សម្តេច ហ៊ុន សែន ថាមានអ្នករៀបចំផែនការភេរវកម្ម ប៉ងយកជីវិតខ្លួន នៅប៉ុន្មានសប្តាហ៍នេះ
- ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:៥១ នាទី ព្រឹក

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពី SHS
ហេតុអ្វីគេចង់សម្លាប់ខ្ញុំ? នេះជាចម្ងល់របស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្តោតចំពោះទៅផែនការ វាយប្រហារដោយប្រើប្រាស់ដ្រូនចូលភូមិគ្រឹះនៅតាខ្មៅ ប៉ងយកជីវិតខ្លួន។ សម្តេចប្រធានព្រឹទ្ធសភា ចាត់ទុក ការប៉ុនប៉ងសម្លាប់នេះ ជាអំពើភេរវកម្ម។

នៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអង្គារ ថ្ងៃទី១១កុម្ភៈ ក៏បានផ្តាំទៅបរទេសឱ្យប្រយ័ត្នប្រយែង ទៅលើការគាំទ្រសកម្មភាពភេរវកម្ម និងបញ្ជាក់ថា បើមានករណី បាត់មនុស្សខ្លះចេញពីមូលដ្ឋាន គឺពាក់ព័ន្ធនឹងផែនការភេរវកម្មនោះហើយ។
សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៖«ក្នុងប៉ុន្មានអាទិត្យនេះ (មាន)ផែនការវ៉ៃដ្រូន ចូលផ្ទះខ្ញុំ។ អ្នកឯង កុំស្មានថា ពេលដែលអ្នកឯងបញ្ចេញសារមក និងជូនព័ត៌មានសម្រាប់ផែនការបែបនេះ ផ្នែកខាងណេះមិនដឹងនោះ។ ហើយគ្រាន់តែចង្អុលបង្ហាញថា បើបាត់មនុស្សខ្លះ ចេញពីមូលដ្ឋាន គឺវាទាក់ទងនឹងផែនការភេរវកម្ម។ ហើយសូមបរទេស កុំលូកលាន់ ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ព្រោះកម្ពុជា ត្រូវតែគ្រប់គ្រងលើសន្តិសុខ។»។
ប្រមុខព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានព័ត៌មាន និងភ័ស្តុតាងច្បាស់ ចំពោះការចេញបញ្ជារៀបចំផែនការដ្រូន សម្រាប់វាយប្រហារនេះ។
មុនប្រកាសអំពីផែនការវាយប្រហារនេះ សម្តេច ហ៊ុន សែន ក៏ឆ្លៀតឆ្លើយតបទៅនឹងមតិរិះគន់របស់ក្រុមប្រឆាំងមួយចំនួន ដែលតែងនិយាយថា ត្រកូលហ៊ុន ក្តោបក្តាប់កម្ពុជា ឬដាក់កូនប្រុសឱ្យធ្វើជានាយករដ្ឋមន្ត្រីជាដើម។ សម្តេច ឆ្លើយតបថា អត់ទេ! អ្នកណាមានសមត្ថភាព អ្នកនោះធ្វើ(នាយករដ្ឋមន្ត្រី)។
សម្តេច ហ៊ុន សែន លើកឡើងដូច្នេះ៖ «គេថា ត្រកូលហ៊ុន អត់ទេ! ខ្ញុំអត់ដឹងត្រកូលអ្នកណា អ្នកណាទេ! អ្នកណាមានលទ្ធភាព អ្នកហ្នុងធ្វើ។ និយាយអីញ្ចឹង! អ្នកឯងនិយាយត្រកូលហ៊ុន ឥឡូវ ទាល់តែដាក់ត្រកូលអ្នកឯង មកធ្វើនាយករដ្ឋមន្ត្រី បានអ្នកឯងសុខចិត្ត? ហើយអ្នកឯងចង់បំផ្លាញត្រកូលហ៊ុន?»។
ជុំវិញផែនការវាយប្រហារចូលភូមិគ្រឹះខ្លួន នៅក្រុងតាខ្មៅនេះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បញ្ជាក់ដែរថា មានបុគ្គលម្នាក់ បានបាត់ខ្លួនពីខេត្តតាកែវហើយ ព្រោះបានគាំទ្រសកម្មភាពភេរវកម្មនេះ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com