បិទម្ខាង និងបើកម្ខាង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវ៥៩៨ ៣ខែ ដើម្បីធ្វើលូ និងប្រព័ន្ធរំដោះទឹក
- ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវលេខ៥៩៨ ដែលស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជាបណ្ដោះអាសន្ន ដោយចរាចរណ៍បិទម្ខាង និងបើកម្ខាង រយៈពេល៣ខែ ចាប់ពីថ្ងៃទី១៤ កុម្ភៈ-១៣ ឧសភា ដើម្បីធ្វើលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ តាមរយៈគម្រោងនេះ នឹងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ៤ម៉ែត្រគុណនឹង៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរឱ្យប្រជាពលរដ្ឋពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបានរៀបចំ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: