សម្តេច ហ៊ុន ម៉ាណែត អួតគុណភាព«អង្ករក្រអូបកម្ពុជា» និងជំរុញធុរជនហ្វីលីពីន បង្កើនការនាំចូល
  • ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
សម្តេច ហ៊ុន ម៉ាណែត អួតគុណភាព«អង្ករក្រអូបកម្ពុជា» និងជំរុញធុរជនហ្វីលីពីន បង្កើនការនាំចូល
សម្តេច ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ។ រូបភាព៖ ហ្វេសប៊ុក សម្តេចនាយករដ្ឋមន្ត្រី

ពីប្រទេសហ្វីលីពីន សម្តេច ហ៊ុន ម៉ាណែត បានលើកសរសើរនូវគុណភាពដ៏ល្អបំផុត របស់អង្ករក្រអូបកម្ពុជា ដែលដណ្តើមបានចំណាត់«អង្ករ»ល្អដាច់គេ រហូតដល់ទៅ៦លើកឯណោះ​​។
TTN-Free-Banner-In-Article-PC


នៅចំពោះធុរកិច្ចជនប្រមាណ ២០០នាក់ មកពីបណ្តាក្រុមហ៊ុនជាង ១៥០ក្រុមហ៊ុន ដែលចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នា​រសៀលថ្ងៃទី១០ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតលើកទឹកចិត្តវិនិយោគិន ហ្វីលីពីន ឱ្យបង្កើនការនាំចូលអង្ករពីកម្ពុជា ក៏ដូចជាវិនិយោគបន្ថែមទៀត ក្នុងខ្សែច្រវាក់ផលិតកម្ម ស្រូវអង្ករ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេ​ច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖ «ខ្ញុំសូមអញ្ជើញធុរជនហ្វីលីពីន ដើម្បីនាំចូលអង្ករដោយផ្ទាល់ពីកម្ពុជា ធ្វើវិនិយោគលើខ្សែច្រ​វាក់ផលិតកម្មនៅកម្ពុជា និងសហការក្នុងការធ្វើយុទ្ធសាស្ត្រម៉ាឃេតធីង និងទីផ្សារ ដើម្បីផ្សព្វផ្សាយអង្ករកម្ពុជា ក្នុងទីផ្សារហ្វីលីពីន។»។

ពីវេទិកាដដែល ប្រមុខរាជរដ្ឋាភិបាល ​បានចាត់ទុកវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីននេះ ថាមិនមែនជាការជួបជុំគ្នាធម្មតានោះទេ ប៉ុន្តែជាស្ពានសម្រាប់ផ្សារភ្ជាប់ប្រទេសកម្ពុជា និងហ្វីលីពីន ​ ហើយក៏ជាកន្លែង ដែលធុរកិច្ច អាចភ្ជាប់នូវទំនាក់ទំនង និងបង្កើតនូវគំនិតផ្តួចផ្តើមល្អៗរួមគ្នា ក្នុងន័យជំរុញពាណិជ្ជកម្មទ្វេភាគី។

​ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រុមធុរជនហ្វីលីពីន អំពី​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការប្រើ​ប្រាស់ឧត្តមភាពប្រៀបធៀប ក៏ដូចជាគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនការតភ្ជាប់ក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ កម្លាំងពាណិជ្ជកម្មដ៏មានជំនាញ និងទីផ្សារក្នុងស្រុកប្រកបដោយចីរភាព។

«កម្ពុជាផ្តល់ជូននូវការវិនិយោគដ៏គួរឱ្យទាក់ទាញជាច្រើន នៅក្នុងវិស័យគន្លឹះៗដែលមានសក្តានុពលសម្រាប់កិច្ចសហការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ »។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឃើញប្រទេសទាំង២ ជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ