បញ្ឈប់ការនិពន្ធចម្រៀង ដែលប្រាសចាកក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម
- ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំដល់អ្នកសិល្បៈ និងបុគ្គលឈរលើមូលដ្ឋានសិល្បៈ ឱ្យបញ្ឈប់ការតែងនិពន្ធ និងផ្សព្វផ្សាយបទចម្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។ ក្រសួងក៏ស្នើឱ្យម្ចាស់ស្នាដៃ លុបចោលបទចម្រៀងអវិជ្ជមានទាំងនេះ ចេញពីបណ្តាញសង្គម និង Youtube។ នេះបើតាមសេចក្តីណែនាំ នៅថ្ងៃទី ១៤ កុម្ភៈ។

ក្រសួងសង្កេតឃើញថា ថ្មីៗនេះ អ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គម បានតែងនិពន្ធ បទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលបង្កប់ខ្លឹមសារអសុរោះ ពាក្យឌឺដង បញ្ចើចបញ្ចើ នាំឱ្យមានជម្លោះ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងជាគំរូ មិនល្អលើកុមារ។
«បុគ្គលដែលធ្វើអាជីវកម្មក្នុងបណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន»។ នេះបើតាមក្រសួងវប្បធម៌ ដែលបានព្រមានចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិ និងនីតិវិធីនានា។
ក្រសួងវប្បធម៌ សង្ឃឹមថា អ្នកសិល្បៈ និងបុគ្គលល្បីនានា ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសេចក្តីថ្លៃថ្នូរនៃសង្គមជាតិ៕
អ្នកសរសេរអត្ថបទ
លោក តុប វណ្ណារ៉ា (Top Vannara) ជានិស្សិតផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា។ នៅខែមករា ឆ្នាំ២០២៤ លោក តុប វណ្ណារ៉ា ចូលបម្រើការងារជាអ្នកហាត់ការនៅសារព័ត៌មានថ្មីៗ។ លោក តុប វណ្ណារ៉ា ជាអ្នកសារព័ត៌មានថ្មីៗ ដែលផ្តោតលើព័ត៌មានអប់រំ វប្បធម៌ និងផលិតវីដេអូតាមទូរស័ព្ទ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ