រដ្ឋ ដាក់ចេញនូវយុទ្ធសាស្រ្តកៀរគរចំណូល ដោយផ្ដោតលើការធ្វើទំនើបនៃរដ្ឋបាល និងប្រព័ន្ធប្រមូលពន្ធ
- ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

សាលាពន្ធដារខេត្តបាត់ដំបង។ រូបពី ហ្វេសប៊ុកសាខាពន្ធដារបាត់ដំបង
ភ្នំពេញ៖ នៅនីតិកាលទី៧ រដ្ឋាភិបាលសម្រេចដាក់ចេញយុទ្ធសាស្ត្រីកៀរគរចំណូល ដើម្បីក្លាយជាគោលនយោបាយ សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយឈានបាននូវចីរភាពកំណើនសេដ្ឋកិច្ច។ យុទ្ធសាស្រ្តនេះ ផ្ដោតលើការពង្រីកវិសាលភាព និងពង្រឹងគុណភាពប្រព័ន្ធចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ តាមរយៈការធ្វើទំនើបកម្មរដ្ឋបាល។

យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចេញនៅខែមករា ឆ្នាំ២០២៥ ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានទាំងអស់៩ជំពូក។ រដ្ឋាភិបាលអះអាងថា យុទ្ធសាស្ត្រនេះ នឹងធានាបាននូវយុត្តិធម៌ និងសមធម៌ ក្នុងការបង់ពន្ធ និងធានាបាននូវកំណើនចំណូល។ ទន្ទឹមនឹងនេះ នឹងជួយឱ្យរដ្ឋសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា គឺប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
គោលដៅនៃយុទ្ធសាស្រ្ត គឺរក្សា និងជំរុញចំណូលចរន្តឱ្យបានក្នុងរង្វង់១៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក នៅពេលកំណើនសេដ្ឋកិច្ចត្រឡប់មកកាន់គន្លងសក្តានុពលវិញ។ កត្តាចម្បងមួយទៀត គឺធានាឱ្យបាននូវភាពច្បាស់លាស់ និងភាពត្រឹមត្រូវនៃប្រព័ន្ធពន្ធ និងភាពអាចព្យាករណ៍បាននៃការផ្លាស់ប្ដូរ។ លើសពីនេះ គឺបន្តពង្រីកវិសាលភាព និងពង្រឹងគុណភាពប្រព័ន្ធចំណូលមិនមែនសារពើពន្ធ។
យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តធ្វើទំនើបកម្ម និង ពង្រីកអភិបាលកិច្ចនិងស្ថាប័ន តាមរយៈការវិភាគមុខងារ កែសម្រួលរចនាសម្ព័ន្ធ ពង្រឹងចំណេះដឹង ក្រមប្រតិបត្តិវិជ្ជាជីវៈរបស់មន្ត្រី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាដើម។
នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានសង្ក់តធ្ងន់លើ៖ «ការធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធជំនាន់ទី២ បូក (Tax Administration 2 Plus) និងឈានឆ្ពោះទៅរដ្ឋបាលសារពើពន្ធជំនាន់ទៅ៣ (Tax Administration 3.0) ដែលមានលក្ខណៈទំនើប និងផ្ដល់សេវាជូនដល់អ្នកជាប់ពន្ធកាន់តែងាយស្រួល»។ ទន្ទឹមនឹងនេះ រដ្ឋ នឹងបន្តធ្វើសមហរណកម្ម និងសន្ធានកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានពេញលេញ ឌីជីថលូបនីយកម្មនីតិវិធីគយ បន្តកែទម្រង់អាករពិសេស ពិនិត្យឡើងវិញនូវចំណាយសារពើពន្ធ បន្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រឹងអភិបាលកិច្ចស្ថាប័នជាដើម៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: