សមត្ថកិច្ច ដកហូតទឹកឃ្មុំសង្ស័យក្លែងបន្លំប្រភពដើមជិត ២០តោន ពីឈ្មួញវៀតណាម
- ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

រូបភាព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ភ្នំពេញ៖ ទឹកឃ្មុំសង្ស័យក្លែងបន្លំប្រភពដើមចំនួន១៣០ធុង ឬស្មើ១៩,៨៩០គីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដកហូតពីទីតាំងលក់ដូររបស់ជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែកុម្ភៈ។

ទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានបញ្ជាក់ថា ទឹកឃ្មុំទាំងអស់នេះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យសមត្ថកិច្ចដកហូតបណ្ដោះអាសន្នប៉ុណ្ណោះ ដោយរក្សាទុកនៅក្នុងទីតាំងដដែល រួចបិទផ្លុំបេរ ដើម្បីពិនិត្យបន្ត។ ចំណែក ម្ចាស់ទីតាំងដែលជាជនជាតិវៀតណាម និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ត្រូវបានគេយកទៅសាកសួរ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអំពាវនាវឱ្យពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីលើកកម្ពស់កេរ្ត៍ឈ្មោះរបស់កម្ពុជា ក៏ដូចជាផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគទុន។
ក្នុងករណី ទទួលបានព័ត៌មាន ឬសង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព អង្គភាពខាងលើលើកទឹកចិត្ត ឱ្យរាយការណ៍ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការទាន់ពេលវេលា៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: