អាវុធហត្ថ បញ្ជូនបុគ្គលិកអង្គការអភិរក្សបរិស្ថាន៥នាក់ទៅតុលាការ ក្រោយទិញសាច់សត្វព្រៃហូប និងគំរាមពលរដ្ឋ
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១០:១៩ នាទី ព្រឹក

រូបភាពពីអាវុធហត្ថរាជធានីភ្នំពេញ។
ភ្នំពេញ៖ បុរស ៥នាក់ ជាប្រធាន និងបុគ្គលិកនៃអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយបានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ និងគំរាមទារប្រាក់។ នេះបើតាមការផ្សព្វផ្សាយរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ កុម្ភៈ។

កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ មានប្រជាពលរដ្ឋម្នាក់ បានរាយការណ៍ទៅកាន់លេខទូរសព្ទបន្ទាន់ ១២៩១របស់អាវុធហត្ថរាជធានីភ្នំពេញ ពីករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ និងឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់ដើម្បីគំរាមទារប្រាក់។ ករណីនេះ បានកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយទទួលបានព័ត៌មានខាងលើ លោក រ័ត្ន ស៊្រាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ សហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវ។ បន្ទាប់មកកម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួន បានមនុស្ស ៥នាក់ ដែលមានតួនាទីជាប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ រួមទាំងបុគ្គលិក។
បើតាមអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់។ ក្រុមបុគ្គលិកអង្គការបរិស្ថានខាងលើនេះ បានចាប់យកសត្វអណ្ដើក ៥ក្បាល ពស់វែក ១ក្បាល និងពស់ចាន់ល្មម ២ក្បាល និងបានគំរាមទារប្រាក់ចំនួន ៥លានរៀលផងដែរ។
«តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារ ជាថ្នូរឲ្យស្ត្រីម្នាក់នោះរួចខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញប្រាកដមែន ហើយប្រាក់ចំនួន ៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នា បានម្នាក់ជាង ២០ម៉ឺនរៀល រីឯសាច់សត្វដែលពួកខ្លួនបានចាប់នោះពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ»។ នេះជាការរៀបរាប់របស់ក្រុមបុគ្គលិកអង្គការបរិស្ថានទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ។
ជាមួយគ្នានេះ បុរសទាំង៥ខាងលើ ក៏បានសារភាពថា កន្លងមកមានករណីបទល្មើសកើតឡើង ពួកគេតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ។ ក្រោយស្ដាប់ចម្លើយរួច កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៥ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: