លោក ទីវ តារារិទ្ធិ នឹងបន្តជិះកង់ឆ្លងកាត់ អាហ្វហ្គានីស្ថាន ទោះមន្ត្រីទូតព្រមានពីសុវត្ថិភាព
- ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:២៩ នាទី ល្ងាច

លោក ទីវ តារារិទ្ធិ ធ្វើដំណើរដល់ទីក្រុង Bukhara រូបពីលោកទីវ តារារិទ្ធិ
ដំណើរជិះកង់ផ្សងព្រេងរបស់ លោក ទីវ តារារិទ្ធិ គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានរយៈពេល ២៦០ថ្ងៃហើយ។ អ្នកជិះកង់ផ្សងព្រេងវ័យ ៣៦ឆ្នាំរូបនេះ បានទៅដល់ទីក្រុង Bukhara ប្រទេសអ៊ូសបេគីស្ថាន។ លោក ទីវ តារារិទ្ធិ ជិះកង់ផ្សងព្រេងទៅទ្វីបអឺរ៉ុបនេះ ក្នុងគោលបំណងដើម្បីរៃថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលមន្ទីរពេទ្យទាំង២ ត្រូវការចំណាយថវិកាច្រើនក្នុងការជួយដល់កុមារកម្ពុជា ជារៀងរាល់ឆ្នាំ។ អ្នកផ្សងព្រេងរូបនេះ គ្រោងឆ្លងកាត់ប្រទេសអាហ្វហ្គានីស្ថាន ទោះជាមានមន្ដ្រីទូត បានរំលឹកថា នឹងមិនមានសុវត្ថិភាពទេដល់រូបលោក។

ឃ្លាតចាកមាតុភូមិអស់រយៈពេល ២៦០ថ្ងៃ លោក ទីវ តារារិទ្ធិ តែងតែបង្ហោះវីដេអូ និង រូប ភាពទេសភាពនានា លើហ្វេសប៊ុកខ្លួន។ វីដេអូ និងរូបភាពទាំងអស់នោះ បញ្ជាក់ពីភាព លំបាក ឧបសគ្គ និងបទពិសោធន៍នានា លោក តារារិទ្ធិ បានឆ្លងកាត់ ក្នុងដំណើរផ្សងព្រេង។ បទពិសោធន៍ និងឧបសគ្គទាំងនោះ មានដូចជា ការជួបគ្រោះថ្នាក់ចរាចរណ៍ ការការពារពី សីតុណ្ហភាពត្រជាក់ក្រោម ០អង្សាសេ, បញ្ហាសុខភាព, ការប្រាស្រ័យទាក់ទងជាមួយជនបរទេស ឬប្រជាជនជាម្ចាស់ប្រទេស និងការធ្វើដំណើរលើតំបន់ភ្នំ ដែលមានសម្ពាធខ្ពស់ ជាដើម។
អ្នកផ្សងព្រេងសប្បុរសធម៌វ័យ ៣៦ឆ្នាំរូបនេះ បាននិយាយថារូបភាព និងវីដេអូទាំងអស់ ពីបទពិសោធន៍នានា គឺបង្ហាញពីទឹកចិត្តរបស់លោក ចំពោះកុមារកម្ពុជា។ «ទេសភាព ក្នុងដំណើរផ្សងព្រេងរបស់ខ្ញុំ នឹងប្រាប់អ្នកទាំងអស់គ្រប់គ្នាពីទឹកចិត្តរបស់ខ្ញុំ ចំពោះកុមារកម្ពុជា។»។ លោក ទីវ តារារិទ្ធិ បាននិយាយដូច្នេះ។

រូបពី លោក ទីវ តារារិទ្ធិ
គិតពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ អ្នកជិះកង់រូបនេះ បានចំណាយពេលរយៈពេល ៧ខែ ហើយធ្វើដំណើរបានជិត ២ម៉ឺនគីឡូម៉ែត្រ និងកំពុងស្ថិតនៅទីក្រុង Bukhara ប្រទេសអ៊ូសបេគីស្ថាន ដែលស្ថិតនៅអាស៊ីកណ្ដាល។
អ្នកជិះកង់ផ្សង់ព្រេងរូបនេះ បានបញ្ជាក់លើគណនីហ្វេសប៊ុកថា លោក គ្រោងផ្សងគ្រោះថ្នាក់ ធ្វើដំណើរឆ្លងកាត់ប្រទេសអាហ្វហ្គានីស្ថាន បើទោះជាមន្ដ្រីធ្វើទិដ្ឋាការ(Visa) ព្រមានពីហានិភ័យសុវត្ថិភាពក៏ដោយ។ ប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងកើតមាន បញ្ហាសិទ្ធិមនុស្ស អស្ថិរភាពសេដ្ឋកិច្ច កង្វះស្បៀងអាហារ និងបញ្ហាអាកាសធាតុជាដើម។

រូបពីលោក ទីវ តារារិទ្ធិ
លោកទីវ តារារិទ្ធិ បានសរសេរជាភាសាអង់គ្លេស ហើយមានសេចក្ដីប្រែជាភាសាខ្មែរ ដូច្នេះ ថា៖ «បន្ទាប់ពីទទួលបានទិដ្ឋការចូលប្រទេសអាហ្វហ្គានីស្ថាន មន្ដ្រីមួយចំនួននៅស្ថានទូត បានព្រមានខ្ញុំថា វាមិនមានសុវត្ថិភាពទេ ចំពោះការធ្វើដំណើរទៅប្រទេសរបស់ពួកគេ នៅក្នុងពេលនេះ ហើយអាកាសធាតុ ក៏ត្រជាក់ខ្លាំងដែរ។ ខ្ញុំទទួលទិដ្ឋការហើយ អរគុណពួកគេ។ ជាទម្លាប់អាក្រក់ខ្ញុំ ខ្ញុំតែងតែទទួលនូវបេសកកម្ម ដ៏គ្រោះថ្នាក់។»។
គួរបញ្ជាក់ថា លោក ទីវ តារារិទ្ធិ គ្រោងធ្វើដំណើរលើចម្ងាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងឆ្លង កាត់២៥ប្រទេស ដោយចំណាយពេលប្រមាណ១ឆ្នាំ។ អ្នកផ្សងព្រេងរូបនេះ រំពឹងថា ក្នុងបេសកកម្មដ៏យូរនេះ ខ្លួនអាចអង្គាសថវិកាបានលើស ២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គ។
លោក តារារិទ្ធិ ធ្លាប់ជោគជ័យម្ដងរួចមកហើយ កាលពីពាក់កណ្ដាលឆ្នាំ២០២៣ តាមរយៈការជិះកង់ជុំវិញតំបន់អាស៊ាន ដោយឆ្លងកាត់ប្រទេសចំនួន៦ រួមមាន វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ។ ឆ្លងកាត់៦ប្រទេសនេះ លោក តារារិទ្ធិ រៃអង្គាសបានប្រាក់ ៥៦ ២៥៧ ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ៕

អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: