អ្នកសិល្បៈបាត់ម៉ូតូ! លោក ជួន ណារិន្ទ ថាមិនមែនចោរប្លន់ទេ តែ​ជា​ការ​យកទៅ​លក់​ដោយ​ខ្លួនឯង
  • ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣៥ នាទី រសៀល
អ្នកសិល្បៈបាត់ម៉ូតូ! លោក ជួន ណារិន្ទ ថាមិនមែនចោរប្លន់ទេ តែ​ជា​ការ​យកទៅ​លក់​ដោយ​ខ្លួនឯង
ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ។ រូបពី ហ្វេសប៊ុក លោក ជួន ណារិន្ទ

ភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការនគរបាលជាតិ អះអាងថា ករណីល្បីតា​មបណ្ដាញ​សង្គម មានអ្នកសិល្បៈភ្លេងខ្មែរ ត្រូវចោរប្លន់យកម៉ូតូ ពេលជិតភ្លឺ ខណៈពេលជិត​ទៅ​លេខ​ភ្លេងនៅម្ដុំក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនមានជាការពិតឡើយ វាជាករណី​កុហក​របស់ម្ចាស់ម៉ូតូ។
TTN-Free-Banner-In-Article-PC

 
កាលពីថ្ងៃទី៩កុម្ភៈ សិល្បៈករមួយរូប បានសរសេរលើបណ្ដាញសង្គមឱ្យអ្នកសិល្បៈភ្លេងខ្មែរ បង្កើន​ការប្រុងប្រយ័ត្ន ពេលជិះម៉ូតូ ទៅលេងភ្លេងនាពេលទៀបភ្លឺ ដោយដំណឹងថាមាន ករណីប្លន់ម៉ូតូ នៅម្ដុំក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
 
នៅថ្ងៃដដែល នៅពេលឃើញព័ត៌មានខាងលើ ស្នងការដ្ឋានរាជធានីភ្នំពេញ ក៏បានស្នើឱ្យ ម្ចាស់ម៉ូតូដែលបាត់ទៅសហការជាមួយប៉ូលិស ដើម្បីសមត្ថកិច្ចចាត់វិធានការ ព្រោះម្ចាស់ ម៉ូតូមិនទាន់ដាក់ពាក្យបណ្ដឹង។ 
 
ករណីនេះ អគ្គស្នងការនគរបាលជាតិ ក៏អះអាងដែរថា បានបញ្ជាឱ្យសមត្ថកិច្ចជំនាញស្រាវ ជ្រាវដែរ តែមិនឃើញមានករណីប្លន់ឡើយ។ ប៉ុន្តែ អ្វីដែលនាំឱ្យ លោក ជួន ណារិន្ទ ហួស ចិត្ត ជាករណីលួចយកម៉ូតូទៅលក់។ 
 
លោក ជួន ណារិន្ទ អគ្គស្នងការនរគបាលជាតិ។ រូបពី ហ្វេសប៊ុកលោក ជួន ណារិន្ទ

លោក ជួន ណារិន្ទ បានសរសេរលើទំព័រហ្វេសប៊ុកខ្លួន នៅថ្ងៃទី១៩កុម្ភៈ យ៉ាងដូច្នេះ៖ «ចំ ពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង​ (បានលុយ៩៣០ដុល្លារ) ​ ហើយកុហក ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? »។ 
 
អគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងន់ ពីចំណាត់ការលើម្ចាស់ម៉ូតូបែបនេះ៖ «តើត្រូវឱ្យ​សមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណា ជូនមហាជនដើម្បីជៀសវាង ការភ័យខ្លាច ដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ? »។ 
 
សូមជម្រាបថា មុនសមត្ថកិច្ចចេញបកស្រាយ មហាជនបានបញ្ចេញមតិយ៉ាងច្រើន លើ​ភាពអសកម្មរបស់សមត្ថកិច្ច តាមរយៈព័ត៌មានល្បី ដែលថាមានអ្នកសិល្បៈភ្លេងខ្មែរ​ត្រូវ​ចោរប្លន់យកម៉ូតូ ពេលជិតភ្លឺ ខណៈពេលជិតទៅលេខភ្លេងនៅម្ដុំក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីសមត្ថកិច្ចបំភ្លឺការពិត មហាជនក៏ហួសចិត្ត ហើយកោតសរសើរ​សមត្ថកិច្ចវិញ៕ 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ឡាយ សុភាវតី