មន្រ្តីជាន់ខ្ពស់កសិកម្ម ព្រមានដកឆ្មាំ ដែលបើកដៃដល់ការនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត
- ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:៣៩ នាទី រសៀល

រូបភាពកាត់បញ្ចូលគ្នារវាង កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសត្វផ្សោត។ រូបភាព៖ ក្រសួងកសិកម្ម និង WWF
ភ្នំពេញ៖ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានដកឆ្មាំទន្លេណាដែលប្រព្រឹត្តល្មើស ឬបើកដៃដល់ការនេសាទខុសច្បាប់ នៅតំបន់អភិរក្សសត្វផ្សោត។ ទន្ទឹមការព្រមាននេះ មន្រ្តីជាន់ខ្ពស់ខាងលើ ណែនាំឱ្យឆ្មាំទន្លេ ពង្រីកកិច្ចសហការ ដើម្បីបង្ក្រាបបទល្មើស និងឈានទៅបញ្ឈប់រាល់ការប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ ដែលបង្កហានិភ័យខ្ពស់ដល់ផ្សោត។

ក្នុងកិច្ចប្រជុំ «កែសម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោត» ដែលធ្វើរៀបចំនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែកុម្ភៈ កញ្ញា អ៊ឹម រចនា បានលើកឡើងថា ការទទួលខុសត្រូវ និងភាពស្មោះត្រង់របស់មន្រ្តីឆ្មាំទន្លេ គឺជាកាតាលីករដ៏សំខាន់ ដើម្បីការពារអាយុជីវិតរបស់សត្វផ្សោត និងធានាបាននូវនិរន្ដរភាពធនធានជលផលក្នុងតំបន់។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានព្រមានដកឆ្មាំទន្លេណា ដែលប្រព្រឹត្តល្មើស ឬបើកដៃដល់ការនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោត។ យន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការលើកទឹកចិត្តដល់មន្រ្តីដទៃទៀត ដែលបំពេញការងារបានល្អ ដោយមិនខ្លាចហត់នឿយផងដែរ។

កញ្ញា អ៊ឹម រចនា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ប្រសិនបើ មានករណីមន្រ្តីឆ្មាំទន្លេណាប្រព្រឹត្តល្មើស រំលោភអំណាច ឬបើកដៃដល់ការនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត មន្ដ្រីជំនាញ និងថ្នាក់ដឹកនាំ ចាំបាច់ត្រូវកែសម្រួលសមាសភាពឆ្មាំខិលខូចទាំងនោះ មិនអនុញ្ញាតឱ្យបន្តការងារទៀតទេ»។
ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់ខាងលើ ណែនាំដល់ឆ្មាំទន្លេ រៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងពង្រីកកិច្ចសហការបន្ថែម ដើម្បីបង្ក្រាបបទល្មើស និងឈានទៅបញ្ឈប់រាល់ការប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ ដែលបង្កហានិភ័យខ្ពស់ដល់ផ្សោត។
ពីមួយទៅមួយឆ្នាំ ចំនួនផ្សោតទន្លេមេគង្គ កើនឡើងជាបន្តបន្ទាប់ ពោលនៅឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ ខណៈឆ្នាំ២០២៣ សត្វផ្សោត កើនដល់៩៩ក្បាល។ ចំណែកឆ្នាំ២០២៤ វត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជា មានចំនួន ១០៤ ក្បាល និងកើនដល់ ១០៧ក្បាល គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)។ ផ្សោតទន្លេមេគង្គ ក៏ជារតនសម្បត្តិជាតិមានជីវិត ហើយពលរដ្ឋកម្ពុជា មានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ
ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: