមតែមិនអាចយកមកប្រើប្រាស់បាននៅក្នុងការផ្សព្វផ្សាយនោះឡើយ តែថែមទាំងធ្វើឱ្យអ្នកសារព័ត៌មានរង្កៀសចិត្តទៀតផង។ បញ្ហានេះបានកើតឡើងញឺកញាប់។
កង្វះខាតនៅក្នុងទំនាក់ទំនងរវាងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់ស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មាន គឺជាមូលហេតុចម្បងដែលធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមិនមានប្រសិទ្ធភាពល្អ។ និយមន័យរួមបង្ហាញថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើត ឬប្រឌិតឡើងដោយមនុស្សមួយក្រុមដែលមានចេតនាទុច្ចរិត ហើយតែងរៀបចំបណ្ដាញផ្សព្វផ្សាយរបស់ពួកគេជាទ្រង់ទ្រាយធំ។ ដូច្នេះ ការឆ្លើយតបដ៏មានប្រសិទ្ធភាពបំផុត គឺការបន្សាបដ៏លឿនរហ័សជាផ្លូវការពីអាជ្ញាធរជំនាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងសារព័ត៌មានអាជីពជាច្រើន ដែលមហាជនជឿជាក់ និងទុកចិត្តបាន។
ចុះបើមន្ត្រីនាំពាក្យមិនអនុវត្តតួនាទីរបស់ពួកគេឱ្យមានប្រសិទ្ធភាពផងនោះ?
ជាការពិតដែលក្រសួង ស្ថាប័ន និងអង្គភាពជំនាញមានការងារច្រើនអនេក។ អ្នកសារព័ត៌មានក៏បានដឹង និងយល់ស្របលើចំណុចនេះដែរ។ ប៉ុន្តែអ្នកសារព័ត៌មានវិជ្ជាជីវៈ ក៏មិនចង់ចុះផ្សាយខុស ឬខ្វះប្រភពព័ត៌មាន ហើយទទួលរងការចោទប្រកាន់ពីរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធថា ផ្សព្វផ្សាយព័ត៌មានដែលគ្មានភាពសត្យានុម័តនោះដែរ។ ម្ល៉ោះហើយទើបអ្នកសារព័ត៌មាន ខិតខំខ្នះខ្នែងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីប្រភពពាក់ព័ន្ធ មុននឹងចុះផ្សាយ។
នាឱកាសអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ កាលពីខែឧសភា ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបន្តចូលរួមថែរក្សាសុខសន្តិភាព, ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ, ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈជាដើម។
អ្នកសារព័ត៌មានគាំទ្រ និងពេញចិត្តចំពោះសេចក្ដីថ្លែងការណ៍របស់សម្ដេចនាយករដ្ឋមន្រ្តី។ តែយ៉ាងណាការផ្សព្វផ្សាយព័ត៌មានពិត ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបានធ្វើទៅបាន លុះត្រាមានការចូលរួមបកស្រាយឆ្លើយតបពីក្រសួង ស្ថាប័ន និងអង្គភាពជំនាញរបស់រដ្ឋ តាមរយៈអ្នកនាំពាក្យ។ ការឆ្លើយតបពីស្ថាប័នរដ្ឋ ពិតជាសំខាន់ណាស់ គឺវាអាចជួយឱ្យពលរដ្ឋ ឬសាធារណជនទូទាំងប្រទេស ស្ងប់ចិត្ត និងមិនជ្រួលច្របល់។
បច្ចុប្បន្ននេះ គឺមានតែក្រុមអ្នកនាំពាក្យនៃស្ថាប័នតិចតួចប៉ុណ្ណោះ ដែលបានឆ្លើយតបជាមួយអ្នកសារព័ត៌មាន ទោះបីជាចម្លើយតិចក្តី ច្រើនក្តីដូចជា៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាល,អ្នកនាំពាក្យក្រសួងព័ត៌មាន, អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ, អ្នកនាំពាក្យក្រសួងមហាផ្ទៃ, អ្នកនាំពាក្យក្រសួងកសិកម្ម, អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន, អ្នកនាំពាក្យក្រសួងការបរទេស, អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ, និងមន្ត្រីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។ល។
យើងចង់ឃើញទំនាក់ទំនងកាន់តែល្អប្រសើរក្នុងក្របខណ្ឌនៃការពង្រឹងគុណភាពប្រព័ន្ធផ្សព្វផ្សាយរវាងអ្នកសារព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: