កីឡារដូវរងាអាស៊ី៖ កម្ពុជា ត្រូវប្រជែង១០ប្រទេស ក្នុងប្រភេទកីឡាស្គីទឹកកក វិញ្ញាសារំអិលក្តារបន្ទះ
- ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រូបភាព៖ សហព័ន្ធកីឡាស្គែតកម្ពុជា
អត្តពលិកកម្ពុជា ៤រូប នឹងត្រូវចូលរួមប្រកួតតែមួយប្រភេទកីឡា លើ១វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី ក្រុងហាពីង ប្រទេសចិន ដែលជាការបង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្នុងប្រភេទកីឡាស្គីទឹកកក (Snowboarding) លើវិញ្ញាសារំអិលក្តារបន្ទះ (Slopestyle) កីឡាករកម្ពុជាទាំង៤ ត្រូវប្រជែងជាមួយកីឡាករ១៥នាក់ មកពី១០ប្រទេសផ្សេងទៀត។ ការប្រកួតជម្រុះ នឹងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ។

កីឡាស្គីទឹកកក Snowboarding ស្ថិតក្នុងចំណោមប្រភេទកីឡាទាំង១១ ដែលម្ចាស់ផ្ទះចិនដាក់ឱ្យប្រជែងមេដាយ នៅកីឡារដូវរងាអាស៊ី ក្រុងហាពីង ឆ្នាំ ២០២៥។ ដោយឡែកប្រភេទកីឡាស្គីទឹកកនេះ មាន៦វិញ្ញាសា រួមបញ្ចូលគ្នាទាំងបុរស-នារី។
លើវិញ្ញាសារំអិលក្តារបន្ទះ (Slopestyle) បុរស មាន១១ប្រទេសចូលរួម ដែលមានកីឡាករសរុប ១៩រូប ប្រកួតប្រជែង។ ចំណោម ១១ប្រទេស ម្ចាស់ផ្ទះចិន និងកម្ពុជា មានកីឡាករ៤រូប ច្រើនជាងគេ ស្របពេលកូរ៉េខាងត្បូង និង លីបង់ មាន២រូបដូចគ្នា។ អាហ្វហ្គានីស្ថាន ជប៉ុន កូវ៉ែត ហ្វីលីពីន កាតា ថៃ និងអារ៉ាប៊ីសាអូឌីត មានកីឡការ១រូបដូចគ្នា។

កីឡាករទាំង៤រូបរបស់កម្ពុជាសុទ្ធតែជាយុវជនវ័យក្មេង រួមមាន ភីន ម៉េងជ័ង អាយុ១៦ឆ្នាំ រី ប៊ុនហាក់ អាយុ១៥ឆ្នាំ ពីសី បញ្ញាសិទ្ធិ អាយុ១៤ឆ្នាំ និង ឌួង ចាន់សុវណ្ណរតនៈ។ ការប្រកួតវគ្គជម្រុះ វិញ្ញាសារំអិលក្តារបន្ទះ នឹងធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ និងផ្តាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែកុម្ភៈ។
បើតាមការបង្ហោះរបស់លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កីឡាករទាំង៤បានចូលទីលានហ្វឹកហាត់ពីរថ្ងៃហើយ នៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ នៅទីលានប្រកួតក្នុងរមណីយដ្ឋានស្គីយ៉ាពួលី។
ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីលើកទី៩ នៅហាពីង ដែលបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី៣ ខែកុម្ភៈ មុនពិធីបើកផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ និងបិទបញ្ចប់នៅថ្ងៃទី១៤ ខែកុម្ភៈ មាន ៣៤ប្រទេសចូលរួម ក្នុងនោះមានអត្តពលិកសរុប ១ ២៧៥រូប (បុរស ៧៧៥ និងស្រ្តី ៥២០) ដោយប្រកួតប្រជែងក្នុង ១១ប្រភេទកីឡា លើ ៦៤វិញ្ញាសា៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: