ACU ថារបាយការណ៍ TI មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង នៃស្ថានភាពពុករលួយនៅកម្ពុជាឡើយ
  • ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៦:៥៩ នាទី ល្ងាច
ACU ថារបាយការណ៍ TI មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង នៃស្ថានភាពពុករលួយនៅកម្ពុជាឡើយ
ស្ថិតិកម្រិតពុករលួយនៅតំបន់អាស៊ាន។ រូបពី អង្គការតម្លាភាពកម្ពុជា

ភ្នំពេញ៖ អង្គការតម្លាភាពអន្តរជាតិ(TI) រកឃើញថា ក្នុងចំណោម១៨០ប្រទេស កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១៥៨ ហើយបើគិតជាពិន្ទុបាន២១ លើពិន្ទុអតិបរមា១០០។ ពិន្ទុនេះ មានការថយចុះ ១ពិន្ទុ ធៀបនឹងឆ្នាំ២០២៣។ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ថា របាយការណ៍នេះ មិនមានមូលដ្ឋានច្បាស់លាស់។
TTN-Free-Banner-In-Article-PC

 
កាលពី ថ្ងៃទី១១ ខែកុម្ភៈ អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញសន្ទស្សន៍នៃការយល់ឃើញ​ពី​អំពើពុករលួយ(CPI) ប្រចាំឆ្នាំ២០២៤។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជា មាន​លេខរៀង​ទាប​ជាងគេបំផុតទី៤ (ពិន្ទុ២១) ដោយនាំមុខអាហ្វហ្កានីស្ថាន(ពិន្ទុ១៧) មីយ៉ាន់ម៉ា (ពិន្ទុ១៦) និង​កូរ៉េខាងជើង(ពិន្ទុ១៥)។ 
 
ជាមួយគ្នាដែរ ប្រទេសជិតខាងដូចជា ថៃ(ពិន្ទុ៣៤) វៀតណាម(ពិន្ទុ៤០) និង ឡាវ(៣៣) សុទ្ធ​តែបានពិន្ទុខ្ពស់ជាងកម្ពុជា។ ចំពោះលទ្ធផលនេះ TI បានចាត់ទុកជានិន្នាការ​ដ៏គួរឱ្យ​ព្រួយបារម្ភ ដោយសារតែកម្ពុជាទទួលបានពិន្ទុទាប ក្នុងចន្លោះពិន្ទុ២០នេះ អស់រយៈពេល​មួយទសវត្សរ៍មកហើយ។ 
 
TI សង្កត់ធ្ងន់បែបនេះ៖ «កម្ពុជាបន្តបោះជំហានយ៉ាងយឺត ក្នុងការប្រឆាំងនឹងអំពើពុក រលួយ ។ ការវិភាគលើប្រភពទិន្នន័យសំខាន់ៗចំនួន៧ ​សម្រាប់ប្រទេសកម្ពុជា​នៅក្នុងសន្ទស្សន៍​នេះ បង្ហាញឱ្យឃើញនូវចំណុចខ្សោយ ដែលបន្តមានក្នុងអភិបាលកិច្ច សុចរិតភាពស្ថាប័ន និងកិច្ចប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ»។ TI ឃើញពីការថយចុះផ្នែកផ្សេង ទៀតមានច្រើនលើសលុប ដែលជាភាពប្រសើរឡើង ប៉ុន្តែ​ទាមទារឱ្យមានការពង្រឹង​គណនេយ្យភាពនយោបាយ និងនីតិរដ្ឋ។ 
 
ទន្ទឹមនឹងនេះ TI វាយតម្លៃថា កម្សោយនៃយន្តការអនុវត្ត និងកង្វះនូវឆន្ទៈនយោបាយនៅតែបន្តជាឧបសគ្គយ៉ាងសំខាន់។ 

រីឯ អង្គការតម្លាភាពប្រចាំកម្ពុជាវិញ បានអំពាវនាវឱ្យរដ្ឋាភិបាល ខិតខំប្រឹងប្រែងកំណែទម្រង់ ក្នុងការលុបបំបាត់អំពើពុករលួយ តាមរយៈ ការផ្ដន្ទាទោសរាល់អំពើពុករលួយ, ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ, លើកម្ពស់តម្លាភាពនិងការត្រួតពិនិត្យសាធារណៈ រួមទាំងជំរុញឱ្យមានការប្រកួតប្រជែងសម្រាប់អាជីវកម្ម ដោយតម្លាភាពនិងយុត្តិធម៌។ 
 
ពាក់ព័ន្ធនឹងរបាយការណ៍ខាងលើ លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ ACU មិនបកស្រាយច្រើនឡើង ដោយចាត់ទុកថា មិនមានមូលដ្ឋាន និងមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ដែលកើតមាននៅកម្ពុជាឡើយ។ យ៉ាងណាក៏ដោយ លោក ច័ន្ទវិចិត្ត មានសុទិដ្ឋនិយមជាមួយកិច្ចការងាររបស់ TI និងចាត់ទុករបាយការណ៍ TI ជាព័ត៌មានមួយ សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។  
 
អ្នកនាំពាក្យរូបនេះ បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗបន្ថែម យ៉ាងដូច្នេះ៖ «ការខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា មិនអាស្រ័យលើ របាយការណ៍របស់អង្គការមួយនេះឡើយ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កំពុងបញ្ចេញសកម្មភាពរួម ដើម្បីឈានទៅកសាងសង្គមជាតិមួយ ដែលប្រកបដោយភាពស្អាតស្អំ ហើយក៏កំពុងទទួលបាន លទ្ធផលជាវិជ្ជមានផងដែរ»។ 
 
លោក លោក សយ ច័ន្ទវិចិត្ត ទទួលស្គាល់ថា កម្ពុជាមានកិច្ចជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាពុករលួយ។ លោក បង្ហាញពីវិធានការចាំបាច់និងមានប្រសិទ្ធភាព មានការងារអប់រំ ដែលផ្តោតលើការបញ្ច្រាបការយល់ដឹងអំពីច្បាប់ លិខិតបទដ្ឋាននានា និងផលវិបាកនៃអំពើពុករលួយ ដល់យុវជនជាសិស្សនិសិត្ស និងមន្រ្តីរាជការ។ ក្រៅពីនេះ គឺការបង្រ្កាបបទល្មើស និង ការតាមដានការអនុវត្តច្បាប់៕

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី