CMAC បានជំនួយពីចិន៤,៤លានដុល្លារ ដើម្បីបោសសម្អាតមីនក្នុងខេត្តចំនួន៧
  • ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៩:២៩ នាទី ព្រឹក
CMAC បានជំនួយពីចិន៤,៤លានដុល្លារ ដើម្បីបោសសម្អាតមីនក្នុងខេត្តចំនួន៧
គ្រាប់មីនជាច្រើនត្រូវបានCMAC រកឃើញ និងកម្ទេចចោទ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិន។ រូបថត៖ CMAC

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន​ សម្រេចផ្តល់ជំនួយឥតសំណង៤,៤លានដុល្លារអាម៉េរិក ដល់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដើម្បីអនុវត្តសកម្មភាពការងារលុបបំបាត់គ្រាប់មីន នៅក្នុងខេត្តចំនួន៧។ ជំនួយនេះស្ថិតនៅក្រោម «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥  ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦។​
TTN-Free-Banner-In-Article-PC


សេចក្តីប្រកាសព័ត៌មានរបស់CMAC នាថ្ងៃទី៥ ខែកុម្ភៈ បានបញ្ជាក់ថា ជំនួយឥតសំណង៤,៤លានដុល្លាររបស់ចិននេះ នឹងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារស្ទឹងត្រែង និងក្រចេះ ព្រមទាំងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង។ កិច្ចការនេះ មានអ្នកជំនាញបច្ចេកទេសជាង៤០០នាក់ ចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤។ 

បើតាមCMAC បេសកកម្មសំខាន់ទាំង៤ ដែលត្រូវអនុវត្តក្នុងគម្រោងនេះរួមមាន៖ ១. ការបោសសម្អាតផ្ទៃដី ចំនួនជាង៣,៤០០ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។ ២. ការស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម។ ៣. ការពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ និងបេសកកម្មទី៤នោះ គឺការពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។

CMAC បានបញ្ជាក់ថា ជំនួយដែលរដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជានាពេលនេះ គឺជាឆ្នាំទី៣ហើយ (ខែមីនា ឆ្នាំ២០២៣ - ខែកុម្ភៈ ឆ្នាំ២០២៦) មានថវិកាសរុប ១៣,២លានដុល្លារ។ ជាលទ្ធផលនៃការអនុវត្តសកម្មភាពបោសសម្អាតមីនចាប់ពីឆ្នាំ២០១៨ ដល់ដំណាច់ឆ្នាំ២០២៤ អង្គភាព CMAC បានរំដោះផ្ទៃដីមានមីនបាន១៥,០៦០ ហិកតា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមចំនួន៨២,៨៤៤ គ្រាប់, ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗបាន៦,៦៦៨សំណើ។ 

ជាមួយគ្នានេះ CMAC បានអប់រំផ្សព្វផ្សាយពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋបានជាង១,៨៦៦, ៧០០នាក់ រួមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលជាង ២,៤៨៥,៣០០នាក់ ផងដែរ។ 

សេចក្តីប្រកាសព័ត៌មានដដែលរបស់ CMAC បានអះអាងថា រដ្ឋាភិបាលចិនបន្តជួយកម្ពុជាក្នុងវិស័យនេះ ដើម្បីលុបបំបាត់គ្រាប់មីន និងអភិវឌ្ឍសង្គមជឿនលឿនជាងមុន។

នាថ្ងៃទី៥ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១,៣០២,៥៣៩ ដុល្លារអាម៉េរិក ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីរំដោះមីន នៅកម្ពុជា ផងដែរ។ នេះជាជំនួយឥតសំណង ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្តគម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ (គម្រោង PRDB)  និង គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ( ​គម្រោង PRCS) ។

កញ្ចប់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ លោក  អ៊ូអិណុ ឯកអគ្គរាជទូតជប់ុនប្រចាំកម្ពុជា ជាមួយអ្នកតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោក  អ៊ូអិណុ សង្ឃឹមថា ជំនួយឥតសំណងទាំងនេះ នឹងលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។

អត្ថបទទាក់ទង

យ៉ាងណាមិញ កិច្ចការបោសសម្អាតមីននៅកម្ពុជា ដែល CMAC បានជំនួយពីភ្នាក់ងារជំនួយបរទេសរបស់អាម៉េរិក (USAID) ត្រូវបានផ្អាកប្រតិបត្តិការដោះមីនក្នុងរយៈពេល៣ខែ បន្ទាប់រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ ប្រកាសផ្អាកជំនួយអន្តរជាតិ៣ខែ។   ការផ្អាកប្រតិបត្តិការនេះ គឺកើតឡើងនៅខេត្តគោលដៅចំនួន ៨ ដូចជា ខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន