រដ្ឋមន្រ្តីមហាផ្ទៃ៖ សម្អាតសំរាមមូលដ្ឋានឱ្យបានស្អាត កុំចាំទាល់តែថ្នាក់ដឹកនាំឆ្លងកាត់
- ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដោយកុំចាំទាល់តែថ្នាក់ដឹកនាំជិះឆ្លងកាត់តំបន់នោះ ទើបរៀបចំទុកដាក់ឱ្យមានរបៀបរៀបរយឡើយ។ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំទៅអភិបាលរាជធានី-ខេត្ត បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣កុម្ភៈ។

ក្នុងពិធីនេះ លោក ស សុខា បានជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត គ្រប់គ្រងសំរាមឱ្យបានល្អ ដើម្បីបង្កើនសោភ័ណភាព និងអនាម័យក្នុងមូលដ្ឋាន។«ខ្ញុំគិតថា យើងគួរតែពិនិត្យ និងពង្រីកម្ដងបន្តិចៗ លើការគ្រប់គ្រងសំរាមទន់ រឹង រាវរបស់យើងជាដើមនេះ ជាពិសេសតាមបណ្ដាភូមិស្រុក ព្រោះយើងខំជំរុញ ហើយរឿងអនាម័យទៀតសោត ខ្ញុំសូមឱ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ ហើយជាពិសេសខេត្តជាប់ផ្លូវជាតិ កុំចាំតែពេលថ្នាក់ដឹកនាំឆ្លងកាត់»។ នេះបើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះលោក ស សុខា ក៏បានស្នើឱ្យពលរដ្ឋ ចូលរួមគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវដែរ ព្រោះបញ្ហាសំរាមនេះ គឺជាបញ្ហារួម ដែលត្រូវដោះស្រាយរួមគ្នា។ «ពេលខ្លះយើងខ្មាស់គេដែរ ព្រោះយើងជាប្រទេសអច្ឆរិយមួយ ប៉ុន្តែងាកឆ្វេង ងាកស្ដាំ មានសំរាមពេញតាមដងផ្លូវ ឬមួយផ្លូវជាតិធំៗ នៅតាមទីប្រជុំជនធំៗនោះគឺពិបាក។ អ៊ីចឹង កិច្ចការងារនេះ ខ្ញុំសូមឱ្យមានការចូលរួមទាំងអស់គ្នា»។ នេះបើតាមលោកឧបនាយករដ្ឋមន្រ្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: