កម្ចីអនឡាញខុសច្បាប់! រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឱ្យ «សង» និងប្តឹងទៅសមត្ថកិច្ច បើមានបញ្ហា
- ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:៥៩ នាទី ព្រឹក

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ពលរដ្ឋ កុំឱ្យសងប្រាក់ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់។ ក្នុងករណីអ្នកផ្តល់កម្ចីអនឡាញទាំងនោះ រករឿង រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យពលរដ្ឋ ប្ដឹងទៅសមត្ថកិច្ច។

យោងតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ ការលើកឡើងរបស់ លោក ស សុខា ធ្វើឡើង នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣កុម្ភៈ។ ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាល រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ បន្តផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងទប់ស្កាត់ កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ដែលខ្ចីពីក្រុមជនបរទេស ហើយមានដាក់គំនាប លើអ្នកខ្ចីខុសពីច្បាប់។
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ កុំឱ្យខ្លាចញញើតនឹងពួកកម្ចីខុសច្បាប់ទាំងនោះ។ លោក ស សុខា បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះ ជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។»។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី ក៏បានរំឭកពលរដ្ឋ ឱ្យបែងចែកឱ្យដាច់ រវាងកម្ចីអនឡាញ ខុសច្បាប់ និងកម្ចីស្របច្បាប់ដែលផ្តល់ដោយធនាគារ និងគ្រឹះស្ថានមីហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា។
លោក ស សុខា គូសបញ្ជាក់ថា ពលរដ្ឋ មានកាតព្វកិច្ចទូទាត់សងប្រាក់ ទៅធនាគារ ឬគ្រឹះស្ថានមីហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការស្របច្បាប់ ទៅតាមទំហំ ដែលមានចែកក្នុងកិច្ចសន្យាព្រមព្រៀងគ្នា៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: