រដ្ឋ បានសួយសារជាង២លានដុល្លារក្នុងមួយឆ្នាំ ពីវិស័យ«រ៉ែថ្ម»នៅខេត្តក្រចេះ
  • ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ​​ ម៉ោង ៥:៥២ នាទី ល្ងាច
រដ្ឋ បានសួយសារជាង២លានដុល្លារក្នុងមួយឆ្នាំ ពីវិស័យ«រ៉ែថ្ម»នៅខេត្តក្រចេះ
រូបតំណាង៖ សកម្មភាពកម្មករក្រុមហ៊ុន សំបូរ ម៉ាញនីង (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កំពុងអារថ្ម កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក​ Kong Metta

ជាង១ឆ្នាំចុងក្រោយនេះ វិស័យ«ថ្មអារ» មានភាពរីកចម្រើនខ្លាំង បន្ទាប់ពីប្រមុខរដ្ឋាភិបាល​បង្កើតគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាប្រឈមរបស់វិស័យនេះ។ ស្រុកស្នួល ខេត្តក្រចេះ ជាប្រភពនៃការធ្វើអាជីវកម្មរ៉ែថ្មអារធំជាងគេមួយនៅកម្ពុជា ដោយរដ្ឋាភិបាលទទួលបានចំណូលជាសួយសារពីតំបន់នេះ ប្រមាណ២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។
TTN-Free-Banner-In-Article-PC


បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦៨ កំពុងវិនិយោគលើអាជីវកម្មថ្មក្រានីត(ថ្មអារ) ចំនួន៩០ គម្រោងនៅទូទាំងប្រទេសកម្ពុជា។ ការវិនិយោគលើវិស័យថ្មអារនេះ គឺមានខេត្តចំនួន ១១ ក្នុងនោះ​មាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី ខេត្តកំពង់ស្ពឺ តាកែវ កំពត កំពង់ ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ជាខេត្តសំបូរទៅដោយប្រភេទម៉ាបបូ។

សម្រាប់ក្រចេះ គឺជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យធនធានធម្មជាតិថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ បើតាមក្រសួងរ៉ែ និងថាមពល ក្នុងខេត្តក្រចេះ មានក្រុមហ៊ុនចំនួន២៥ ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែ សម្រាប់អាជីវកម្មថ្មអារធម្មជាតិនេះ។ ក្នុងនោះ មាន១៤ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មថ្មអារ នៅក្នុងស្រុកស្នួល។ 

ឯកសារជំនួយស្មារតីនៃ​ទស្សនកិច្ចផ្សព្វផ្សាយវិស័យរ៉ែ នៅការដ្ឋានរ៉ែមាសអូរក្វាវ ខេត្តមណ្ឌលគិរី និងការដ្ឋានថ្មអារ ខេត្តក្រចេះ ដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១៤ ខែកុម្ភៈ បានបង្ហាញថា ស្រុកស្នួល ខេត្តក្រចេះ គឺសម្បូរទៅដោយរ៉ែថ្មប្រភេទអំបូរក្រានីត (សិលាម៉ាក់ម៉ា)។ ​ការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យនេះនៅខេត្តក្រចេះបានផ្តល់ចំណូលឱ្យរដ្ឋាភិបាលបានប្រមាណ២លានដុល្លារក្នុងមួយឆ្នាំ។​

« ការងាររ៉ែថ្មអារនៅស្រុកស្នួល ចូលរួមសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ការងារ សេវាពាក់ព័ន្ធ ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ (សួយសារ ប្រមាណ ២ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ»។ នេះជាការបញ្ជាក់របស់ក្រសួងរ៉ែ និងថាមពល។ 

បើតាម លោក សុខ គិរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ​ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៤ ​ខេត្តក្រចេះនាំចេញ «ថ្មអារ» ទៅទីផ្សារអន្តរជាតិ​បានចំនួន ៦៧ ៤០៤ម៉ែត្រគូប។ ការនាំចេញនេះ កម្ពុជាទទួលបានចំណូលជាសួយសារប្រមាណ៤លានដុល្លារអាម៉េរិកពីក្រុមហ៊ុនវិនិយោគ។

«ថ្មអារ» ដែលត្រូវបាននាំចេញពីខេត្តក្រចេះ ទៅទីផ្សារបរទសនោះ គឺមាន២ប្រភេទ ដោយក្នុងនោះ មានប្រភេទថ្ម ប្លុក និងប្រភេទថ្ម ស្លឹក។ លោក សុខ គិរីរតន៍ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ថា ៖ « ថ្មទាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប កាត់តាមវៀតណាម តាមច្រកព្រំដែនត្រពាំងស្រែ»។

អត្ថបទទាក់ទង
 
រយៈពេលជាង១ឆ្នាំចុងក្រោយនេះ វិស័យ«ថ្មអារ» គឺមានភាពរីកចម្រើនខ្លាំង បន្ទាប់ពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាប្រឈមរបស់វិស័យនេះ។ បើតាមប្រមុខរដ្ឋាភិបាល ការនាំចេញ«ថ្មអារ»របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាបច្ចុប្បន្ន មានកំណើនរហូតដល់៤ដង ដែលនេះលទ្ធផលជាទីមោទនៈក្នុងការប្រែក្លាយវិស័យមួយជិតដួលរលំឱ្យមានភាពរីកចម្រើនខ្លាំងមកវិញ។

« សន្ទុះនៃការរីកចម្រើនវិស័យថ្មអារ បានប្រែពីជិតរលំទៅជាកំណើនក្នុងមួយឆ្នាំនេះ កើនដល់៤ដង»។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេច បានបញ្ជាក់ថា ការរីកចម្រើននៃវិស័យថ្មអារ ក៏ធ្វើឱ្យរដ្ឋាភិបាលទទួលបានចំណូលពីសយសារ និងអាករកើនពីវិស័យនេះ ផងដែរ៕ 

អ្នកសរសេរអត្ថបទ

កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញ​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច កសិកម្ម និង​ផលិត​វីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អ៊ូ សុខមាន