តំបន់ទំនាបកម្ពុជា អាចឡើងកម្ដៅដល់ ៣៤អង្សា
- ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១១:១៩ នាទី ព្រឹក

ភ្នំពេញ៖ តំបន់ទំនាបប្រទេសកម្ពុជា អាចឡើងកម្ដៅដល់ ៣៤អង្សា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកុម្ភៈ។ ស្ថានភាពនេះ បណ្ដាលមកពីរបបខ្យល់មូសុងឦសាន ជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងកម្ពុជា។

បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកុម្ភៈនេះ តំបន់ទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សា។ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និងតាកែវ អាចមានភ្លៀងធ្លាក់គ្រដណ្តប់ផ្ទៃដី ១០ភាគរយ។
ចំពោះ តំបន់ខ្ពង់រាបវិញ មានសីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សា។ ខេត្តកំពង់ស្ពឺ និងក្រចេះ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ។ ចំណែក តំបន់មាត់សមុទ មានសីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣អង្សា ក្នុងនោះ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ភ្លៀងធ្លាក់គ្របដណ្តប់ផ្ទៃដី១៥ភាគរយ។
ក្រសួងធនធានទឹក កាលពីថ្ងៃទី៦ ខែមករា បានជូនដំណឹងថា រដូវប្រាំងឆ្នាំ ២០២៥នេះ បានចេញដំណើរចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា។ យ៉ាងណាឆ្នាំនេះ អាកាសធាតុត្រជាក់ជាងឆ្នាំមុន ដ្បិតចាប់ខែកុម្ភៈដល់ដើមខែមីនា នៅទូទាំងប្រទេស អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សា និងមធ្យមអតិបរមា ៣៧អង្សា ធៀបឆ្នាំ២០២៤ ដែលកម្ដៅបានកើនដល់ ៤២អង្សា៕
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: