រិះគន់ ចំអ​ក ​លេង​សើច តែ​ហេតុ​អ្វី​ចាំបាច់ទាញ​ក្មេងចូល​?
  • ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:១១ នាទី ល្ងាច
រិះគន់ ចំអ​ក ​លេង​សើច តែ​ហេតុ​អ្វី​ចាំបាច់ទាញ​ក្មេងចូល​?

​ភ្នំពេញ៖ គោរពសិទ្ធិកុមារ! កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិត ដែលត្រូវបានធានាដោយច្បាប់។ កុមារគ្រប់រូបមានសិទ្ធិឯកជនភាព។ ច្បាប់ត្រូវការពារឯកជនភាព គ្រួសារ គេហដ្ឋាន ការទំនាក់ទំនង និងកេរ្តិ៍ឈ្មោះរបស់កុមារពីការវាយប្រហារនានា។ ដូច្នេះមិនត្រូវយកកុមារ មកធ្វើជាប្រធានបទកំប្លែង និងជម្លោះឡើយ។
TTN-Free-Banner-In-Article-PC


កុមារ កំពុងរងគ្រោះ ព្រោះទង្វើរបស់មនុស្សចាស់មួយចំនួន។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីយកកុមារមកលេងសើច ចំអកឡកឡាយ ក្រោមប្រធានបទផ្សេងៗ ។ ជាក់ស្ដែង មានករណីលោក ងួន ចាន់ដាវិត តារាចម្រៀងរ៉េប ត្រូវបានគណនីហ្វេសប៊ុកដ៏ល្បីមួយ មានឈ្មោះថា «អាក្លូ» បានយករឿងរ៉ាវផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ មកលេងសើចនៅក្នុងវីដេអូកំប្លែងខ្លួន ដោយបាននិយាយថា«មិនដូចអ្នកខ្លះ កូនកើតមកទាន់ម៉ែឪរៀបការ»។ ពាក្យមួយឃ្លានេះ បានធ្វើឱ្យតារាចម្រៀងរ៉េបដែលគេស្គាល់ជា​ទូទៅថា G-Devith និងភរិយា គឺ​អ្នកនាងទេព បូព្រឹក្ស មិនសប្បាយចិត្ត ហើយដាក់ពាក្យបណ្ដឹងតាមនីតិវិធីច្បាប់ ខណៈម្ចាស់គណនីហ្វេសប៊ុក«អាក្លូ» ក៏បានចេញមុខសុំទោសជាសាធារណៈ។ ជុំវិញករណីនេះ G-Devith ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គការ UNICEF នៅកម្ពុជា ដើម្បីប្រឆាំងនឹងទង្វើប្រមាថ ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិកុមារ។

ខាងលើនេះ ជាករណីមួយ​ ក្នុងចំណោមករណីជាច្រើនទៀតនៅក្នុងសង្គម។ ករណីដែលគេឮញឹកញាប់នោះ គឺការប្រើប្រាស់ពាក្យលេងសើចថា «កូនអត់ឪ ឬកូនអត់ម៉ែ» ទៅកាន់កុមារកំព្រាឪពុកម្ដាយ។ ពាក្យចំអកនេះ នៅតែកើតមាន។ ចំណែកមនុស្សចាស់ខ្លះ ជំរុញឱ្យកុមារសេពគ្រឿងស្រវឹង ហើយថតរូបភាពបង្ហោះលើបណ្ដាញសង្គម, អ្នកខ្លះទៀត ឈ្លោះគ្នា បែរជាយកក្មេងមកជេរប្រមាថ ក្នុងប្រធានបទជម្លោះនោះដែរ។ ទង្វើបែបនេះ មិនត្រូវបានលើកទឹកចិត្តឡើយ។

ការយកកុមារមកលេងសើច និងប្រមាថបែបនេះ វាបង្ហាញពីទង្វើអសីលធម៌ ដែលប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់កុមារ ជាពិសេសផ្លូវអារម្មណ៍ ស្មារតី និងអនាគតរបស់កុមារ ដែលនាំឱ្យពួកគេកើតជំងឺបាក់ទឹក ឬមិនហ៊ានប្រឈមមុខនឹងសង្គមជាដើម។ ម្យ៉ាងទៀតទង្វើបែបនេះ ក៏ជាការអនុវត្តផ្ទុយពីអនុសញ្ញាស្តីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាត កាលពីថ្ងៃទី២០ វិច្ឆិកា ១៩៨៩។

កុមារគ្រប់រូប មានសិទ្ធិតាំងពីកំណើត។ កុមារ ក៏ទទួលបានសិទ្ធិការពារពីអំពើ ឬការប្រព្រឹត្តិផ្សេងៗ ដែលបង្កការអន្តរាយដល់ពួកគេ ។ គ្រប់សកម្មភាពពាក់ព័ន្ធនឹងកុមារ ត្រូវយកឧត្តមប្រយោជន៍របស់កុមារ មកពិចារណាជាចម្បង។ កុមារគ្រប់រូប មិនត្រូវរងការរើសអើងគ្រប់ទម្រង់ តាមរយៈជាតិសាសន៍ ព័ណ៌សម្បុរ ភេទ ភាសា សាសនា ឋានៈសង្គម ពិការភាព ទស្សនៈនយោបាយ ឬទស្សនៈផ្សេង ឬស្ថានភាពរបស់កុមារ និងឪពុកម្ដាយរបស់ពួកគេ។ ជាពិសេសមិនត្រូវរំលោភបំពាន ប្រមាថ កេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកុមារឡើយ។ ទាំងនេះ មានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ

កម្ពុជា បានក្លាយជារដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ វិច្ឆិកា ១៩៩២ និងជារដ្ឋភាគីនៃពិធីសារបន្ថែមប្រឆាំងនឹងការជួញដូរកុមារ នៅថ្ងៃទី៣០ មិថុនា ២០០២។ កម្ពុជា ក៏ជារដ្ឋភាគីនៃពិធីសារបន្ថែមពាក់ព័ន្ធកុមារ នៅក្នុងជម្លោះប្រដាប់អាវុធ នៅថ្ងៃទី១៦ សីហា ២០០៦ទៀតផង។

រដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ត្រូវគោរព និងធានាសិទ្ធិកុមារ សិទ្ធិរស់រានមានជីវិត ដោយមិនឱ្យពួកគេរងការរើសអើង កេងប្រវ័ញ្ច ការជួញដូរ ការរំលោភបំពានក្រោមរូបភាពផ្សេងៗ ការប្រើអំពើហិង្សាលើរាងកាយ និងផ្លូវចិត្ត។ល។ សូម្បីតែធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន របស់ក្រសួងព័ត៌មាន ក៏មានចែងហាមចុះផ្សាយរូបភាពកុមារ ដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬសង្គមជាតិដែរ។

ដូច្នេះសរុបមកវិញ ពលរដ្ឋគ្រប់រូប ត្រូវស្វែងយល់ពីច្បាប់ពាក់ព័ន្ធនឹងសិទ្ធិកុមារឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសសកម្មភាព និងទង្វើណាមួយ ដែលនាំឱ្យកុមារក្លាយជាជនរងគ្រោះ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងអនាគតរបស់កុមារ ដែលជាសសរទ្រូង និងជាទំពាំងស្នងឫស្សីប្រទេសជាតិឡើយ៕ 

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។ ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា