រដ្ឋមន្រ្តីមហាផ្ទៃ កត់សម្គាល់ឃើញចិញ្ចើមផ្លូវស្អាត មានសណ្ដាប់ធ្នាប់ល្អ នៅពេលថ្នាក់ដឹកនាំឆ្លងកាត់ប៉ុណ្ណោះ
  • ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥៩ នាទី ល្ងាច
រដ្ឋមន្រ្តីមហាផ្ទៃ កត់សម្គាល់ឃើញចិញ្ចើមផ្លូវស្អាត មានសណ្ដាប់ធ្នាប់ល្អ នៅពេលថ្នាក់ដឹកនាំឆ្លងកាត់ប៉ុណ្ណោះ

ភ្នំពេញ៖ បញ្ហាសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ជាកត្តាចាំបាច់ ដែលអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសលើកកម្ពស់សុខភាពសាធារណៈ។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំបែបនេះ ទៅអភិបាលរាជធានី ខេត្ត ឱ្យធ្វើផែនការគ្រប់គ្រងសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវដោយសន្តិវិធី និងច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ។
TTN-Free-Banner-In-Article-PC


«ដោយសារតែជីវភាព ដោយសារតែក្រពះ ទើបចិញ្ចើមថ្នល់ ឬផ្លូវមួយចំនួន ត្រូវបានរំលោភ(បំពាន)។ ផ្លូវមួយចំនួន ត្រូវបានសម្អាត ឬទទួលខុសត្រូវ លើការរៀបចំអនាម័យ ឬមួយ រៀបចំសណ្ដាប់ធ្នាប់ល្អ គឺនៅពេលដែលថ្នាក់ដឹកនាំ ជិះឆ្លងកាត់»។ នេះជាការកត់សម្គាល់របស់លោក ស សុខា ដែលបានបន្ថែមថា ប្រទេសដែលមានសណ្ដាប់ធ្នាប់ល្អ គឺគេឱ្យតម្លៃចម្បង លើសុខសុវត្ថិភាពលើដងផ្លូវដំណើរនេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានណែនាំអភិបាលរាជធានី-ខេត្ត ជាពិសេសអភិបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ធ្វើផែនការគ្រប់គ្រងសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវដោយសន្តិវិធី និងរៀបចំច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ។

តាមរយៈវីដេអូខ្លីជិត៣នាទី កាលពីថ្ងៃទី៣ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ៖«ខ្ញុំសូមឱ្យយើង អង្គុយមើលទាំងអស់គ្នា នៅតាមបណ្ដាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះជារួម ហើយសូមឱ្យមានការពិភាក្សាជាមួយឯកឧត្តមអភិបាលរងខេត្ត ទទួលបន្ទុកទៅលើបញ្ហានេះ ដើម្បីយើងចូលរួមដាក់ថ្នាំ(ព្យាបាល)ឱ្យត្រូវទាំងអស់គ្នា។ ពីព្រោះយន្តការនេះ បើយើងអត់ធ្វើពីឥឡូវទេ ឆ្នាំ២០៣០ ទៅមុខទៀត គឺធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ (ចិញ្ចើមផ្លូវសម្រាប់ដើរថ្មើរជើង) គឺដើរលែងកើតហើយ មានតែដើរលើថ្នល់។ ហើយយើងដើរលើថ្នល់ បើដើរចំកន្លែងភ្លឺ គឺមិនអីទេ ប៉ុន្តែបើដើរកន្លែងខ្លះ វាងងឹត(គ្មានភ្លើង) គឺអាចបង្កគ្រោះថ្នាក់ចរាចរណ៍ទៅវិញទៀត»។

ជាមួយគ្នានេះលោក ស សុខា ក៏បានស្នើឱ្យអភិបាលរាជធានី-ខេត្ត សហការជាមួយអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការគ្រប់គ្រងសណ្តាប់ធ្នាប់តាមចញ្ចើមផ្លូវដោយសន្តិវិធី និងច្បាប់ទម្លាប់ ដើម្បីសណ្តាប់ធ្នាប់ល្អប្រសើរផង រួមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុខុមាលភាពសាធារណៈផង៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ