ជិះបញ្រ្ចាស! អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់បានម៉ូតូ៥៤គ្រឿង និងកង់បី ២គ្រឿង
- ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៣:១០ នាទី រសៀល

រូបភាពពីសាលាសង្កាត់ស្ទឹងមានជ័យ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦-១៤ កុម្ភៈនេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់បានម៉ូតូចំនួន ៥៤គ្រឿង និងកង់បីចំនួន ២គ្រឿង ដែលបើកបរបញ្រ្ចាសទិសលើផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១។ យានជំនិះទាំងនេះ ត្រូវបានរក្សាទុកនៅប៉ុស្ដិ៍ចំនួន ១ថ្ងៃ ដើម្បីណែនាំ និងធ្វើកិច្ចសន្យា ដោយពុំមានការផាកពិន័យឡើយ។

បញ្ហាជិះបញ្រ្ចាសទិស នៅតែជាបញ្ហាសម្រាប់ពលរដ្ឋមួយចំនួន ដែលមិនគោរពច្បាប់ចរាចរណ៍។ នៅតាមដងផ្លូវនានា តែងមានពលរដ្ឋមួយចំនួន ជិះបញ្រ្ចាសទិសដោយមិនបារម្ភពីសុវត្ថិភាពខ្លួន និងអ្នកដទៃ។
ដើម្បីរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសបញ្ឈប់សកម្មភាពធ្វើដំណើរដោយបញ្រ្ចាសទិស អាជ្ញាធរ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានស្ទាក់ចាប់ម៉ូតូ និងយានជំនិះ ដែលបើកបរបញ្រ្ចាសលើកំណាត់ផ្លូវ២១៧។ ជាក់ស្ដែង ក្នុងរយៈពេល៩ថ្ងៃ អាជ្ញាធរ ឃាត់បានម៉ូតូរហូតដល់ ៥៤គ្រឿង និងកង់បី ចំនួន ២គ្រឿង។

រូបភាពពីសាលាសង្កាត់ស្ទឹងមានជ័យ
ចំពោះវិធានការ សាលាសង្កាត់ស្ទឹងមានជ័យ បញ្ជាក់ដូច្នេះ៖«ចំពោះយានយន្តខាងលើនេះ គឺឃាត់រក្សាទុកនៅប៉ុស្តិ៍១ថ្ងៃ ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់យានយន្តវិញដោយពុំមានការ ផាកពិន័យឡើយ»។
ជុំវិញចំណាត់ការឃាត់យានជំនិះ ដែលជិះបញ្រ្ចាសទិសលើកំណាត់ផ្លូវ ២១៧នេះ មានការចាប់អារម្មណ៍ និងសាទរពីពលរដ្ឋដែលគោរពច្បាប់។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Suon Piseth បានបញ្ចេញមតិថា៖«ក្នុងនាមខ្ញុំបាទ ជាអ្នកធ្វើដំណើរតាមនេះរាល់ថ្ងៃ សូមគាំទ្រសកម្មភាពការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាល ដើម្បីអប់រំនិងកាត់បន្ថយគ្រោះនៅលើដងផ្លូវដោយប្រការណាមួយ។ ហើយខ្ញុំបាទសំណូមពរ ឱ្យខាងអាជ្ញាធរ មេត្តាជាសម្រួលការកកស្ទះនៅផ្លូវម្ខាងទៀតផង បើមិនចឹងទេ គឺនៅតែមានអ្នកជិះបញ្ច្រាសហ្នឹងមិនឈប់ទេ»។
បើតាមមាត្រា៦ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក ទោចក្រយានយន្ត, រ៉ឺម៉ក, ត្រីចក្រយានយន្ត ដែលបើកបរខុសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ នឹងវិន័យទឹកប្រាក់ ១០ម៉ឺនរៀល។ រីឯរថយន្តធុនស្រាល វិន័យ១៥ម៉ឺនរៀល និងរថយន្តធុនធ្ងន់ វិន័យ៣០ម៉ឺនរៀល។ នេះបើតាមមាត្រា៧ថ្មី៕
អ្នកសរសេរអត្ថបទ
ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: