យូនីសេហ្វ ដាក់ដំណើរការកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនបែបវិជ្ជមាន
- ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ យូនីសេហ្វ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរការកម្មវិធី«គន្លឹះនៃការចិញ្ចឹមកូន» ដែលជាវេទិកាឌីជីថលថ្មីមួយដើម្បីគាំទ្រដល់ឪពុកម្តាយ និងអ្នកថែទាំក្នុងការផ្តល់ការចិញ្ចឹមបីបាច់ និងថែទាំកុមារបែបវិជ្ជមាន។

កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» គឺជាការបញ្ជូនព័ត៌មានតាមរយៈកម្មវិធីតេឡេក្រាម (Telegram) និងការហៅទូរសព្ទឆ្លើយតបជាសំឡេង (IVR) ដែលអនុញ្ញាតឱ្យឪពុកម្តាយទទួលបានព័ត៌មានទាន់ពេលវេលា និងចាំបាច់។ កម្មវិធីនេះ នឹងជួយដល់អាណាព្យាបាលទទួលបានគន្លឹះថែទាំកូនទាំងពីក្នុងផ្ទៃ។
ឪពុកម្ដាយ ឬអាណាព្យាបាល អាចចុះឈ្មោះដោយឥតគិតថ្លៃ ដោយហៅទូរសព្ទទៅលេខ ១២៧៩ ឬចុចលើតំណភ្ជាប់ដែលបានផ្ញើតាមសារ SMS។ នៅពេលដែលបានចុះឈ្មោះរួចរាល់ ឪពុកម្ដាយអាចចូលមើលប្រធានបទជាច្រើន ដូចជា អាហារូបត្ថម្ភ ការថែទាំ និងការដាក់វិន័យបែបវិជ្ជមាន។ កម្មវិធីនេះ នឹងផ្ញើសាររំលឹកឪពុកម្តាយ ដើម្បីអនុវត្តគន្លឹះនៃការចិញ្ចឹមកូនទាំងនេះនៅផ្ទះ។
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា លើកឡើងថា៖ «កម្មវិធីនេះគឺជាវេទិកាដ៏មានសារប្រយោជន៍សម្រាប់ឪពុកម្តាយ និងអាណាព្យាបាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយាល»។ នាយកយូនីសេហ្វ បន្តថា តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីការចិញ្ចឹមកូន កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ធានាថា គ្រួសារនានាទទួលបានការណែនាំដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសុខភាពល្អសម្រាប់កូនៗរបស់ពួកគេ។
បើតាមយូនីសេហ្វ កុមារតូចៗនៅកម្ពុជា ប្រឈមនឹងការលំបាកធ្ងន់ធ្ងរ ដូចជាកង្វះអាហារូបត្ថម្ភ និងការដាក់វិន័យបែបហិង្សា។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ចុងក្រោយ (ឆ្នាំ ២០២១-២០២២) កុមារ កម្ពុជាអាយុពី ០ ខែ ទៅ ២ ឆ្នាំ ចំនួន៤៩ភាគរយ បានទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ហើយ ៦០ ភាគរយនៃកុមារដែលមានអាយុពី ១-១៤ឆ្នាំ បានទទួលរងនូវការដាក់វិន័យបែបហិង្សា។
កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ត្រូវបានរៀបរៀងឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយផ្តល់ឱ្យឪពុកម្តាយ/អាណាព្យាបាល នូវដំបូន្មានជាក់ស្តែង និងផ្អែកលើភស្តុតាងស្តីពីការបង្កើតបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កូនរបស់ពួកគេ។ តាមរយៈការដាក់ដំណើរកម្មវិធីនេះ យូនីសេហ្វ សង្ឃឹមថានឹងធ្វើឱ្យជីវិតរបស់កុមារនៅទូទាំងប្រទេសកម្ពុជាមានភាពប្រសើរឡើងជាយូរអង្វែង។
ជាមួយគ្នានេះ យូនីសេហ្វ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក ដើម្បីធានាបាននូវការចូលប្រើកម្មវិធីនេះដោយឥតគិតថ្លៃ ទោះបីជានៅក្នុងតំបន់ដែលមិនសូវមានការតភ្ជាប់អ៊ីនធឺណិតក៏ដោយ ដើម្បីធានាឱ្យបាននូវសមធម៌ ក្នុងការទទួលបានការណែនាំអំពីការចិញ្ចឹមកូន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់យូនីសេហ្វ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: