តុលាការ ឱ្យលោក រ៉ុង ឈុន និងគ្នីគ្នា២នាក់ទៀត បង់សំណងខូចខាត ៤០០លានរៀល
- ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:៣៦ នាទី រសៀល

លោក រ៉ុង ឈុន ទីប្រឹក្សារបស់បក្សកម្លាំងជាតិ។ រូបពី ហ្វេសប៊ុកលោក រ៉ុង ឈុន
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យ លោក រ៉ុង ឈុន, ស កណិការ និង តុន និមល រួមគ្នាសងការខូចខាតទៅ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចំនួន៤០០លានរៀល។ នេះបើតាម លិខិតជូនដំណឹង ស្ដីពីការអនុវត្តដោយស្ម័គ្រចិត្ត របស់លោក យី សុខវួច ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញថ្ងៃទី១១កុម្ភៈ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានទុកពេល១ខែឱ្យអ្នកពាក់ព័ន្ធទាំងបីរូប បង់សំណង។ ក្នុងលិខិតដដែល បានព្រមានអ្នកទាំង៣យ៉ាងដូច្នេះ៖ «ឈ្មោះ រ៉ុង ឈុន ឈ្មោះ ស កណិការ និងឈ្មោះ តុន និមល មកបង់ឱ្យម្ចាស់បំណុល នៃការអនុវត្តនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ដខែ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹង។ ក្នុងករណីសហកូនបំណុលនៃការអនុវត្ត បានទទួលលិខិតជូនដំណឹងនេះហើយ មិនអនុវត្តតាមការជូនដំណឹងខាងលើ តុលាការនឹងបន្តអនុវត្តតាមនីតិវិធីច្បាប់»។
ពាក់ព័ន្ធនឹងការសម្រេចនេះ លោក រ៉ុង ឈុន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា នឹងជួបពិភាក្សាជាមួយមេធាវីលោកបន្ថែម ដើម្បីរកដំណោះស្រាយ ខណៈពេលនេះ លោកពុំមានលទ្ធភាពបង់ឡើយ។ លោក រ៉ុង ឈុន សព្វថ្ងៃ មានតួនាទីជាទីប្រឹក្សាគណបក្សកម្លាំងជាតិ បានលើកឡើងបែបនេះ៖ «ការបង់សំណងនេះ វាច្រើនលើសលុប រហូតដល់៤០០លានរៀល យើងអត់លទ្ធភាពទេ ខណៈពេលបច្ចុប្បន្ន ខ្ញុំរស់សឹងតែមិនអាចរកអាហារបីពេលហូបឱ្យល្អប្រសើរគ្រប់គ្រាន់ផង! មានតែទទួលបានការឧបត្ថម្ភបងប្អូនអ្នកដែលគោរពស្រលាញ់ជួបបន្តិចបន្តួច។ ដូច្នេះ ខ្ញុំនឹងជជែកជាមេធាវីខ្ញុំសិនថាត្រូវធ្វើយ៉ាងណា ព្រោះគេទុកពេកឱ្យមួយខែដែរ»។
កាលពីថ្ងៃទី៣១កក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនិងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារជជែកពីបញ្ហាព្រំដែន។ បន្ទាប់តុលាការ ក៏ចោទប្រកាន់ និងសម្រេចឃុំខ្លួនលោក ពីបទញុះញង ពាក់ព័ន្ធនឹងសកម្មភាពលោក ចុះទៅខេត្តត្បូងឃ្មុំ ជួបប្រជាពលរដ្ឋ។ ពេលនោះ លោកលើកឡើងថា ដីធ្លីរបស់ពលរដ្ឋ ត្រូវបានអាជ្ញាធរវៀតណាមហាមមិនឱ្យចូលធ្វើស្រែចម្ការ ហើយវៀតណាម បោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com